
សម្ព័ន្ធក្រុមហ៊ុន SAIC-GM-Wuling បានប្រកាសកាលពីពេលថ្មីៗនេះថា ការលក់រថយន្តអគ្គិសនីប្រភេទ hatchback ម៉ូដែល Wuling Bingo ឈានដល់ចំនួន 400,000 គ្រឿងហើយ គិតចាប់ពីថ្ងៃប្រកាសចេញដំបូងកាលពីអំឡុងខែមិនាឆ្នាំ 2023 មកទល់នឹងពេលនេះ។ Wuling Bingo មានជម្រើសពីម៉ូដែល គឺមានម៉ូដែល Wuling Bingo EV hatchback និង Wuling Bingo SUV ត្រូវបានគេស្គាល់ថាជាម៉ូដែល Wuling Bingo Plus។
ក្នុងខែវិច្ឆិកាកន្លងទៅការចែកចាយលក់ Wuling Bingo Series គឺមានចំនួន 26,808 គ្រឿង ខណៈការបញ្ជាទិញមានចំនួនដល់ទៅ 35,728 គ្រឿង ដែលធ្វើឲ្យរថយន្តម៉ូដែលនេះក្លាយជារថយន្តលក់ដាច់បំផុតចំណាត់ថ្នាក់លេខ 12 នៅក្នុងទីផ្សារប្រទេសចិនក្នុងខែវិច្ឆិកា។ Wuling Bingo EV hatchback ស៊េរីឆ្នាំ 2024 មានជម្រើសចំនួន 4-option ហើយមានតម្លៃចាប់ពីខ្ទង់ $7,800 ដល់ $11,600 នៅទីផ្សារប្រទេសចិន។ ម៉ូដែលនេះមានប្រវែងបណ្តោយ 3,950mm/ ទទឹង 1,708mm/ កម្ពស់ 1,580mm និងចន្លោះគម្លាតកង់មុខទៅកង់ក្រោយ 2,560mm ហើយនិងមានទំងន់ចាប់ពី 1,010kg ដល់ 1,185kg ទៅតាមជម្រើស Option។
Wuling Bingo EV ប្រើនូវម៉ូទ័រអគ្គិសនីស៊េរី permanent magnet synchronous motor មានជម្រើសកំលាំង 30kW/85Nm និង 50kW/125Nm ភ្ជាប់ជាមួយកញ្ចប់ថ្មប្រភេទ lithium iron phosphate battery pack ដែលមានជម្រើសទំហំ 17.3kWh/31.9kWh និង 37.9kWh ហើយការសាកភ្លើងមួយពេញម្តងអាចបើកបាន 203kg/333km និង 410km ទៅតាមទំហំកញ្ចប់ថ្មរៀងៗគ្នា។ ក្នុងនោះម៉ូដែលបំពាក់ម៉ូទ័រកំលាំង 30kW អាចជាន់ល្បឿនលឿនបំផុតដល់ 100km/h ខណៈម៉ូដែលប្រើម៉ូទ័រ 50kW អាចជាន់ល្បឿនដល់ 130km/h។ សម្រាប់ការសាកភ្លើងចូលវិញ គឺធ្វើបានលឿនរហ័សដោយសាកពី 30% ទៅ 80% ចាយពេលប្រមាណ 35 នាទី។

សម្រាប់ម៉ូដែល Wuling Bingo SUV មានកៅអីចំនួន 5 ដែលត្រូវបានក្រុមហ៊ុនប្រកាសចេញលក់កាលពីអំឡុងខែកញ្ញាឆ្នាំ 2024 ជាមួយតម្លៃចាប់ពីខ្ទង់ $10,400 ដល់ $13,100។ ម៉ូដែលនេះផលិតឡើងដោយប្រើប្រព័ន្ធគ្រោងឆ្អឹងប្រភេទ Tianyu Architecture-M platform ដែលថធ្វើឲ្យរថយន្តនេះមានប្រវែង 4,090mm/ ទទឹង 1,720mm/ កម្ពស់ 1,575mm គម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,610mm ហើយនិងមានទំងន់ចាប់ពី 1,190kg ដល់ 1,335kg។

Bingo SUV ប្រើប្រាស់ប្រព័ន្ធម៉ូទ័រអេឡិចត្រិចស៊េរី permanent magnet synchronous motor មានកំលាំង 75kW និងកំលាំងរមូល 180Nm ដែលអាចជាន់ល្បឿនលឿនបំផុតបានដល់ 140km/h។ Wuling Bingo SUV ប្រើប្រាស់កញ្ចប់ថ្មប្រភេទ lithium iron phosphate battery pack ដែលមានបីទំហំ គឺ 31.9 kWh/ 37.9 kWh និង 50.6 kWh ហើយការសាកភ្លើងពេញម្តងអាចបើកបានចំងាយផ្លូវ 330 km, 401 km, និង 510 km ទៅតាមកញ្ចប់ថ្មរៀងៗគ្នា។
