
នៅពេលនេះ ក្រុមហ៊ុន Huawei ត្រូវបានគេមើលឃើញថា បាននឹងកំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនហើយ ដែលម៉ូដែលថ្មីនេះ គឺនឹងមាន 3 ស៊េរី ហើយស្មាតហ្វូនទាំងនេះ ក៏បានឆ្លងកាត់ការចុះបញ្ជីលើស្ថាប័នមួយចំនួនហើយ។ ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ គឺជាស្មាតហ្វូនស្ថិតនៅក្នុងត្រកូល P70 series។ ដូច្នេះប្រសិនបើផ្អែកលើឯកសារទាំងនេះ មានការរំពឹងថា នៅសល់ពេលមិនយូរទៀតទេ ស្មាតហ្វូនថ្មីនេះ នឹងបង្ហាញវត្តមានជាផ្លូវការហើយ។
គិតមកដល់ពេលនេះ គឺមានអ្នកលេងប្លុក និងអ្នលទម្លាយជាច្រើនបានបង្ហោះព័ត៌មានថ្មីៗរបស់ស្មាតហ្វូនជំនាន់ថ្មីនេះ។ ជាក់ស្តែងនៅពេកនេះ នៅលើបណ្តាញសង្គមចិន Weibo មានអ្នងលេងប្លុកមួយរូបបានចែកចាយនូវរូបភាពថ្មីមួយ ដែលបានបង្ហាញពីស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Huawei ទាំងបីនេះហើយ។ នៅលើរូបភាពនោះ បានបញ្ជាក់ថា ស្មាតហ្វូនទាំងនេះ គឺមានលេខម៉ូដែល ADY-AL10, HBN-AL80 និង HBP-AL00។ ប្រភពខាងលើនេះបានបន្តថា លេខម៉ូដែល ADY-AL10 អាចជាស្មាតហ្វូនម៉ូដែលស្តង់ដាររបស់ Huawei P70 និង លេខម៉ូដែល HBN-AL80 អាចស្មាតហ្វូន Huawei P70 Pro ហើយនិងលេខម៉ូដែល HBP-AL00 គឺអាចនឹងជាម៉ូដែល Huawei P70 Art។
ប្រភពដដែលនេះ បន្តថា សម្រាប់ស្មាតហ្វូនពីរម៉ូដែល ដែលមានការប្រើប្រាស់នូវលេខកូដ HBN និង HBP គឺនឹងមានការទ្រទ្រង់ជាមួយនិងប្រព័ន្ធផ្កាយរណប Beidou satellite-SMS និង Tiantong satellite សម្រាប់ជំនួយដល់អ្នកប្រើប្រាស់អាចហៅទូរស័ព្ទចេញបាន បើទោះបីជាមិនមានសេវាទូរស័ព្ទក៏ដោយ។ សម្រាប់ស្មាតហ្វូនជំនាន់ថ្មី ដែលមានលេខម៉ូដែឡ ADY-AL10 ក៏នឹងមានសមត្ថភាពអាចប្រើប្រាស់ប្រព័ន្ធផ្កាយរណប Beidou satellite ផងដែរ ប៉ុន្តែបានត្រឹមតែផ្ញើរសារតែប៉ុណ្ណោះ។
ទាក់ទងនឹងស្មាតហ្វូនជំនាន់ថ្មីទាំងបីនេះ អ្នលទម្លាយ @DigitalChatStation ក៏មានការចែកចាយព័ត៌មានថ្មីៗដែរថា នៅលើស្មាតហ្វូនជំនាន់ថ្មីទាំងបីនៃត្រកូល Huawei P70 series នេះ គឺនឹងមានការបំពាក់នូវប្រព័ន្ធកាមេរ៉ាថតរូបថ្មី ហើយក៏មានការពង្រឹងទៅលើបន្ទះឈីប Kirin 5G ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មីទាំងបីនេះ ក៏នឹងមានការពង្រឹងទៅលើសមត្ថភាពនៃការប្រើប្រាស់ប្រព័ន្ធផ្កាយរណប ជាមួយនិងការតម្លើងនូវមុខងារថ្មីៗជាច្រើនផងដែរ។
