
យោងតាមការចេញផ្សាយថ្មីមួយពី gizmochina បានបង្ហាញថា realme នឹងមានការប្រកាចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល GT 7 សម្រាប់ទីផ្សារសកលនាថ្ងៃទី 27 ខែឧសភាខាងមុខនេះហើយ ដោយពិធីនេះ នឹងប្រារព្ធធ្វើឡើងនៅទីក្រុងប៉ារីសប្រទេសបារាំង។ ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូន GT 7 ក៏នឹងមានវត្តមាននៅលើទីផ្សារប្រទេសឥណ្ឌានៅថ្ងៃដដែលនោះដែរប៉ុន្តែក្រុមហ៊ុនបានប្តូរឈ្មោះមកជា realme GT 7T វិញ។
យោងតាមព័ត៌មានខាងលើនេះ បានបន្ថែមថា នៅថ្ងៃទី 27 ខែឧសភាខាងមុខនេះ ក្រុមហ៊ុននេះ ក៏នឹងមានការប្រកាសចេញនូវស្មាតហ្វូនម៉ូដែលពិសេសផ្សេងទៀតផងដែរនោះគឺ Realme GT 7 Dream Edition។ បើមើលទៅលើការផុសលើបណ្តាញ X របស់ក្រុមហ៊ុន realme ប្រចាំនៅប្រទេសឥណ្ឌា គឺមានការបង្ហាញនូវរូបភាពឡានប្រណាំង F1 ហើយក៏មិនមានការបញ្ជាក់ថា ជាអ្វីនោះទេ។ ក្រុមហ៊ុននេះ ក៏មិនមានការបញ្ជាក់ថា នេះគឺសញ្ញារបស់ស្មាតហ្វូន Realme GT 7 Dream Edition នោះដែរ ប៉ុន្តែមានការទម្លាយថា នៅថ្ងៃទី 20ខែឧសភានេះ ក្រុមហ៊ុននេះ នឹងមានអ្វីថ្មីៗសម្រាប់ហ្វេន។

សូមជំរាបថា នៅលើបណ្តាញ X របស់ក្រុមហ៊ុន realme global ក៏មានការបង្ហោះពី GT 7 Dream Edition នេះដែរ។ តាមការបញ្ជាក់ពីក្រុមហ៊ុនបានអោយដឹងថា GT 7 ដែលនឹងលក់ទីផ្សារសកល គឺនឹងមានការដាក់អោយដំណើរការនៅលើបន្ទះឈីប Dimensity 9400e SoC, ថាមពលថ្ម 7,000 mAh គាំទ្រកម្លាំងសាក 120W charging មិនដូចគ្នាទៅនឹងស្មាតហ្វូន GT7 ដែលលក់នៅលើទីផ្សារប្រទេសចិននោះទេ។ ស្មាតហ្វូននៅប្រទេសចិន ប្រើឈីប Dimensity 9400+ ថាមពលថ្មទំហំ 7,200mAh និងមានកម្លាំងសាក 100W charging។

សារព័ត៌មាន gizmochina បានបន្ថែមថា ក្រៅពីការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី GT 7, GT 7T និង GT 7 Dream Edition ក្រុមហ៊ុន realme ក៏នឹងមានការបង្ហាញចេញនូវកាស Buds Air7 Pro TWS នៅថ្ងៃទី 27 ខែឧសភានេដែរ។.
