
Sony ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ជប៉ុន បានប្រកាសអំពីកាលបរិច្ឆេតនៃការសម្ពោធស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Xperia របស់ខ្លួន នឹងធ្វើឡើងនៅថ្ងៃទី 17 ខែឧសភាខាងមុខនេះហើយ ដោយនៅក្នុងព្រឹត្តិការណ៍នេះ ត្រូវបានគេរំពឹងថា ក្រុមហ៊ុននេះអាចនឹងមានការបង្ហាញវត្តមានរបស់ស្មាតហ្វូន Xperia 1 VI ដែលជាម៉ូដែល Flagship ផងដែរ។ ខាងក្រោមនេះ គឺជាព័ត៌មានលម្អិតមួយចំនួនអំពីស្មាតហ្វូននេះដែលបែកធ្លាយនៅលើអនឡាញ។
របាយការណ៍ថ្មីមួយ បាននិយាយថា ស្មាតហ្វូនថ្នាក់ប្រណិត Xperia 1 VI នេះ នឹងមានវិមាត្រ 161.9x74.5x8.4mm ហើយស្មាតហ្វូននេះ ក៏នឹងមានការបង្កើនទៅលើកម្រាស់ និងទទឹងផងដែរ បើប្រៀបធៀបជាមួយនឹងស្មាតហ្វូន Xperia 1 V ដោយ សារតែការផ្លាស់ប្តូរទៅលើកម្រិត aspect ratio របស់ស្មាតហ្វូនថ្មីនេះ។ ប្រភពខាងលើនេះ បន្ថែមថា ស្មាតហ្វូននេះ អាចនឹងមានការផ្លាស់ប្តូរពី 21:9 ratio ទៅកាន់ 19.5:9 aspect ratio។ ជាមួយគ្នានេះ ក៏មានពាក្យចចាមអារ៉ាមថា អេក្រង់ស្មាតហ្វូននេះ អាចនឹងមានកម្រិតភាពច្បាស់ 2K+ ឬ Quad HD+ និងកម្រិតភាពច្បាស់ 3200x1440 pixels ដែលមានភាពខុសប្លែកពីម៉ូដែលមុនៗដែលមានអេក្រង់ 4K Displays ។
ស្មាតហ្វូន Xperia 1 VI នេះ នឹងមានកាមេរ៉ា 3 គ្រាប់ ក្នុងនោះមានដូចជា សិនស័រទំហំ 48MP Exmor T រួមជាមួយនឹងឡែនUltrawide និងឡែន Telephoto ផងដែរ។ របាយការណ៍ថ្មីនេះបានបញ្ជាក់បន្ថែមទៀតថា ស្មាតហ្វូន Xperia 1 VI នេះនឹងមានកាមេរ៉ាទំហំ 48MP, f/1.9, 24 mm, 1/1.35 main អមជាមួយនឹងកាមេរ៉ាទំហាំ 12MP, f/2.2, 16 mm, 1/2.5 ultra-wide ហើយនិងមួយគ្រាប់ទៀតមានទំហំ 12MP, f/2.3, 85mm, f/2.8, 125mm, 1/3.5 telephoto។ ដូច្នេះផ្អែកលើព័ត៌មាននេះ មានន័យថា នៅលើស្មាតហ្វូននេះ មានតែកាមេរ៉ាគោលប៉ុណ្ណោះ ដែលនឹងមាន Exmor T sensor ។ យើងនឹងរង់ចាំដល់ថ្ងៃទី 17 ខែឧសភានេះដើម្បីដឹងអំពីលក្ខណៈសម្បត្តិផ្លូវការរបស់ស្មាតហ្វូននេះ៕

