ស្វែងរកពួកយើង:

រថយន្តប្រណិត BYD YangWang U9 ត្រៀមខ្លួនសម្រាប់ការនាំចេញបន្ទាប់ពីបានចំណាយពេល 6 ខែក្នុងការធ្វើតេស្តនៅតំបន់ Nürburgring

ដោយ

Koun Jab Luffy

20 សីហា 2024 04:04 ល្ងាច

អាន 2 នាទី

Article image
YangWang ដែលជាម៉ាកយីហោរថយន្តប្រណិតរបស់ BYD ទទួលបានការចាប់អារម្មណ៍ខ្លាំងជាមួយនឹងរថយន្តអគ្គិសនីប្រភេទ Supercar ម៉ូដែល YangWang U9។ ហើយថ្មីៗនេះបានបញ្ចប់កម្មវិធីសាកល្បងដែលចំណាយពេលប្រាំមួយខែនៅតំបន់ Nürburgring Nordschleife ប្រទេសអាឡឺម៉ង។ ដោយតំបន់នេះត្រូវបានគេស្គាល់ថាជា "កន្លែងសាកល្បងរថយន្តដ៏លំបាកបំផុតរបស់ពិភពលោក"។
YangWang U9 ត្រូវបានធ្វើការតេស្តទៅលើលក្ខណៈបច្ចេកទេសយ៉ាងម៉ត់ចត់បំផុតទៅលើចំណុចរហូតដល់ទៅជាង 150 ដើម្បីទទួលបាននូវភាពជឿទុកចិត្តបានទៅលើប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត។ គ្រឿងបង្គុំភាគច្រើនរបស់រថយន្តអគ្គិសនីប្រភេទ Supercar មួយនេះ ត្រូវបានផលិតឡើងដោយលោហៈធាតុ carbon fiber monocoque ដែលផ្តល់នូវភាពធន់ និងរក្សាទំងន់រថយន្តបានល្អ។
Article image
ជាមួយនឹងប្រព័ន្ធ Yunan-X system ដែលប្រើនៅលើ YangWang U9 គឺបានផ្តល់នូវអនុភាពខ្ពស់បំផុតសម្រាប់ប្រព័ន្ធដំណើរការរបស់រថយន្តអគ្គិសនី Supercar មួយនេះ។ រថយន្តអគ្គិសនី Supercar នេះផលិតឡើងដោយប្រើប្រាស់នូវប្រព័ន្ធដំណើរការ  e4-platform ដែលផ្តល់នូវអនុភាពកម្រិតខ្ពស់ជាមួយប្រព័ន្ធគ្រប់គ្រងរក្សាលំនឹងប្រកបដោយប្រសិទ្ធិភាពខ្ពស់បំផុត។
Article image
BYD YangWang U9 បំពាក់នូវកញ្ចប់អាគុយអគ្គិសនីប្រភេទ LFP ទំហំ 80kWh គាំទ្រប្រព័ន្ធសាកភ្លើងចូលល្បឿនលឿនកំលាំង 800V high-voltage platform ដែលសាកពីថាមពលថ្មពី 30 ទៅ 80% ប្រើពេលខ្ទង់ 10 នាទីប៉ុណ្ណោះ។ U9 Supercar ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 4 (Four-motor AWD) ដែលមានកំលាំងសរុប 960kW ឬស្មើរនឹង 1,287 សេះ និងកំលាំងរមូល 1,680Nm អាចជាន់ស្ទុះល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 2.4 វិនាទី ហើយអាចជាន់ល្បឿនលឿនបំផុត (top-speed) បានដល់ 309.19km/h។
Article image
YangWang U9 មានទំហំវិមាត្ររួម 4,966 x 2,029 x 1,295 mm និងចន្លោះកង់មុខទៅកង់ក្រោយ 2,900mm។ រថយន្តអគ្គិសនី Supercar ប្រណិតមួយនេះមានទ្វារពីរបើកឡើងទៅលើហៅថា “Butterfly door” និងទំងន់សរុប 2,475 គីឡូក្រាម។ អ្វីដែលពិសេសនោះ គឺ YangWang U9 បានបំពាក់នូវប្រព័ន្ធទប់លំនឹងពិសេស DiSus-X suspension និង stabilization system ដែលអាចបញ្ជាក្នុងការបើបរដោយប្រើកង់បី និងអាចឲ្យរថយន្តរាំ ឬបង្វិលខ្លួនថែមទៀតផង។ សម្រាប់តម្លៃវិញ BYD YangWang U9 EV Supercar នេះ គឺមានតម្លៃខ្ទង់ $232,000៕
រថយន្តប្រណិត BYD YangWang U9 ត្រៀមខ្លួនសម្រាប់ការនាំចេញបន្ទាប់ពីបានចំណាយពេល 6 ខែក្នុងការធ្វើតេស្តនៅតំបន់ Nürburgring