ស្វែងរកពួកយើង:

មេធំក្រុមហ៊ុន Tesla បានបញ្ជាក់ថា កំពូលរថយន្ត Tesla Roadster នឹងមានសមត្ថភាពអាចហោះហើរបាន

ដោយ

Koun Jab Luffy

19 មិថុនា 2024 12:15 ថ្ងៃត្រង់

អាន 3 នាទី

Article image
យោងទៅលើការការបង្ហោះសារនៅ Tweet នៅលើបណ្តាញ X (អតីត Twitter) នាពេលថ្មីៗនេះ របស់មេធំ និងជានាយកប្រតិបត្តិក្រុមហ៊ុនរថយន្តអគ្គិសនី Tesla គឺមហាសេដ្ឋីមានផុតលេខលោក Elon Musk បាននិយាយថា កំពូលរថយន្តស៊េរីថ្មី Tesla Roadster នឹងមានសមត្ថភាពហោះហើរ។ ហើយប្រសិនបើការអះអាងរបស់ Elon Musk ជាការពិតមែននោះ Roadster នឹងក្លាយជារថយន្តដែលនឹងទទួលបានការចាប់អារម្មណ៍កាន់តែខ្លាំងក្នុងទីផ្សាររថយន្ត។ លោក Elon Musk មិនបានបង្ហាញព័ត៌មានលម្អិតបន្ថែមដើម្បីជាអំណះអំណានគាំទ្រសម្រាប់ការអះអាងរបស់គាត់នោះទេ ប៉ុន្តែ ការបង្ហោះសារនេះ គឺបានទាក់ទាញចំណាប់អារម្មណ៍ជាខ្លាំងពីសំណាក់អ្នកឃ្លាំមើលក្នុងឧស្សាហកម្មមួយនេះ។
យ៉ាងណាមិញក៏មានការលើកឡើងថា សម្រាប់ការអះអាងរបស់លោក Elon Musk នាពេលកន្លងមកសម្រាប់អនាគតរថយន្តអគ្គិសនីរបស់ Tesla ហាក់មិនមានភាពត្រឹមត្រូវនោះទេនៅពេលការបង្ហាញវត្តមានជាផ្លូវការណ៍។ ទោះយ៉ាងណាក៏ដោយ ការអះអាងរបស់ CEO រូបនេះ ទំនងជាបង្ហាញថា កំពូលរថយន្តនាពេលអនាគត គឺ Tesla Roadmaster គឺនឹងមានល្បឿនលឿនខ្លាំងបំផុត។ លោក Musk ក៏ធ្លាប់ធ្វើការអះអាងថា រថយន្តស៊េរីថ្មី Roadmaster នឹងអាចហោះហើរបាន។ រថយន្តស៊េរីថ្មីនេះត្រូវបានក្រុមហ៊ុនប្រកាសបង្ហាញលើកដំបូងកាលពី 7 ឆ្នាំមុនក្នុងអំឡុងពេលព្រឹត្តិការណ៍ Semi and Roadster របស់ក្រុមហ៊ុន Tesla។
Roadster គឺជាយានយន្តលំដាប់កំពូលរបស់ Tesla ដែលមាននៅក្នុងបញ្ជីដែលមិនទាន់ត្រូវបានប្រកាសចេញផ្លូវការណ៍ចាប់តាំងពីឆ្នាំ 2020 មកម្ល៉េះ។ Roadmaster ត្រូវបានគេនិយាយថា គឺជាអ្នកស្នងតំណែងពី Roadster ស៊េរីឆ្នាំ 2008 ដែលត្រូវបានផលិតឡើយដោយប្រើទម្រង់ Elise platform ។ Roadster ត្រូវបានប្រកាសដាក់ចូលក្នុងម៉ាកយីហោ របស់ Tesla ក្នុងបញ្ចីទីផ្សាររថយន្តអគ្គិសនី។Tesla Roadster ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា មានសមត្ថភាពអាចបង្កើនសន្ទុះល្បឿនពី 0 ទៅ 100km/h ប្រើពេលត្រឹមតែ 1.9 វិនាទីប៉ុណ្ណោះ។ ដោយបច្ចុប្បន្ននេះមានរថយន្តម៉ាក Tesla និង Lucid មួយចំនួនដែលមានសមត្ថភាពអាចជាន់សន្ទុះល្បឿនប្រសើរជាង 0 ទៅ 100km/h ប្រើពេលតិចជាង 2 វិនាទី។ លើសពីនេះទៅទៀតរថយន្តទំនើបក្នុងប្រភេទដូចគ្នាជាមួយ Roadster អាចសម្រេចបាននូវការជាន់សន្ទុះល្បឿនពី 0 ទៅ 100km/h ដោយប្រើរយៈពេលត្រឹម 1.7 វិនាទី។
Article image
នាអំឡុងឆ្នាំ 2021 លោក Elon Musk បានអះអាងថា Tesla Roadster អាចបង្កើនល្បឿនពី 0 ទៅ 100km/h ប្រើរយៈពេលត្រឹមតែ 1.1 វិនាទីប៉ុណ្ណោះ។ ដោយល្បឿនលឿនដ៏មហិមានេះ ត្រូវបានលោកបញ្ជាក់ថា Roadster ត្រូវបានផលិតឡើងដោយរួមបញ្ចូលនូវកញ្ចប់បច្ចេកវិទ្យារបស់ SpaceX ដែលក្នុងនោះរួមបញ្ចូលនូវបច្ចេកវិទ្យារ៉ុក្កែតតូចៗរហូតដល់ 10 ដែលរៀបចំបំពាក់ជុំវិញរថយន្ត។ មុខងារនេះត្រូវបាន Tesla ប្រកាសបង្ហាញនៅក្នុងឆ្នាំ 2018 ហើយវាជាលើកដំបូងហើយដែលលោក Elon Musk អះអាងថា Roadster អាចហោះហើរបាន។ ប្រសិនបើអ្វីៗដំណើរការដូចការគ្រោងទុក កំពូលរថយន្តអគ្គិសនីកំពូលល្បឿន Tesla Roadster ត្រូវបានគេរំពឹងថានឹងប្រកាសចេញផ្លូវការនៅឆ្នាំនេះ ហើយនឹងចូលសង្វាក់ផលិតកម្មនៅឆ្នាំ 2025។ សម្រាប់តម្លៃបឋមរបស់ Roadster គឺខ្ទង់ 20 ម៉ឺនដុល្លារអាមេរិក៕
មេធំក្រុមហ៊ុន Tesla បានបញ្ជាក់ថា កំពូលរថយន្ត Tesla Roadster នឹងមានសមត្ថភាពអាចហោះហើរបាន