
យោងតាមសេចក្តីរាយការណ៌ថ្មីៗនេះ បានបង្ហើបអោយដឹងថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ Tri-Fold របស់ក្រុមហ៊ុន Samsung អាចនឹងបង្ហាញខ្លួននៅលើទីផ្សារនៅមុនដាច់ឆ្នាំមុននេះហើយ ដោយក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនេះ អាចនឹងហៅឈ្មោស្មាតហ្វូនថ្មីនេះថា Galaxy Z Tri-Fold ។ ស្របពេលជាមួយគ្នានេះដែរ មួយរយលនេះ ការបែកធ្លាយជាច្រើនថ្មីៗនេះ ក៏បានទម្លាយនូវមុខងារជាច្រើនរបស់ស្មាតហ្វូនថ្មីនេះផងដែរ។
នៅពេលនេះ មានការបែកធ្លាយនូវវីដេអូថ្មីមួយដែលបង្ហាញពីអំពីរបៀបបត់អេក្រង់របស់ស្មាតហ្វូន Galaxy Z Tri-Fold ថែមទៀតហើយ។ តាមវីដេអូ Animations ជាច្រើនដែលកាត់ចេញពី One UI 8.0 Builds គឺបានទម្លាយនូវព័ត៌មានមួយចំនួនអំពីស្មាតហ្វូនថ្មីនេះហើយ។ គួរបញ្ជាក់ថា នៅមុននេះមានការបែកធ្លាយជាច្រើនបានទម្លាយអំពីការឌីស្សាញរបស់ស្មាតហ្វូននេះដូចជា ក្នុងនោះមានដូចជា wireless charging ព្រមទាំងមុខងារល្អៗសម្រាប់ការងារ multi-tasking ទៀតផង។

បើមើលទៅលើការបែកធ្លាយចុងក្រោយបំផុតនេះ គឺបានទម្លាយអំពីវីដេអូ Animation ដែលបង្ហាញអំពីរបៀបបត់ចុះឡើងរបស់ ស្មាតហ្វូន Galaxy Z Tri-Fold ហើយសម្រាប់វីដេអូ Animation នេះ គឺមានការបង្ហាញអំពីសមត្ថភាពក្នុងការប្រើប្រាស់នូវកាមេរ៉ាខាងក្រោយគោលសម្រាប់ថតរូបភាព Selfie កម្រិតគុណភាពខ្ពស់ផងដែរ។ មើលទៅលើវីដេអូនេះ ប្រហែលជាមិនមានអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះទេដោយសារតែយើងបានឃើញការប្រើប្រាស់មុខងារនេះនៅលើស្មាតហ្វូន Galaxy Z Fold 7 និង Galaxy Z Flip 7 រួចមកហើយ។

ក្រុមហ៊ុន Samsung មិនទាន់បញ្ជាក់នូវព័ត៌មានលម្អិតអំពីស្មាតហ្វូននេះនៅឡើយទេ។ ពាក្យចចាមអារ៉ាមជាច្រើនទម្លាយថា ស្មាតហ្វូនថ្មីនេះ អាចនឹងបង្ហាញខ្លួននៅចុងខែនេះ ហើយការលក់មានចំនួនកំណត់នៅក្នុងខែតុលាខាងមុខនេះផងដែរ។ សម្រាប់ការប្រកាសស្មាតហ្វូននេះនៅក្នុងទីផ្សារសកលអាចនឹងធ្វើឡើងនៅឆ្នាំក្រោយនេះ៕
