ស្វែងរកពួកយើង:

ពាក្យចចាមអារ៉ាមថ្មី: MacBook Pro OLED ស៊េរីថ្មី គ្មានរន្ធ Notch នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026

ដោយ

Koun Jab Luffy

12 ធ្នូ 2024 02:14 រសៀល

អាន 2 នាទី

Article image
យោងតាមការបញ្ជាក់ថ្មីៗនេះ បានអោយដឹងថា ក្រុមហ៊ុន Apple មានគម្រោងផែនការធំៗជាច្រើនទៅលើការអភិវឌ្ឍអេក្រង់របស់ MacBook Pro របស់ខ្លួន ដែលគ្រោងនឹងមានការប្រកាសចេញនាពេលខាងមុខ។ បើមើលទៅលើការស្រាវជ្រាវមួយចេញពីក្រុមហ៊ុនស្រាវជ្រាវ Omdia បានទម្លាយថា ក្រុមហ៊ុន Apple មានគម្រោងក្នុងការផ្លាស់ប្តូរទៅលើអេក្រង់របស់កុំព្យូទ័រ MacBook Pro ហើយ ដោយប្តូរពីអេក្រង់ mini-LED ទៅអេក្រង់ OLED វិញនៅក្នុងឆ្នាំ 2026 ខាងមុខនេះ។
ថ្មីនេះមានការបញ្ចេញនូវព័ត៌មានថា ក្រុមហ៊ុន Apple មានគម្រោងបញ្ចេញនូវកុំព្យូទ័ MacBook Pro ជាមួយនឹងអេក្រង់ OLED នៅក្នុងឆ្នាំ 2026 និងឆ្នាំ 2027 ខាងមុខនេះ ជាមួយម៉ូដែលទំហំ 14-អ៊ីង និង 16-អ៊ីង។ ហើយក្រុមហ៊ុននេះ ក៏នឹងប្រើប្រាស់នូវបច្ចេកវិទ្យា Hybrid OLED Display Technology ដែលមានភាពស្រដៀងគ្នាទៅនឹងអ្វីដែលបានប្រើប្រាស់នៅលើ iPad Pro នៅក្នុងឆ្នាំនេះអញ្ចឹងដែរ។ អ្វីដែលគួរអោយកត់សម្គាល់នោះ នៅក្នុងផែនទីបង្ហាញផ្លូវនេះ បានបង្ហាញថា សម្រាប់ឆ្នាំ 2026 និង 2027 ខាងមុខនេះ សម្រាប់កុំព្យូទ័រ MacBook Pro គឺនឹងមានការផ្លាស់ប្តូរពី “rounded corner + notch cut” ទៅជា “rounded corner + hole cut” សម្រាប់ដាក់នូវ Webcam វិញ។
សូមជំរាបថា ក្រុមហ៊ុន Apple បានបំពាក់រន្ធនូវ Notch នៅលើអេក្រង់របស់ Macbook Pro ជាមួយនឹងការ upgrade ជាច្រើននៅក្នុងឆ្នាំ 2021 កន្លងទៅ ហើយសម្រាប់រន្ធ Notch នេះអនុញ្ញាតអោយក្រុមហ៊ុន Apple អាចពង្រីកអេក្រង់របស់ Macbook Pro នេះ ស្ទើរតែកៀកទៅនឹងគែមអេក្រង់ថែមទៀតផង។ ដូច្នេះប្រសិនបើរបាយការណ៍នេះ គឺជាការពិតនោះ ក្រុមហ៊ុន Apple គឺនឹងផ្លាស់ប្តូរពីការប្រើប្រាស់នូវ Notch ទៅជា Hole-Punch វិញ នៅពេលដែល MacBook Pro នេះធ្វើការផ្លាស់ប្តូរពី Mini-LED ទៅកាន់ OLED នៅក្នុងឆ្នាំ 2026 ឬ 2027 ។ ហើយម៉ូដែលថ្មីនេះ ក៏អាចនឹងមានការបង្កើនទៅលើទំហំអេក្រង់របស់កុំព្យូទ័រ MacBook Pro ផងដែរ។
Article image
បន្ថែមពីនេះ នៅក្នុងផែនទីបង្ហាញផ្លូវចេញពី Omdia ក៏បានបង្ហាញថា សម្រាប់ iPad mini ក៏អាចនឹងផ្លាស់ប្តូរទៅកាន់អេក្រង់ OLED ផងដែរនៅចុងឆ្នាំ 2026 ខាងមុខនេះផងដែរ ខណៈពេលដែល iPad Air នឹងផ្លាស់ប្តូរផងដែរនៅក្នុងឆ្នាំ 2027 ។ សម្រាប់ MacBook Air នឹងផ្លាស់ប្តូរទៅកាន់អេក្រង់ OLED នៅក្នុងឆ្នាំ 2028 ប៉ុន្តែ ក្រុមហ៊ុននេះ នឹងបន្តរក្សានូវការឌីស្សាញជាមួយនឹង Notch ដដែល។ ជាមួយគ្នានេះ ក៏មានរបាយការណ៍នេះបន្ថែមថា ក្រុមហ៊ុន Apple ក៏នឹងធ្វើការនៅលើស្មាតហ្វូនបត់បានដែលមានអេក្រង់ OLED Panel នៅក្នុងឆ្នាំ 2028 ឬក្រោយនេះផងដែរ៕
ពាក្យចចាមអារ៉ាមថ្មី: MacBook Pro OLED ស៊េរីថ្មី គ្មានរន្ធ Notch នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2026