
បើតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះ បានបញ្ជាក់ថា ជាលើកទីមួយសម្រាប់ក្រុមហ៊ុន Apple ដែលមានគម្រោងក្នុងការផលិតទូរស័ព្ទ iPhone 16 Pro និង iPhone 16 Pro Max នៅក្នុងរោងចក្រស្ថិតក្នុងប្រទេសឥណ្ឌា បន្ទាប់ពីរោងចក្រក្នុងប្រទេសចិន។
ជាការពិតណាស់ក្រុមហ៊ុន Foxconn ដែលជារោងចក្រផលិតទូរស័ព្ទ iPhone ធំជាងគេបំផុតក្នុងពិភពលោកសម្រាប់ Apple បាននិយាយថាខ្លួនបានធ្វើការបង្រៀនបុគ្គលិករបស់ខ្លួនដែលកំពុងធ្វើការនៅរោងចក្រ Tamil Nadu Facility ក្នុងប្រទេសឥណ្ឌារួចរាល់ហើយ។ ហើយនៅពេលនេះក៏មានការទម្លាយចេញនូវគំរូស្ទីគ័របិតលើប្រអប់របស់ iPhone 16 Pro ដោយបានបញ្ជាក់ថា ផលិតក្នុងប្រទេសឥណ្ឌា ឬ “Made in India”។
ដោយរូបភាព Label Seal បិតលើប្រអប់របស់ iPhone 16 Pro នេះ ត្រូវបានចែកចាយដោយគណនី Weibo ក្នុងប្រទេសចិន។ ដោយនៅលើ Label Seals នោះបានសរសេរថា “Design by Apple in California. Assembled in India” ។ ទោះជាមានការទម្លាយដូច្នេះ ក៏ដោយ ក៏មិនទាន់មានការបញ្ជាក់ផ្លូវការណ៍ពីមន្ត្រីរបស់ក្រុមហ៊ុន Apple និង Foxconn នោះទេ។
មានការកត់សំគាល់ថា Apple ត្រូវបានគេរំពឹងថា នឹងមានការផលិតតែ iPhone 16 Pro និង 16 Pro Max ប៉ុណ្ណោះនៅក្នុងរោងចក្រថ្មីក្នុងប្រទេសឥណ្ឌា។ តាមសេចក្តីរាយការណ៍ តម្រូវការដំបូងសម្រាប់ iPhone ជំនាន់ថ្មីនឹងត្រូវបានបំពេញសម្រាប់ការនាំចេញ ប៉ុន្តែ ការផលិតក្នុងស្រុកនៅក្នុងប្រទេសឥណ្ឌា ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមភ្លាមៗបន្ទាប់ពីការចេញលក់ផ្លូវការណ៍។

សូមបញ្ជាក់ថា នេះមិនមែនជាការបណ្តាក់ទុនដំបូងរបស់ Apple ក្នុងការដំឡើង iPhone នៅប្រទេសឥណ្ឌាទេ ព្រោះថា ក្រុមហ៊ុនផលិត iPhone ដ៏មានឥទ្ធិពលក្នុងពិភពលោកមួយនេះ បានធ្វើកិច្ចការងារនេះតាំងពីឆ្នាំមុនមកម៉្លេះ នៅពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សដែលមានមូលដ្ឋាននៅរដ្ឋកាលីហ្វ័រញ៉ា បានចាប់ផ្តើមផលិតទូរស័ព្ទ iPhone 15 និង iPhone 15 Plus ជាលើកដំបូងនៅក្នុងប្រទេសឥណ្ឌា។
ហើយការសម្រេចផលិត iPhone ម៉ូដែល Pro ជំនាន់ថ្មីនៅប្រទេសឥណ្ឌា គឺដោយសារតែតម្រូវការ iPhone ចុងក្រោយបង្អស់មានតម្រូវការទាបនៅក្នុងទីផ្សារប្រទេសឥណ្ឌា ហើយបញ្ហាចម្បង គឺដោយសារតម្លៃខ្ពស់របស់វា។ ហើយចំពោះការដំឡើង iPhone 16 Pro និង Pro Max នៅក្នុងរោងចក្រប្រទេសឥណ្ឌាភាគច្រើន គឺដើម្បីបំពេញតម្រូវការក្នុងការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក មជ្ឈិមបូព៌ា និងអឺរ៉ុប។

សូមបញ្ជាក់ថា យោងតាមរបាយការណ៍ថ្មីចុងក្រោយ ក្រុមហ៊ុន Apple នឹងធ្វើការប្រកាសចេញផ្លូវការណ៍ទូរស័ព្ទ iPhone 16 Series ដែលមានដូចជា iPhone 16, iPhone 16 Pro, iPhone 16 Pro Max និង iPhone 16 Plus នៅថ្ងៃទី 10 ក្នុងខែកញ្ញា ខាងមុខនេះ៕
