
កាលពីម្សិលមិញនេះ មានការទម្លាយចេញនូវរូបភាពមួយនៅលើ Weibo ដែលនៅលើខ្លឹមសារនៃរូបភាពខាងលើ គឺមានបង្ហាញនូវផ្ទៃខាងមុខរបស់ស្មាតហ្វូន iPhone 14 ទាំង 4 ម៉ូដែល ។ រូបភាពនេះ គឺត្រូវបានគេដឹងថា គឺធ្លាយចេញពីខ្សែសង្វាក់ផ្គត់ផ្គង់ខាងក្នុងរបស់ក្រុមហ៊ុន Apple។ រូបភាពនេះបានបង្ហាញថា ក្នុងចំណោមអេក្រង់ខាងលើនេះ គឺមិនមានស្មាតហ្វូន iPhone mini នៅក្នុងឆ្នាំនេះទេដោយសារតែស្មាតហ្វូននេះលក់មិនសូវបានល្អកាលពីឆ្នាំមុននេះ។
ឆ្នាំនេះលឺថា ក្រុមហ៊ុន Apple នឹងបង្ហាញនូវស្មាតហ្វូនអេក្រង់ 6.1 អ៊ីង ចំនួន 2 ម៉ូដែល និង 6.7 អ៊ីងចំនួន 2 ម៉ូដែល។ សម្រាប់វត្តមាន iPhone 2022 នេះ គឺមានដូចជា iPhone 14 (6.1 អ៊ីង), iPhone 14 Max (6.7 អ៊ីង), iPhone 14 Pro (6.1 អ៊ីង) និង iPhone 14 Pro Max (6.7 អ៊ីង) ហើយសម្រាប់ Pro version នឹងមានរន្ធ Notch ដែលមានទម្រង់ជា "i-shaped"។ បន្ថែមពីនេះ ក៏មានរឿងចម្រូងចម្រាស់ពាក់ព័ន្ធទៅនឹងការប្រើប្រាស់បន្ទះឈីបនៅលើស្មាតហ្វូន iPhone 14 series ផងដែរ។
បើតាមព័ត៌មានកន្លងមក បាននិយាយថា iPhone 14 Pro version នឹងប្រើប្រាស់នូវបន្ទះឈីប A16 Bionic 4nm ខណៈដែល iPhone 14 និង iPhone 14 Max នឹងមានបន្ទះឈីប A15 Bionic 5nm។ ក្រុមហ៊ុន Apple អាចនឹងកាត់តម្លៃសម្រាប់ iPhone 14 និង iPhone 14 Max ដោយសារតែស្មាតហ្វូននេះ ប្រើប្រាស់នូវបន្ទះឈីបកាលពីឆ្នាំមុននេះ។

មានការបញ្ជាក់ថា ស្មាតហ្វូន iPhone 14 Max 6.7-អ៊ីង នៅក្នុងឆ្នាំនេះ អាចនឹងមានតម្លៃថោកជាងមុន $200។ បើមើលទៅលើស្មាតហ្វូន iPhone 13 Pro Max មានតម្លៃចាប់ផ្តើមពី $1,099។ ខាងក្រោមនេះ គឺជាតម្លៃរបស់ស្មាតហ្វូន iPhone 14 series: $799 សម្រាប់ iPhone 14, $999 សម្រាប់ iPhone 14 Max, $1,099 សម្រាប់ iPhone 14 Pro និង $1,199 សម្រាប់ iPhone 14 Pro Max ៕
