
Huawei HarmonyOS គឺជាប្រព័ន្ធប្រតិបត្តិការថ្មីរបស់ក្រុមហ៊ុន Huawei ដែលប្រើប្រាស់នៅលើស្មាតហ្វូនជាច្រើនលានគ្រឿងរបស់ក្រុមហ៊ុន Huawei ។ ក្រុមហ៊ុន Huawei នឹងធ្វើការអាប់ដេតនូវប្រព័ន្ធប្រតិបត្តិការនេះទៅលើស្មាតហ្វូនជាច្រើនលានគ្រឿងទៀតនាពេលខាងមុខនេះ ដូចនេះប្រព័ន្ធប្រតិបត្តិការ HarmonyOS នេះ គឺមានសន្ទុះខ្លាំងមែនទែន។
ថ្មីៗនេះ ក្រុមហ៊ុន Huawei ប្រកាសថា ការឌីស្សាញប្រព័ន្ធ HarmonyOS និងការភ្ជាប់អន្តរទំនាក់ទំនងនៅលើ HarmonyOS នេះបានឈ្នះពានរង្វាន់អន្តរជាតិចំនួន 2 នៅក្នុងពានរង្វាន់ 2021 RedDot Award ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ បានអោយដឹងថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS នេះគឺមានការប្រើប្រាស់យ៉ាងធំទូលាយខ្លាំងមែនទែន។ ប្រព័ន្ធនេះ គឺមានការឌីស្សាញថ្មទៅលើពណ៌ អក្សរ និង Icons ថ្មីសម្រាប់ពិភពឌីជីថលនេះ។ បន្ថែមពីនេះទៀតនោះ ប្រព័ន្ធប្រតិបត្តិការនេះក៏ផ្តល់នូវបទពិសោធន៍ងាយស្រួលក្នុងការប្រើប្រាស់ និងទាក់ទាញបំផុតផងដែរ។

ពានរង្វាន់ German Red Dot Design Award គឺជាពានរង្វាន់ឆ្នើមនៃការឌីស្សាញអន្តរជាតិមួយនៅក្នុងចំនោមពានរង្វាន់ធំៗចំនួន ៤ ។ វាត្រូវគេទទួលស្គាល់ថាជាពានរង្វាន់ “Oscar in the design world”។ ពានរង្វាន់នេះគឺបង្ហាញអំពីភាពច្នៃប្រឌិត និងការឌីស្សាញជាលក្ខណៈសកល។ គួរបញ្ជាក់ផងដែរថា ប្រព័ន្ធប្រតិបត្តិការ HarmonyOS 2 នេះទ្រទ្រង់នូវមុខងារ Multi-Camera Mode, ស្មាតហ្វូន ថេប្លេត នាឡិកា និងដ្រូនផងដែរ។ វាអាចធ្វើការទំនាក់ទំនងគ្នារវាងឧបករណ៍ទាំងនេះផងដែរ។ រហូតមកទល់ពេលនេះស្មាតហ្វូនច្រើនជាង90 ម៉ូឌែលបានទទួលនូវការអាប់ដេតនេះ។

នៅក្នុងចំនួននេះ 56 ម៉ូដែល គឺជាម៉ូដែលចាស់ៗរបស់ក្រុមហ៊ុន Huawei និង Honor។ តាមការបញ្ជាក់របស់ Huawei ឧបករណ៍ច្រើនជាង 300 លានគ្រឿង (200 លានគ្រឿងជារបស់ក្រុមហ៊ុន Huawei និង 100 លានគ្រឿងរបស់ភាគីទី 3 ) នឹងទទួលបាននូវការអាប់ដេតនៅក្នុងឆ្នាំនេះ៕
