ស្វែងរកពួកយើង:

មិនគួរអោយជឿ! តម្លៃប្តូរអេក្រង់ខាងក្នុង Galaxy Z Tri-Fold ស្ទើរតែស្មើនឹងតម្លៃ Galaxy S25 Ultra ថ្មី 1 គ្រឿង!

ដោយ

Koun Jab Luffy

15 ធ្នូ 2025 03:28 រសៀល

អាន 2 នាទី

Article image
នៅពេលនេះ ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ដំបូងបំផុតរបស់ក្រុមហ៊ុន Samsung បានក្លាយជាប្រធានបទនៃសារព័ត៌មានធំៗជាច្រើនហើយ ដោយភាគច្រើន គឺបណ្តាញផ្សព្វផ្សាយខាងលើនេះ មានការផ្តោតទៅលើការឌីស្សាញដ៏អស្ចារ្យរបស់ស្មាតហ្វូននេះ។យោងតាមព័ត៌មានថ្មីពេលនេះ បានបង្ហើបពីព័ត៌មានលម្អិតនៃតម្លៃការជួសជុលទៅលើសអេក្រង់របស់ស្មាតហ្វូន  Galaxy Z Tri-Fold គឺមានតម្លៃជិតស្មើទៅនឹងស្មាតហ្វូន Galaxy S25 Ultra ថ្មីតែម្តង។
សូមជំរាបថា ស្មាតហ្វូនអេក្រង់បត់បាន 3 តង់ថ្មី Galaxy Z Tri-Fold នេះ បានបង្ហាញខ្លួនកាលពីខែមុននេះ ដែលត្រូវបានគេមើលឃើញថា គឺជាស្មាតហ្វូនបត់បានដ៏រឹងមាំបំផុតរបស់ក្រុមហ៊ុន Samsung ហើយមើលទៅលើលក្ខណៈពិសេសរបស់ស្មាតហ្វូនថ្មីនេះ គឺអាចបត់បាន 3 តង់ ដែលលាតអេក្រង់ពេញមើលទៅដូចជាថេប្លេតអញ្ចឹង។ សម្រាប់ការដាក់លក់ទៅលើស្មាតហ្វូនថ្មីនេះ គឺបានល្អខ្លាំងណាស់ គឺអស់ស្តុកភ្លាមៗតែម្តងត្រឹមពេលខ្លីបំផុត។
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយបានអោយដឹងថា ការដូរអេក្រង់ខាងក្រៅរបស់ស្មាតហ្វូនអេក្រង់បត់បានថ្មីនេះ គឺមានតម្លៃចន្លោះពី $90–$150 ដែលតម្លៃនេះ ប្រហែលទៅនឹងស្មាតហ្វូន Z Fold 7 ផងដែរ។ ប៉ុន្តែអ្វីដែលគួរអោយភ្ញាក់ផ្អើលនោះ អេក្រង់ខាងក្នុងរបស់ស្មាតហ្វូនបត់បាន 3 តង់នេះ មានតម្លៃចន្លោះពី $1,120 ទៅ $1,240។ បើមើលទៅលើស្មាតហ្វូន Galaxy S25 Ultra ដែលជាស្មាតហ្វូនប្រភេទ Flagship របស់ក្រុមហ៊ុន Samsung លក់នៅក្នុងប្រទេសកូរ៉េខាងត្បូងនៅក្នុងតម្លៃ  KRW 1,673,100 តែប៉ុណ្ណោះ។
និយាយពីអេក្រង់គោលរបស់ស្មាតហ្វូន TriFold នេះ អាចនឹងមានតម្លៃខ្ពស់ជាង ឬប្រហែលទៅនឹងទិញស្មាតហ្វូន Galaxy S25 Ultra តែម្តង។ នៅក្នុងពេលនេះ ក្រុមហ៊ុន Samsung គឺលក់ប្រហែលជា 15 គ្រឿងទៅ 30 គ្រឿងប៉ុណ្ណោះ នៅក្នុងហាងធំៗនៅក្នុងប្រទេសកូរ៉េខាងត្បូង ហើយចំនួនសរុបនៃការលក់នៅលើទីផ្សារសកលប្រហែលជា 700 គ្រឿង។
Article image
សម្រាប់ការព្យាករណ៍ទៅលើការលក់សរុបរបស់ស្មាតហ្វូនអេក្រង់បត់បាន 3 តង់នេះនៅដើមឆ្នាំក្រោយ គឺអាចនឹងមានចំនួន ប្រហែលជា 2500 គ្រឿង ទៅ 5000 គ្រឿង។ យ៉ាងណាមិញ តម្លៃចុងក្រោយអាចនឹងមានការប្រែប្រួលផងដែរនៅពេលដែលមានការបញ្ជាក់ចេញពីក្រុមហ៊ុន Samsung ។ បច្ចុប្បន្ននេះ ស្មាតហ្វូន Galaxy Z TriFold គឺជាអនាគតកាលនៃស្មាតហ្វូន ប៉ុន្តែតម្លៃជួសជុលទៅលើស្មាតហ្វូននេះក៏មិនមានតម្លៃទាបនោះទេ៕