
ក្រុមហ៊ុន Motorola ត្រូវបានគេដឹងថា បានត្រៀមខ្លួនក្នុងការប្រកាសចេញស្មាតហ្វូនអេក្រង់បត់ថ្នាក់កំពូលជំនាន់ថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗនេះ។ ដោយស្មាតហ្វូនអេក្រង់ជំនាន់ថ្មីនេះ គឺជាម៉ូដែល Motorola Razr 50 Ultra សម្រាប់ចេញលក់នៅលើទីផ្សារសកល និងម៉ូដែល Razr+ 2024 សម្រាប់ទីផ្សារសហរដ្ឋអាមេរិក។
Motorola Razr 50 Ultra/Razr+ 2024 នឹងបំពាក់បច្ចេកវិទ្យាអេក្រង់បត់ប្រភេទ P-OLED ទំហំ 6.9-inch គាំទ្រកម្រិតបង្ហាញ 1080x2640px និងអេក្រង់ខាងក្រៅទំហំ 3.6-inch។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ ក៏នឹងបំពាក់បន្ទះឈីប Qualcomm Snapdragon 8s Gen 3 ជាមួយរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB ដល់ 512GB។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះក៏នឹងមានបំពាក់នូវប្រព័ន្ធកាមេរ៉ាក្រោយដែលមានទំហំ 50MP ចំនួនពីរគ្រាប់ដោយមួយជា Main Sensor និងមួយទៀតជា Telephoto Sensor កម្រិត Optical-zoom បាន 2x ក៏ដូចជាកាមេរ៉ាសែលហ្វីនៅលើអេក្រង់ខាងក្នុងទំហំ 32MP។


Motorola Razr 50 Ultra/Razr+ 2024 ក៏នឹងគាំទ្រប្រព័ន្ធបច្ចេកវិទ្យាការពារទឹកកម្រិត IPX8 រួមនឹងថ្មទំហំ 4,000mAh។ ស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មីនេះ នឹងដំណើរការដោយ Android 14 រួមនឹងប្រព័ន្ធសែនស័រស្កែនក្រយ៉ៅម្រាមដៃដោះសោរសុវត្ថិភាព។
Razr 50 Ultra/Razr+ 2024 នឹងមានជម្រើសបីពណ៌ គឺពណ៌ខៀវ Midnight Blue, បៃតង Spring Green, និង ផ្កាឈូក Hot Pink។ Motorola Razr+ 2024 នឹងមានតម្លៃខ្ទង់ $999 នៅទីផ្សារសហរដ្ឋអាមេរិក ដូចតម្លៃរបស់ជំនាន់មុនដដែល ប៉ុន្តែ ទទួលបានរ៉េមទំហំជាងដល់ 4GB និងទំហំម៉េមរីដូចគ្នា។ តាមប្រភពព័ត៌មាន ក៏បានបង្ហើបតាមតម្លៃរបស់ Razr 50 Ultra ក៏អាចនឹងរក្សាតម្លៃដូចគ្នានឹង Razr 40 Ultra នៅទីផ្សារអឺរ៉ុបផងដែរ៕
