ស្វែងរកពួកយើង:

ភីកអាប់ Toyota Hilux Travo ថ្មី បើកបរលើផ្លូវ Off-Road សមត្ថភាពពិតជាមិនធម្មតា!

ដោយ

Koun Jab Luffy

25 ធ្នូ 2025 12:06 ថ្ងៃត្រង់

អាន 2 នាទី

Article image
ដូចដែលបងប្អូនបានដឹងរួចមកហើយថា ភីកអាប់ Toyota Hilux Travo ស៊េរីឆ្នាំ 2026 ជំនាន់ថ្មី ទើបតែបានបង្ហាញខ្លួនជាផ្លូវការ ដោយមកលើកនេះ បានផ្លាស់ប្តូរ និងអាប់ដេតជាច្រើន ជាពិសេសគឺដំណើរការម៉ាស៊ីន និងផ្នែកខាងក្នុង តែម្តង។ ថ្មីៗនេះ ក្រុមហ៊ុន Toyota បានបញ្ចេញនូវវីដេអូឃ្លីប បង្ហាញឲ្យឃើញនូវការបើកបរតេស្តសមត្ថភាព នៅលើផ្លូវ Off-road របស់ Hilux Travo ដោយសម្ញែងនូវសមត្ថភាពមិនធម្មតារបស់វា។
គួរឲ្យដឹងដែរថា Toyota Hilux Travo ឆ្នាំ 2026 បំពាក់ម៉ាស៊ីនម៉ាស៊ូត ចំណុះ 2.8L Turbo ទំហំ 4 ស៊ីឡាំងដដែល ប៉ុន្តែក៏មានបន្ថែមជម្រើស Mild-Hybrid និង ម៉ាស៊ីនសាំង ចំណុះ 2.7L ផងដែរ។
Article image
អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះ គឺការបន្ថែមជម្រើសអគ្គិសនីសុទ្ធ ដោយប្រើម៉ូទ័រអគ្គិសនីចំនួន 2 ដែលអាចបង្កើតកម្លាំងបាន 193 HP ហើយប្រើកញ្ចប់អាគុយទំហំ 59.2 kWh ដែលអាចបើកបរបានចម្ងាយ 240 KM (WLTP) នៅពេលសាកភ្លើងពេញម្តង។ ភីកអាប់នេះនៅតែមានសមត្ថភាពអាចដឹក 1 តោន និងអូសសណ្តោង 3.5 តោនដដែល។ Toyota Hilux Travo ឆ្នាំ2026 បានប្រើប្រាស់គ្រោងឆ្អឹង IMV Ladder-frame ដែលទទួលបានការអាប់ដេត ពោលគឺមិនប្រើគ្រោងឆ្អឹង TNGA-F ដូចទៅនឹងប្រភេទ Tacoma និង Land Cruiser នោះទេ។ វានៅតែមានប្រវែងតួខ្លួន 5,32m និង​គម្លាតពីកង់មុខទៅកង់ក្រោយ 3,08m។
Article image
មកលើកនេះ Toyota Hilux Travo បានប្តូរមកប្រើចង្កូតអេឡិចត្រូនិចថ្មី និងកែកុនប្រព័ន្ធជើងក្រោម ផងដែរ។ អ្វីដែលជាចំណុចផ្លាស់ប្តូរធំបំផុតនោះ គឺកាប៊ីនខាងក្នុងរបស់វា ដោយបានរៀបចំឡើងវិញថ្មីទាំងស្រុង ហើយមានបំពាក់អេក្រង់កម្សាន្ត Touchscreen ទំហំ 12.3 អ៊ីញ និង កុងទ័រឌីជីថល ទំហំ 12.3 អ៊ីញ ផងដែរ។ សូមបញ្ជាក់ឲ្យដឹងដែរថា Toyota Hilux Travo ឆ្នាំ2026 បានចេញលក់ជាស្រេចហើយ នៅប្រទេសក្បែរខាងកម្ពុជា ជាមួយនឹងតម្លៃចាប់ពីខ្ទង់ $23,000 ដល់ $46,000៕
Article image
ភីកអាប់ Toyota Hilux Travo ថ្មី បើកបរលើផ្លូវ Off-Road សមត្ថភាពពិតជាមិនធម្មតា!