
ថ្មីៗនេះ មានការទម្លាយព័ត៌មានច្រើនរួចមកហើយ ដែលនិយាយពីការបង្ហាញវត្តមានរបស់ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series របស់ក្រុមហ៊ុន Apple នៅខែកញ្ញាខាងមុខនេះ បើទោះបីជាកម្មវិធី Apple Intelligence suite ត្រូវបានគេបញ្ជាក់ថា មានការពន្យាពេលរហូតដល់ខែតុលាក៏ដោយ។ នៅមុនការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីនេះចូលមកដល់ នៅពេលនេះ ក្រុមហ៊ុន Samsung និង LG បានចាប់ផ្តើមសង្វាក់ផលិតកម្មទៅលើអេក្រង់របស់ស្មាតហ្វូនស៊េរីថ្មី iPhone 16 Series នេះហើយ។
យោងតាមប្រភពចេញពីប្រទេសកូរ៉េខាងត្បូង បាននិយាយថា ក្រុមហ៊ុន Apple បានធ្វើការបញ្ជាទិញទៅលើបន្ទះអេក្រង់ 80 លានបន្ទះពីក្រុមហ៊ុន Samsung និង 43 លានបន្ទះទៀតពីក្រុមហ៊ុន LG។ ជាមួយគ្នានេះដែរ ប្រភពខាងលើនេះ ក៏មានការបញ្ជាក់ទៀតថា នៅឆ្នាំនេះ ក្រុមហ៊ុន Apple នឹងមានការនាំចេញនូវស្មាតហ្វូន iPhone 16 Series ចំនួន 90 លានគ្រឿង។ ដូច្នេះផ្អែកលើទិន្នន័យនេះ ក្រុមហ៊ុនបានបញ្ជាទិញលើស 30% ហើយទៅលើសង្វាក់ផលិតកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូង ក៏មានការបញ្ជាក់ច្បាស់ហើយថា ក្រុមហ៊ុន Samsung និង LG គឺបានដំណើរការហើយ។ មានការរំពឹងថា ក្រុមហ៊ុនទាំងពីរ នឹងមានការបញ្ជាទិញបន្ថែមទៀតនៅពេលខាងមុខ។
ទាក់ទងទៅនឹងសង្វាក់ផលិតកម្មទៅលើអេក្រង់នៅក្នុងប្រទេសកូរ៉េខាងត្បូងនេះ មានការជឿជាក់ថា ស្មាតហ្វូនជំនាន់ថ្មី iPhone 16 Series នឹងក្លាយជាម៉ូដែលដំបូងរបស់ក្រុមហ៊ុននេះ ដែលដំណើរការជាមួយនិង Apple Intelligence ដោយបច្ចេកវិទ្យាថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការជុំរុញទឹកចិត្តអ្នកប្រើប្រាស់អោយមានការចាប់អារម្មណ៌កាន់តែខ្លាំងទៅលើម៉ូដែលថ្មីនេះ ហើយក៏នឹងធ្វើអោយមានតម្រូវការច្រើនជាងមុនទៀតផង។

សម្រាប់ការបញ្ជាទិញទៅលើបន្ទះអេក្រង់ iPhone 16 នៅឆ្នាំនេះ ក្រុមហ៊ុន LG ទទួលបាននូវអត្ថប្រយោជន៌កាន់តែច្រើនជាងមុនដល់ទៅ 10 លានគ្រឿង និងមានការចែកភាគរយពីក្រុមហ៊ុន Samsung ចំនួន 30% ហើយក៏មានការបញ្ជាក់ថា ឆ្នាំនេះ គឺជាលើកដំបូងហើយសម្រាប់ LG ដែលទទួលបាននូវការផលិតអេក្រង់នេះ ដោយមិនមានការពន្យាពេល។
