ស្វែងរកពួកយើង:

ពិតជាមិនធម្មតា កាមេរ៉ាមុខ Xiaomi SU7 អាចប្រើសម្រាប់វីដេអូខលបាននៅពេលភ្ជាប់ជាមួយស្មាតហ្វូន Xiaomi

ដោយ

Koun Jab Luffy

24 ធ្នូ 2024 03:32 រសៀល

អាន 3 នាទី

Article image
កាលពីថ្ងៃទី 23 ម្សិលមិញនេះ រថយន្តអគ្គិសនី Xiaomi SU7 ទទួលបានការធ្វើបច្ចុប្បន្នភាពផ្នែក Software ថ្មីឡើងទៅកាន់ HyperOS1.4.5 តាមរយះមុខងារ OTA Update។ ជាមួយ Software កំនែប្រែថ្មីនេះ គឺមានភ្ជាប់មកជាមួយនូវមុខងារថ្មីៗចំនួន 13 និងបទពិសោធន៍ប្រើប្រាស់ថ្មីចំនួន 16 ផងដែរ ដោយក្នុងនោះរួមមាន លទ្ធភាពក្នុងការប្រើប្រាស់កាមេរ៉ាខាងមុខរបស់ SU7 សម្រាប់ Video Call នៅពេលធ្វើការភ្ជាប់ជាមួយស្មាតហ្វូន Xiaomi ជាមួយរថយន្តជាដើម។
សម្រាប់ស្មាតហ្វូនដែលអាចភ្ជាប់ទៅកាន់ SU7 បាន គឺតម្រូវឲ្យមានការធ្វើបច្ចុប្បន្នជាមួយប្រតិបត្តិការ HyperOS2 ឬក៏ HyperOS1 ដែលគាំទ្រមកជាមួយមុខងារតភ្ជាប់ HyperConnect 16.0.0 ឬ 15.3.2 ឡើង។ សម្រាប់ការភ្ជាប់ទំនាក់ទំនងរវាងរថយន្ត និងស្មាតហ្វូនត្រូវបានបន្ថែមមុខងារពិសេសមួយ គឺនៅពេលធ្វើការហៅទូរសព្ទតាមប្រព័ន្ធ VoIP ឬ Voice over Internet Protocol តាមរយៈ Bluetooth Call មីក្រូហ្វូននៅក្នុងរថយន្តត្រូវបានបិទនៅលើទំព័រហៅទូរសព្ទដើម្បីការពារភាពឯកជន និងសុវត្ថិភាព ក៏ដូចជាការចូលរហ័សដោយគ្រាន់តែចុចនៅលើប៊ូតុងសញ្ញាប៊្លូធូសដែលបានភ្ជាប់ដោយមិនចាំបាច់ស្កេនលេខកូដចូលឡើយ។
Article image
ហើយអ្វីដែលពិសេសជាងនេះ នៅពេលនៃការធ្វើបច្ចុប្បន្នភាពកម្មវិធីរថយន្តថ្មីនេះ ក៏មានភ្ជាប់នូវប្រព័ន្ធណែនាំនូវស្ថានីយសាកភ្លើងរបស់ Xiaomi ជាមួយដៃគូសហការដូចជា Nio, Li Auto និង Xpeng ថែមទៀតផង។ ដែលទិន្នន័យដែលអ្នកប្រើប្រាស់ទទួលបាន រួមមានដូចជា ស្ថានីយ៍ដែលមានការសាកភ្លើងច្រើន និងកន្លែងទំនេរ ថាមពលសាកភ្លើង តម្លៃ និងថ្លៃចតរថយន្តជាដើម។ អ្នកប្រើក៏អាចស្រង់ស្ថានីយសាកថ្មដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា កន្លែងចតរថយន្តដោយឥតគិតថ្លៃ សមត្ថភាពនៃថាមពលសាកភ្លើង និងស្ថានីយ៍ដែលមានកន្លែងទំនេរសម្រាប់ការសាកភ្លើងផងដែរ។
ទៅលើប្រព័ន្ធមុខងារជំនួយបើកបរក្នងទីក្រុង ឬប្រជុំជន City Navigation ក៏ទទួលបានការកែប្រែបន្ថែមថ្មីក្រោយពីការធ្វើបច្ចុប្បន្នភាពផងដែរ ដោយមានទាំងរួមទាំងការធ្វើឱ្យប្រសើរឡើងនូវកម្រិតល្បឿនបើកបរ ការចាប់គន្លងផ្លូវ និងអ្នកថ្មើរជើង ភាពរលូននៃការបង្កើនល្បឿន និងការបន្ថយល្បឿន ស្ថេរភាពនៃការចាប់ភ្លើងចរាចរណ៍ និងការយល់ដឹងទៅលើការសំគាល់គន្លងផ្លូវប្រសព្វជាដើម។
Article image
ការបង្កើនប្រសិទ្ធភាពផ្សេងទៀតត្រូវបានធ្វើឡើងផងដែរដូចជាការយល់ដឹងពីបរិស្ថានជុំវិញ ដូចជាការកំណត់តំបន់មានការសាងសងសំណង់ និងការក្រើនរំលឹកអ្នកបើកបរឱ្យយកចិត្តទុកដាក់លើសុវត្ថិភាព តាមរយៈសារជាអក្សរ និងសំឡេង ក៏ដូចជាការបន្ថែមមុខងារចតរថយន្តឆ្លាតវៃដោយការបញ្ជាពីចម្ងាយថ្មី និងការបិទភ្លើងសញ្ញាសុំប្តូរគន្លងឬបត់ដោយស្វ័យប្រវត្តិបន្ទាប់ពីរថយន្តបញ្ចប់ការប្តូរគន្លងផ្លូវថែមទៀតផង៕
ពិតជាមិនធម្មតា កាមេរ៉ាមុខ Xiaomi SU7 អាចប្រើសម្រាប់វីដេអូខលបាននៅពេលភ្ជាប់ជាមួយស្មាតហ្វូន Xiaomi