ស្វែងរកពួកយើង:

ព្រឹត្តិការណ៍នៃការសម្ពោធផលិតផលថ្មីរបស់ Huawei នឹងចាប់ផ្តើមនៅថ្ងៃទី 10 ខែកញ្ញា

ដោយ

Koun Jab Luffy

03 កញ្ញា 2024 09:56 ព្រឹក

អាន 2 នាទី

Article image
នៅទីបំផុត ក្រុមហ៊ុន Huawei កំណត់ជាផ្លូវការសម្រាប់ព្រឹត្តិការណ៍សម្ពោធផលិតផលថ្មីរបស់ខ្លួននៅថ្ងៃទី 10 ខែកញ្ញាខាងមុខនេះហើយ។ នៅក្នុងព្រឹត្តិការណ៍នេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សចិននេះ នឹងមានការបង្ហាញនូវផលិតផលជាច្រើន ក្នុងនោះក៏មានផលិតផលជាច្រើន ដែលបំពាក់នូវប្រព័ន្ធ HarmonyOS ថ្មី ដែលផ្តល់នូវបទពិសោធន៍ថ្មីកាន់តែអស្ចារ្យគ្មានគូប្រៀបថែមទៀតផង។ សម្រាប់ផលិតផលដែលមានចំណាប់អារម្មណ៌នៅក្នុងព្រឹត្តិការណ៍នេះ គឺវត្តមានរបស់ស្មាតហ្វូនបត់បាន 3 បត់។
ព្រឹត្តិការណ៍នៃការសម្ពោធផលិតផលថ្មីរបស់ Huawei នឹងចាប់ផ្តើមនៅថ្ងៃទី 10 ខែកញ្ញាខាងមុខនេះ ត្រូវបានគេមើលឃើញថា អាចនឹងមានការប៉ះទង្គិចគ្នាជាមួយនឹងក្រុមហ៊ុន Apple ផងដែរ ពីព្រោះថា មនុស្សជាច្រើនរង់ចាំនូវវត្តមានរបស់ស្មាតហ្វូនបត់បាន 3 បត់ដំបូងបំផុតរបស់ពិភពលោហើយនិងស្មាតហ្វូន iPhone 16 Series ពី Apple ដែលនឹងបង្ហាញវត្តមាននៅថ្ងៃទី 10 ខែកញ្ញានេះដូចគ្នា។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Huawei ទើបតែប្រកាសនូវព្រឹត្តិការណ៍នៃការសម្ពោធ Huawei Autumn នេះ នៅថ្ងៃទី 10 ខែកញ្ញានៅលើគណនី Weibo របស់ខ្លួន។
ក្រុមហ៊ុនបច្ចេកវិទ្យាយក្សនេះ ក៏បានសរសេរចំណងជើងថា “ស្នាដៃមិនធម្មតាតែងតែមានពន្លឺភ្លឺជានិច្ច! នៅថ្ងៃទី 10 ខែកញ្ញាវេលាម៉ោង 14:30 ក្រុមហ៊ុន Huawei នឹងរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យមិនធ្លាប់មាន និងផលិតផលជាច្រើនដែលបំពាក់នូវ HarmonyOS កុំភ្លេចរង់ចាំទស្សនា!” នៅក្នុងការឆ្លើយតបទៅនឹងការបង្ហោះនេះលោក Yu Chengdong អគ្គនាយករបស់ក្រុមហ៊ុន Huawei Consumer Business Group បាននិយាយថា ផលិតផលដែលមានបច្ចេកវិទ្យាច្នៃប្រឌិតបំផុត និងឈានមុខគេនឹងបង្ហាញខ្លួន។
“រយៈពេល 5 ឆ្នាំនៃការវិនិយោគ យើងបានប្រែក្លាយការប្រឌិតបែបវិទ្យាសាស្រ្តនេះអោយក្លាយជាការពិតហើយ! កុំភ្លេចរង់ចាំការប្រកាសបង្ហាញនូវផលិតផលថ្មីរបស់ក្រុមហ៊ុន Huawei!” គួរបញ្ជាក់ផងដែរថា ស្មាតហ្វូនបត់បាន 3 បត់របស់ក្រុមហ៊ុន Huawei អាចនឹងប្រជែងខ្លាំងជាមួយនឹងស្មាតហ្វូន Apple iPhone 16 Series ។
សូមជំរាបថា ក្រុមហ៊ុន Apple ក៏នឹងបង្ហាញចេញនូវស្មាតហ្វូនថ្មីរបស់ខ្លួននៅថ្ងៃទី 9 ខែកញ្ញានេះ គឺមួយថ្ងៃមុនព្រឹត្តិការណ៍របស់ក្រុមហ៊ុន Huawei។ ក្រៅពីស្មាតហ្វូនបត់បាន 3 បត់នេះ ក្រុមហ៊ុន Huawei អាចនឹងប្រកាសបង្ហាញនូវកាសស្តាប់ថ្មី និងរថយន្ត SUVs ថ្មីដូចជា Luxeed R7 រួមជាមួយនឹងរថយន្តឆ្លាតវៃ Q-M9 ថ្មីផងដែរ។ ផលិតផលថ្មីៗទាំងនេះ នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Autumn Launch Stage នេះនៅក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ៕