
Xiaomi 15 Ultra ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Xiaomi ត្រូវបានគេរាយការណ៌ថា នឹងមានការបង្ហាញខ្លួននាពេលឆាប់ៗនេះ ដែលអាចនឹងមកដល់នៅក្នុងខែកុម្ភៈឆ្នាំក្រោយនេះ ដូចគ្នាទៅនឹងការប្រកាសចេញស្មាតហ្វូនជំនាន់មុនរបស់ម៉ូដែលនេះដែរ។ ខណៈដែលមានសេក្តីរាយការណ៌នេះ ក៏មានពាក្យចចាមអារ៉ាមមួយចំនួនទៀត បានចេញមកបញ្ជាក់ដែរថា ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏នឹងបង្ហាញខ្លួននៅក្នុងខែមករាខាងមុខនេះផងដែរ។ ទាក់ទងនឹងរឿងនេះ ពេលនេះ អ្នកទម្លាយ Digital Chat Station ក៏បានចែករំលែកនូវព័ត៌មានលម្អិតនៅលើ Weibo អំពីស្មាតហ្វូនប្រណិតរបស់ក្រុមហ៊ុន Xiaomi នេះដូចគ្នា។
Xiaomi 15 Ultra នឹងមានទំហំអេក្រង់ដូចគ្នាទៅនឹងស្មាតហ្វូន Xiaomi 14 Ultra ហើយក៏នឹងមានគែមកោងនៅលើជ្រុងទាំង 4 ដូចគ្នា។ ស្មាតហ្វូននេះ នឹងមានការប្រើប្រាស់នូវអេក្រង់ទំហំ 6.73-អ៊ីងគាំទ្រជាមួយនឹងល្បឿន 120Hz refresh rate ហើយនិងអាចបង្ហាញចេញបានទំហំ 1,440x3,200 resolution និយាយរួមទៅ ស្មាតហ្វូននេះ នឹងមានអេក្រង់បង្ហាញចេញនូវកម្រិតភាពច្បាស់ដូចមុនផងដែរ។ បើមើលទៅលើផ្នែកខាងក្រោយរបស់ស្មាតហ្វូន Xiaomi 15 Ultra នេះ គឺមានការបំពាក់នូវសិនស័រកាមេរ៉ាគោលទំហំ 1-អ៊ីងទ្រទ្រង់ជាមួយនឹងកម្រិត f/1.63 aperture ប៉ុន្តែនៅមិនមានការបញ្ជាក់អំពី variable aperture នោះទេ។

នៅលើស្មាតហ្វូន Xiaomi 15 Ultra នេះ ក៏មានការប្រើប្រាស់នូវកាមេរ៉ាទំហំ 50MP short-distance zoom telephoto និងមួយគ្រាប់ទៀតមានទំហំ 200MP ជាមួយនឹង 4.3x periscope telephoto ថែមទៀតផង។ ស្មាតហ្វូន Xiaomi 15 Ultra នឹងប្រើប្រាស់នូវ IP68 និង IP69 សម្រាប់ការពារទឹក និងធូលី រួមជាមួយនឹង Wireless Charging ផងដែរ។ ពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា ស្មាតហ្វូននេះ មានទំហំថាមពលថ្មស្ថិតនៅចន្លោះទំហំ 5,450mAh និង 5,800mAh ដែលហាក់ដូចជានៅតូចនៅឡើយសម្រាប់ស្មាតហ្វូននេះ៕
