
គិតចាប់ពីថ្ងៃនេះ គឺមានរយៈពេលជាង 5 ខែទៀត ទើបដល់ពេលនៃការបង្ហាញវត្តមានរបស់ Galaxy S25 Seriesស្មាតហ្វូនថ្នាក់ប្រណិតជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung។ សម្រាប់ព័ត៌មានភាគច្រើនដែលគេទម្លាយចេញកន្លងមក គឺមានការផ្តោតទៅលើម៉ូដែលប្រណិត Galaxy S25 Ultra។ សម្រាប់ហ្វេនៗដែលមានក្តីស្រម៉ៃថា ស្មាតហ្វូនថ្មីនេះ មានការពង្រីកថាមពលថ្មនោះ គឺពិតជាខកចិត្តហើយ ដោយសារព័ត៌មានថ្មីនៅថ្ងៃនេះ គឺបានបញ្ជាក់ថា ថាមពលថ្មនៅលើម៉ូដែលនេះ នឹងមិនមានការអាប់ដែតរនោះទេ។
យោងតាមព័ត៌មានថ្មីចុងក្រោយដែលទម្លាយចេញពីស្ថាប័ន China Compulsory Certification (CCC) របស់ប្រទេសចិន តាមការចែកចាយដោយវិបសាយ 91Mobiles បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នឹងមានការប្រើប្រាស់នូវថាមពលទំហំត្រឹមតែ 4,885mAh ប៉ុណ្ណោះ ដែលទំហំនេះ គឺប៉ុនគ្នាជាមួយនិងថាមពលថ្ម ដែលមានការប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S24 Ultra នាពេលបច្ចុប្បន្ន។ ដូច្នេះផ្អែកតាមការលើកឡើងនេះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra គឺនឹងមានថ្មទំហំ 5,000mAh។ គួរបញ្ជាក់ថា កន្លងមក ធ្លាប់មានការបញ្ជាក់ម្តងរួចមកហើយថា ក្រុមហ៊ុន Samsung ក៏នឹងមានការពង្រីកល្បឿននៃបច្ចេកវិទ្យាសាកបញ្ចូលថាមពលថ្មសម្រាប់ស្មាតហ្វូនថ្នាក់ប្រណិតរបស់ខ្លួននោះទេ។

ដូច្នេះឆ្នាំក្រោយនេះ សម្រាប់ហ្វេនៗដែលចង់បានថាមពលថ្មធំ និងបច្ចេកវិទ្យាសាកល្បឿនលឿននៅលើស្មាតហ្វូនជំនាន់ថ្មីម៉ូដែលGalaxy S25 Ultra គឺពិតជាខកចិត្តហើយ។ ទាក់ទងនឹងរឿងថាមពលថ្មនេះ បើមើលទៅលើស្មាតហ្វូនថ្នាក់ប្រណិតៗរបស់ក្រុមហ៊ុនធំៗរបស់ចិន ដែលរួមមានដូចជា Honor, OnePlus, OPPO, Vivo និង Xiaomi នៅពេលនេះ គឺមានការពង្រីកថាមពលថ្មទំហំធំជាង 5,000mAh ហើយ ដោយម៉ូដែលមួយចំនួនមានទំហំធំជាងនេះ ហើយនៅឆ្នាំនេះ អាចនឹងមានការតម្លើងនូវទំហំដល់ទៅ 6,000mAh និង 7,500mAh ទៀតផង។

ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៌ថា នឹងមានការអាប់ដែតទៅលើ Galaxy S25 series ដោយមានការឌីស្សាញគែមជុំវិញមានមូលបន្តិច។ Galaxy S25 Ultra នឹងមានការអាប់ដែតកាមេរ៉ាគោលទំហំ 200MP និងមានកាមេរ៉ាទំហំ 50MP ពីរគ្រាប់ទៀត ដោយមួយជាប្រភេទ Telephoto cameras និងមួយគ្រាប់ទៀតជាប្រភេទUltrawide។ ស្មាតហ្វូន Galaxy S25 series ថ្មីនេះ នឹងមានការប្រើប្រាស់បន្ទះឈីប Exynos 2500 និង Snapdragon 8 Gen 4 ដោយផ្អែកលើទីផ្សារនិមយួយៗ ហើយឈីបទាំងពីរនេះ គឺដំណើរការនៅលើឈីបកម្រិត 3nm។
