
មួយរយៈចុងក្រោយនេះ មានការទម្លាយព័ត៌មានថ្មីៗជាច្រើនទាក់ទងជាមួយនិងការប្រើប្រាស់នូវបន្ទះឈីបដែលនឹងមាននៅលើស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Series ខណៈដែលការប្រកាសចេញជាផ្លូវការណ៌របស់ស្មាតហ្វូនថ្មីនេះ គឺនៅសល់ពេលជាច្រើនខែទៀតឯណោះ។ បើតាមកាលបរិច្ឆេតរបស់ក្រុមហ៊ុន Samsung ធ្វើជារៀងរាលឆ្នាំនោះ គឺប្រារព្ធឡើងនៅខែមករា។
កន្លងមកមានការលើកឡើងថា ស្មាតហ្វូនថ្មីនេះ នឹងបំពាក់នូវបន្ទះឈីប Exynos តែមួយប៉ុណ្ណោះ។ ថ្មីនេះមានការលើកឡើងថា ក្រុមហ៊ុនអាចនឹងប្រើប្រាស់ឈីប 2 ផ្សេងគ្នា ដោយ Exynos នឹងលក់នៅលើទីផ្សារមួយចំនួន ហើយបន្ទះឈីប Snapdragon គឺលក់នៅលើទីផ្សារសកល។
នៅថ្ងៃនេះ មានសេចក្តីរាយការណ៌ថ្មីមួយទៀតទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Series ថែមទៀតហើយ។ ព័ត៌មានខាងលើនេះ គឺមានប្រភពចេញពីប្រទេសកូរ៉េខាងត្បូងផ្ទាល់តែម្តង។ នៅក្នុងការព័ត៌មាននេះ គឺមានការបញ្ជាក់ថា ក្រុមហ៊ុន Samsung បានជ្រើសរើសបន្ទះឈីប Snapdragon របស់ Qualcomm ដូច្នេះបញ្ជាក់់ថា ស្មាតហ្វូនជំនាន់ថ្មីទាំងអស់រួមមានដូចជា Samsung Galaxy S25, Galaxy S25+ និង Galaxy S25 Ultra គឺនឹងបំពាក់នូវបន្ទះឈីប Qualcomm Snapdragon 8 Gen នៅលើទីផ្សារសកល។ ដំណឹងនេះ បានធ្វើអោយអ្នកប្រើប្រាស់កាន់តែមានការចាប់អារម្មណ៌កាន់តែខ្លាំងទៅលើ Galaxy S25 series។
សម្រាប់បន្ទះឈីប Exynos 2500 ត្រូវបានគេបញ្ជាក់ថា អាចនឹងមានការដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold7 និង Galaxy Z Flip7 ដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ បង្ហាញវត្តមាននៅពាក់កណ្តាលឆ្នាំ 2025។

ជាមួយនិងការប្រើប្រាស់នូវបន្ទះឈីបថ្មីដែលអភិវឌ្ឍដោយខ្លួនឯងនេះ គឺនឹងធ្វើអោយស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ កាន់តែមានការចាប់អារម្មណ៌ដូចគ្នា ពីព្រោះថា កន្លងមក ស្មាតហ្វូនអេក្រង់បត់បាននេះ ប្រើប្រាស់តែបន្ទះឈីប Snapdragon មួយតែប៉ុណ្ណោះ។ ការគេចចេញនេះ នឹងធ្វើអោយ Samsung ទទួលបាននូវអត្ថប្រយោជន៌កាន់តែច្រើន ជាពិសេស គឺអាចពង្រឹងទៅលើបន្ទះឈីប Exynos 2500 បានកាន់តែល្អ។
