
នៅពេលនេះ ក្រុមហ៊ុន Huawei មានប៉ាតង់ថ្មីទៀតហើយ ដែលពិតជាគួរអោយចាប់អារម្មណ៍ខ្លាំងមែនទែន ដោយម្តងនេះ គឺមិនដូចមុនៗទេ ក្រុមហ៊ុននេះ បានងាកមកផ្តោតទៅលើការឌីស្សាញនូវស្មាតហ្វូនដែលមានអេក្រង់ 3 បត់ (tri-fold) វិញម្តង។ បើតាមការបញ្ជាក់នៅក្នុងប្រភពខាងលើនេះបានអោយដឹងថា បច្ចេកទេសនេះ គឺមានការពង្រឹងទៅលើបទពិសោធន៍នៃការទស្សនាកាន់តែអស្ចារ្យ ការផ្តល់នូវភាពងាយស្រួលក្នុងការប្រើប្រាស់ និងភាពធន់រឹងមាំនៅពេលដែលទស្សនា ការអានសៀវភៅ ឬការលេងហ្គេមថែមទៀតផង។
គួរបញ្ជាក់ថា កាលពីប៉ុន្មានខែមុននេះ ក្រុមហ៊ុនបច្ចេកវិទ្យាចិនមួយនេះ ក៏បានជូនដំណឹងអំពីអភិវឌ្ឍទៅលើស្មាតហ្វូនបត់ 3 (triple-foldable) ផងដែរ។ នៅពេលនោះ មានរបាយការណ៍ជាច្រើនបានទម្លាយថា ផលិតផលនេះ គឺក្រុមហ៊ុននេះ គ្រោងនឹងបង្ហាញខ្លួនណោក្នុងខែមិថុនាឆ្នាំនេះទៀតផង។ ដូច្នេះ ផ្អែកលើប៉ាតង់នេះ មានការព្យាករណ៌ថា ក្រុមហ៊ុនចិនមួយនេះនឹងមានការពង្រឹងទៅលើយន្តការរបស់ខ្លួនជាមួយនឹងស្មាតហ្វូន Huawei tri-fold នេះជាក់ជាមិនខាន។ នៅក្នុងប៉ាតង់ថ្មីនេះគឺមានការទម្លាយថា ក្រុមហ៊ុននេះ មានគោលដៅក្នុងការពង្រឹងទៅលើយុទ្ធសាស្រ្តនៃស្មាតហ្វូនបត់បានរបស់ខ្លួនកាន់តែអស្ចារ្យ។

គួរបញ្ជាក់ថា ប៉ាតង់របស់ក្រុមហ៊ុន Huawei នេះគឺប្រើប្រាស់នូវអេក្រង់បត់បានចំនួន 2 ដែលមានអេក្រង់ចំនួន 3 ដែលភ្ជាប់ទៅលើគន្លឹះភ្ជាប់អេក្រង់ Hinge ចំនួន 2 ។ ការប្រើប្រាស់នូវទម្រង់នៃការបត់បាន 3 នេះ គឺអាចធ្វើអោយវាមានភាពក្រាស់ជាងមុន និងធ្ងន់ជាងមុនផងដែរ។ ក្រុមហ៊ុន Huawei អាចនឹងក្លាយជាក្រុមហ៊ុនដំបូងបំផុតដែលបញ្ចេញនូវស្មាតហ្វូន 3 បត់នៅលើពិភពលោក។ យិងតាមការអភិវឌ្ឍចុងក្រោយទៅលើស្មាតហ្វូននេះ បានទម្លាយថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះ អាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំនេះ៕

