
បើតាមអ្នកវិភាគក្នុងឧស្សាហកម្មបានបង្ហើបថា Apple នឹងមានការប្រកាសចេញកុំព្យូទ័រ Macbook ដែលមានអេក្រង់បត់បាន ឬ Foldable Mackbook នៅក្នុងឆ្នាំ 2026។ បើតាមប្រភពព័ត៌មានកន្លងមកបាននិយាយថា Foldable Macbook អាចនឹងមានអេក្រង់បត់ទំហំ 18.8-inch ខណៈប្រភពខ្លះបាននិយាយថា អេក្រង់អាចនឹងកើនដល់ទំហំ 20.2-inch។ ដោយឡែកបើតាមលោក Ross Young ដែលជាអ្នកជំនាញខាងឧស្សាហកម្មបន្ទះអេក្រង់បាននិយាយថា Apple អាចនឹងសម្រេចប្រើអេក្រង់បត់ទំហំ 18.76-inch សម្រាប់ Foldable Macbook ដើម្បីកាត់បន្ថយតម្លៃ។
តាមរបាយការណ៍បាននិយាយថា អេក្រង់របស់ Foldable Macbook អាចនឹងមានទំហំពី 13-inch ទៅ 14-inch ដូចម៉ាស៊ីន Macbook ធម្មតានៅពេលបត់អេក្រង់។ យ៉ាងណាមិញសម្រាប់ការឌីស្សាញរបស់ Foldable Macbook មិនទាន់ត្រូវបានគេទម្លាយចេញនោះទេ គ្រាន់តែមានការរំពឹងថា Apple នឹងធ្វើការរចនានូវប្រព័ន្ធក្តារចុច Virtual keyboard ដើម្បីផ្តល់បទពិសោធន៍ថ្មីក្នុងការប្រើប្រាស់នៅលើក្តារចុចនៅលើអេក្រង់ដ៏រលោក។

Foldable Macbook នឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មីជំនាន់ទី 5 ស៊េរី M5 ដែលជាជំនាន់បន្តពី M4 ដែលត្រូវបានគេរំពឹងថានឹងបង្ហាញវត្តមានប្រើនៅលើ MacBook ជំនាន់ថ្មីដែលនឹងត្រូវចេញនៅចុងឆ្នាំ 2025។ បើតាមអ្នកជំនាញឧស្សាហកម្ម បាននិយាយថា Apple កំពុងពិចារណាទៅលើការចំនាយផលិតឧបករណ៍អេក្រង់បត់របស់ខ្លួន ដើម្បីកាត់បន្ថយតម្លៃលក់ឲ្យបានសមរម្យសម្រាប់អ្នកប្រើប្រាស់។ តាមការព្យាករណ៍តម្លៃសម្រាប់ការចំនាយថ្លៃដើមក្នុងការផលិតដូចជា តម្លៃទៅលើគន្លឹះត្រចៀកបត់ (Hings) និងអេក្រង់ជាដើម សរុបប្រមាណចន្លោះពី $800 ទៅ $900៕
