នៅពេលនេះ ខណៈដែលក្រុមហ៊ុនផលិតស្មាតហ្វូនប្រភេទ Android បានឈានដល់ការប្រើប្រាស់នូវកាមេរ៉ាដែលមានទំហំ 200MP ស្ទើរតែគ្រប់ម៉ូដែលហើយនោះ ក្រុមហ៊ុន Apple ដែលជាគូរប្រជែងរបស់ក្រុមហ៊ុនទាំងនោះ នៅមិនទាន់អាចប្រើប្រាស់នៅលើ iPhone របស់ខ្លួនបាននៅឡើយទេ។ តែថ្ងៃនេះ យោងពាក្យចចាមអារ៉ាមថ្មី បាននិយាយថា អ្វីៗនឹងមានការផ្លាស់ប្តូរឆាប់ៗនេះហើយ។


យោងតាមការបង្ហោះនៅលើ Weibo ពីអ្នកទម្លាយ Digital Chat Station ដែលដកស្រង់ចេញពីប្រភពអ្នកផ្គត់ផ្ទង់សង្វាក់ផលិតកម្មបានបញ្ជាក់ថា Apple បាននឹងកំពុងធ្វើតេស្តកាមេរ៉ា 200MP សម្រាប់ iPhone ជំនាន់ថ្មីរបស់ខ្លួនហើយ។ អ្នកទម្លាយរូបនេះបានបន្តថា ក្រុមហ៊ុន Apple បានជ្រើសរើសសិនស័រ 1/1.12 អ៊ីង ដែលដូចគ្នាជាមួយនិងសិនស័រដែលទើបតែនឹងមានការដាក់អោយប្រើប្រាស់នៅលើ OPPO Find X9 Ultra អញ្ចឹងដែរ។ តែស្មាតហ្វូនរបស់ OPPO នេះ គឺមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP ដល់ទៅ 2 គ្រាប់។

ប្រភពខាងលើនេះ និយាយថា សិនស័រថ្មីនេះ គឺធ្វើតេស្តសម្រាប់កាមេរ៉ាគោល មិនមែនកាមេរ៉ា Telephoto នោះទេ។ អ្នលទម្លាយរូបនេះបានបន្ថែមថា សិនស័រកាមេរ៉ានេះ នឹងបង្ហាញវត្តមាននៅឆ្នាំក្រោយ ប៉ុន្តែមិនមែនមានន័យថា ក្រុមហ៊ុន Apple នឹងមានការប្រើប្រាស់នូវកាមេរ៉ាទំហំ 200MP នៅលើកាមេរ៉ាគោលនោះទេ។ ក្រឡេកទៅលើមើល vivo X300 Ultra ដែលជាស្មាតហ្វូនថ្មី ត្រៀមនឹងចេញឆាប់ៗនេះវិញ ត្រូវបានគេបញ្ជាក់ច្បាស់ហើយថា នឹងមានការប្រើប្រាស់កាមេរ៉ាទំហំ 200MP ចំនួន 2 គ្រាប់ ដោយកាមេរ៉ាគោលប្រើប្រាស់សិនស័រ 200MP Sony LYTIA-901 1/1.12 អ៊ីង និងមួយគ្រាប់ទៀត គឺប្រើប្រាស់កាមេរ៉ា 200MP ដែលជាសិនស័រ Samsung HP0 ជាឡែន periscope telephoto។
