ស្វែងរកពួកយើង:

បែកធ្លាយលក្ខណៈសម្បត្តិថ្មីនៅលើ Galaxy S26 Ultra ដែលបង្ហាញចេញរូបរាងស្មាតហ្វូននេះកាន់តែច្បាស់

ដោយ

Koun Jab Luffy

02 កុម្ភៈ 2026 08:01 ព្រឹក

អាន 2 នាទី

Article image
មកដល់ពេលនេះ គឺនៅសល់ពេលមិនដល់មួយខែទៀតនោះទេ គឺដល់ពេលព្រឹត្តិការណ៍ Samsung Galaxy Unpacked 2026 ហើយ។ តាមការបែកធ្លាយនៅពេលនេះ មានការទម្លាយចេញនូវលក្ខណៈសម្បត្តិរបស់ស្មាតហ្វូន Galaxy S26 Series នេះ ថែមទៀតហើយ ដោយមានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នេះ នឹងមានពណ៌ Cobalt Violet និងពណ៌ខ្មៅ។ ស្របពេលជាមួយគ្នានេះ ថ្មីៗនេះ AndroidHeadlines ក៏បានចែករំលែកនូវព័ត៌មានលម្អិតជាច្រើននៃលក្ខណៈសម្បត្តិរបស់ស្មាតហ្វុនថ្មីរបស់ក្រុមហ៊ុន Samsung ផងដែរ។
តាមការបញ្ជាក់ខាងលើនេះ បង្ហើបថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នេះ មានអេក្រង់ទំហំ  6.9 អ៊ីង Dynamic AMOLED គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ QHD+ resolution និងមានល្បឿន 1-120Hz refresh rate ។ អេក្រង់របស់ស្មាតហ្វូននេះ ក៏មានការប្រើប្រាស់នូវកញ្ចក់ Privacy Display ថ្មីដែលការពារអ្នកដទៃមិនអោយមើលពីជ្រុងចំហៀងនោះទេ។ បន្ថែមពីនេះ នៅលើអេក្រង់ស្មាតហ្វូននេះ ក៏នឹនមានរន្ធអេក្រង់មួយគ្រាប់សម្រាប់កាមេរ៉ាទំហំ  12MP selfie រួមជាមួយនិង S Pen ផងដែរ។
Article image
បើមើលទៅលើវិមាត្ររបស់ស្មាតហ្វូន Galaxy S26 Ultra នេះវិញ គឺនឹងមានវិមាត្រ 163.6 x 78.1 x 7.9mm ហើយនិងមានទម្ងន់ 214g។ ប្រៀបធៀបជាមួយនិងស្មាតហ្វូន Galaxy S25 Ultra គឺមានវិមាត្រ 162.8 x 77.6 x 8.2 mm និងទម្ងន់ 218g ។ ក្រុមហ៊ុន Samsung នឹងបំពាក់នូវបន្ទះឈីប Snapdragon 8 Elite Gen 5 របស់ក្រុមហ៊ុន Qualcomm។ ស្មាតហ្វូននេះអាចនឹងមានម៉េមូរីទំហំ 256GB ហើយអ្នកប្រើប្រាស់ក៏អាច upgrade ដល់ទៅទំហំ 1TB ផងដែរ។
Article image
បើមើលទៅលើផ្នែកខាងក្រោយរបស់ Galaxy S26 Ultra គឺមានការឌីស្សាញថ្មីទៅលើ Camera Island ផងដែរ។ Galaxy S26 Ultra នឹងមានមកជាមួយនឹងកាមេរ៉ាគោល 200MP (ISOCELL HP2) អមជាមួយនឹង  f/1.4 aperture ហើយក៏នឹងមានកាមេរ៉ា 50MP ultrawide module (Samsung JN3) ហើយនិងកាមេរ៉ា 50MP periscope telephoto (IMX854) រួមនិង 12MP telephoto (Samsung S5K3LD) ផងដែរ។
Article image
ប្រភពដដែលនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S26 Ultra នេះ នឹងមានថាមពលថ្មទំហំ 5,000mAh ខណៈពេលដែល ល្បឿននៃការសាកថ្មរបស់ស្មាតហ្វូននេះ នៅមិនទាន់បានទម្លាយនោះទេ។ បើតាមការទម្លាយមុននេះ បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងបង្កើនល្បឿនពី 45W ទៅ 60W ។ ក្រុមហ៊ុន Samsung ត្រូវគេរំពឹងថា នឹងបង្ហាញនូវស្មាតហ្វូន Galaxy S26 series នេះ នៅថ្ងៃទី 25 ខែកុម្ភៈខាងមុខនេះ ខណៈការលក់ Pre-Sale នឹងចាប់ផ្តើមពីថ្ងៃទី 5 ខែមីនា ហើយការលក់ជាផ្លូវការនៅថ្ងៃទី 11 ខែមីនាខាងមុខនេះ៕