
Huawei Mate 90 Series នឹងបង្ហាញខ្លួននៅខែកញ្ញាខាងមុខនេះហើយ
ក្រោយបង្ហាញពីភាពរឹងមាំកាន់តែខ្លាំងនៅលើវិស័យស្មាតហ្វូនថ្នាក់ប្រណិតនៅលើទីផ្សារប្រទេសចិន រួចមក នៅពេលនេះ Huawei បានបន្តធ្វើការងារយ៉ាងយកចិត្តទុកដាក់ទៅលើស្មាតហ្វូនថ្នាក់ប្រណិតកាន់តែខ្លាំងថែមទៀត ដើម្បីប្រជែងជាមួយនិងដៃគូរជាច្រើនអោយកាន់តែខ្លាំងនៅលើទីផ្សារស្មាតហ្វូន។ យោងតាមប្រភពជឿជាក់បានដែលមាន @RuryRen បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Huawei Mate 90 series គឺបាននឹងកំពុងតែស្ថិតនៅលើដំណើរការសម្រាប់ការប្រកាសចេញនៅលើទីផ្សារនាខែកញ្ញាខាងមុខនេះហើយ។
តាមរយៈព័ត៌មានថ្មីនេះ មានការកត់សម្គាល់ថា ពេលវេលានៃការប្រកាសនេះ គឺលឿនជាងជំនាន់មុន ដែលតែងតែបង្ហាញចេញនៅខែវិច្ឆិកា ហើយក្រុមហ៊ុនក៏ហាក់ដូចជាមានភាពរឹងមាំ និងជឿជាក់កាន់តែខ្លាំងនៅក្នុងការបញ្ចេញនូវស្មាតហ្វូនដែលមានសមត្ថភាពខ្ពស់ជាងគេមួយនេះ។ មួយវិញទៀតការដែលសម្រេចយកខែកញ្ញាសម្រាប់ការមកដល់នៃម៉ូដែលប្រណិតមួយនេះ គឺស្របពេលជាមួយនិងក្រុមហ៊ុន Apple ប្រកាសចេញ iPhone 18 Pro Series ផងដែរ។ ដូច្នេះ Huawei Mate 90 Series គឺនឹងក្លាយជាគូរប្រជែងជាមួយនិង iPhones ជំនាន់ថ្មីនេះហើយ។

គួរបញ្ជាក់ថា ភាពជោគជ័យទៅលើស្មាតហ្វូនប្រណិតៗរបស់ Huawei នាពេលនេះ គឺបានមកពីការលក់ដ៏ល្អរបស់ស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួន Pura 90 series ដែលបានប្រកាសចេញនៅលើទីផ្សារកាលពីដើមឆ្នាំ 2026 កន្លងទៅ។ សម្រាប់ Pura 90 Pro និង Pro Max គឺបានបង្ហាញខ្លួនជាផ្លូវការណ៌ កាលពីខែមេសាកន្លងទៅ ដែលនេះ គឺជាស្មាតហ្វូនដំបូងគេ ដែលមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9030S។ ទៅលើម៉ូដែលស្តង់ដារ Pura 90 គឺមានការប្រើឈីប Kirin 9010S។ វត្តមានរបស់ស្មាតហ្វូនថ្មីៗទាំងនេះ គឺបញ្ជាក់កាន់តែច្បាស់ថា Huawei គឺមានការប្រើឈីបផ្ទាល់ខ្លួន ដែលមានការអាប់ដែតកាន់តែខ្លាំងពីមួយជំនាន់ទៅមួយជំនាន់។
