
នៅពេលនេះ ក្រុមហ៊ុន Xiaomi បានចាប់ផ្តើមបោះជំហានក្នុងការធ្វើអោយមនុស្សជាច្រើនមានការភ្ញាក់ផ្អើល។ បើទោះបីជាថ្មីៗនេះ ក្រុមហ៊ុន Xiaomi ទើបតែប្រកាសជាផ្លូវការនូវស្មាតហ្វូន MIX Flip ក៏ដោយនោះក្រុមហ៊ុនបច្ចេកវិទ្យារបស់ចិនមួយនេះ បានចាប់ផ្តើមអភិវឌ្ឍទៅលើស្មាតហ្វូនជំនាន់ថ្មីដែលមានឈ្មោះហៅថា Xiaomi MIX Flip 2 ថែមទៀតហើយ។ សូមជំរាបថា ថ្មីៗនេះ ព័ត៌មានថ្មីរបស់ស្មាតហ្វូនអេក្រង់បានថ្មីនេះ ក៏មានបែកធ្លាយនៅលើ GSMA IMEI រួចហើយដូចគ្នា។
បើតាមក្រុមការងារ XiaomiTime ដែលទទួលបាននូវព័ត៌មានពីស្មាតហ្វូននេះ បានបង្ហាញនូវលេខម៉ូដែលចំនួន 2 ផ្សេងគ្នារបស់ស្មាតហ្វូន MIX Flip 2 នេះ ដែលមានន័យថា ស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី MIX Flip 2 នេះ អាចនឹងបង្ហាញខ្លួននៅក្នុងទីផ្សារសកលផងដែរ។ ក្រុមហ៊ុន Xiaomi ក៏ត្រៀមខ្លួនក្នុងការបង្ហាញនូវស្មាតហ្វូនថ្មីៗជាច្រើនទៀតផងដែរ។ ប្រភពខាងលើនេះបន្តថា ក្រៅពីនេះលេខម៉ូដែលនេះ ក៏មានលេខកូដ “zhuque” ផងដែរ ដែលនេះ អាចជាស្មាតហ្វូនដែលមិនមានប៊ូតុង។ នៅលើ IMEI នេះ បង្ហាញថា ស្មាតហ្វូនបត់បានថ្មីនេះ គឺមានលេខកូដ 2505APX7BC និង 2505APX7BG។

ស្មាតហ្វូនអេក្រង់បត់បាន Xiaomi MIX Flip 2 នេះ ដែលបង្ហាញខ្លួននៅលើបញ្ជី IMEI នេះ គឺមាន 2 ម៉ូដែលផ្សេងគ្នា។ សម្រាប់លេខកូដទីមួយ គឺចាប់ផ្តើមពីលេខ “2505” ដែលមានន័យថា ការបង្ហាញវត្តមានស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ នឹងប្រកាសចេញនៅខែឧសភា ឆ្នាំ 2025 នាពេលខាងមុខ។ នៅក្នុងនោះក៏មានការបញ្ជាក់ថា លេខម៉ូដែល “2505APX7BC” ដែលមានភ្ជាប់ដោយអក្សរ C ដែលមានលើលេខនេះ គឺសំដៅទៅលើប្រទេសចិន។ សម្រាប់ម៉ូដែលទី 2 មានលេខកូដ “2505APX7BG” ដែលភ្ជាប់ដោយអក្សរ G គឺសំដៅទៅលើទីផ្សារសកល (Global version)៕
