
នៅពេលនេះ ហ្វេនៗរបស់ Samsung ដែលបានរំពឹងថា ក្រុមហ៊ុនបច្ចេកវិទ្យារបស់កូរ៉េខាងត្បូងមួយនេះ នឹងមានការពង្រឹងបន្ថែមទៅលើកាមេរ៉ារបស់ស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 នោះ គឺពិតជាខកចិត្តហើយ។ យោងតាមការទម្លាយចេញពីប្រភពជឿជាក់បាន Ice Universe នោះ បានចែកចាយនូវព័ត៌មានថា ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូនអេក្រង់បត់បាន Galaxy Z Fold 6 គឺនៅតែបន្តប្រើប្រាស់ដូចគ្នាជាមួយនិង Fold 5 និង Fold 4 ដដែល។
ជាមួយនិងការបែកធ្លាយនៅពេលនេះ គឺមានការបង្ហាញនូវកាមេរ៉ាទាំងអស់ ដោយបូករួមទាំងកាមេរ៉ាមុខថែមទៀតផង។ ស្មាតហ្វូនអេក្រង់បត់បាន Fold 6 នឹងមានការបំពាក់នូវកាមេរ៉ាគោលទំហំ 50MP ជាមួយនិងកម្រិត f/1.8 ដូចមុនដដែល ក្នុងនោះសម្រាប់កាមេរ៉ាទីពីរ គឺមានទំហំ 10MP telephoto ជាមួយនិង f/2.4 aperture ហ៊្សូមបាន 3x optical zoom និងគ្រាប់ទីបីមានទំហំ 12MP ultrawide គាំទ្រដោយ f/2.2 aperture និងអាចថតបានមុំ 123 FoV ។ សម្រាប់កាមេរ៉ាគោល និងកាមេរ៉ា telephoto គឺនឹងមានការទ្រទ្រង់ជាមួយនិងមុខងារ optical image stabilization (OIS) ដូចគ្នា។

គួរបញ្ជាក់ថា នារយៈពេលចុងក្រោយនេះ ក្រុមហ៊ុន Samsung ហាក់បីដូចជាមិនមានការអាប់ដែតខ្លាំងទាល់តែសោះសម្រាប់ស្មាតហ្វូនអេក្រង់បត់បាននេះ ខណៈដែលក្រុមហ៊ុនផលិតស្មាតហ្វូនរបស់ប្រទេសចិនវិញ គឺមានការអភិវឌ្ឍយ៉ាងខ្លាំងទៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មីរបស់ខ្លួន ក្នុងនោះមានដូចជា Vivo និង Oppo ជាដើម។

សម្រាប់វត្តមានរបស់ស្មាតហ្វូនអេក្រង់បត់បាន Vivo X Fold 3 Pro ថ្មីៗនេះ ត្រូវបានគេចាត់ទូកថា គឺជាស្មាតហ្វូនអេក្រង់បត់ដែលមានទម្ងន់ស្រាលជាងគេបំផុតក្នុងចំណោមស្មាតហ្វូនអេក្រង់បត់នៅលើពិភពលោក គឺត្រឹមតែ 236 grams ប៉ុណ្ណោះ ខណៈដែលថ្មគឺមានទំហំដល់ទៅ 5700mAh។ បន្ថែមពីនេះ ស្មាតហ្វូន X Fold 3 Pro ក៏មានការបំពាក់នូវប្រព័ន្ធកាមេរ៉ាដែលមានសមត្ថភាពខ្ពស់ជាងគេក្នុងចំណោមស្មាតហ្វូនអេក្រង់បត់នៅលើពិភពលោកដូចគ្នា។ អ្វីដែលគេឃើញថាមានការផ្លាស់ប្តូរនៅលើស្មាតហ្វូនអេក្រង់បត់បានរបស់ក្រុមហ៊ុន Samsung នៅពេលនេះ គឺមានតែទៅលើបន្ទះឈីប ហើយនិងគែមអេក្រង់តូចជាងមុន ហើយនិងមានទទឹងអេក្រង់ទំហំជាងមុនតែប៉ុណ្ណោះ។
