
រថយន្តប្រណិតម៉ាក Denza Z9 GT នឹងបើកទទួលការបញ្ជាទិញមុនបានចាប់ពីថ្ងៃទី 20 ក្នុងខែសីហានេះ។ Denza Z9 GT គឺជារថយន្តម៉ាកប្រណិតមួយក្នុងចំនោមម៉ាករថយន្តប្រណិតផ្សេងទៀតរបស់ BYD ដូចជា Denza, Fang Cheng Bao និង Yangwang ជាដើម។ សម្រាប់ម៉ាករថយន្ត Denza តែមួយ គឺនឹងមានរថយន្តស៊េរីថ្មីចំនួន 5 ម៉ូដែល។ ដោយកាលពីឆ្នាំ 2023 ក្រុមហ៊ុននៃម៉ាកយីហោរថយន្តមួយនេះបានប្រកាសថា ខ្លួននឹងធ្វើការប្រកាសចេញរថយន្តស៊េរីថ្មីចំនួន 8 ម៉ូដែល ក្នុងរយះពេល 3 ឆ្នាំ។
ដោយក្នុងពេលបច្ចុប្បន្ននេះ Denza បានចេញលក់រថយន្តមួយចំនួននៅលើទីផ្សាររួចហើយដូចជាម៉ូដែល Denza N5, N8 និង D9 ចំនែកម៉ូដែលថ្មី Denza Z9 GT នឹងត្រូវចេញលក់ផ្លូវការណ៍នៅក្នុងខែកញ្ញាខាងមុខនេះ។ Z9 GT គឺជាប្រភេទរថយន្តប្រណិតស្ថិតក្នុងលំដាប់ D-Class intelligent Luxury flagship GT។
រថយន្ត Compact-Crossover ស៊េរីថ្មីនេះមានប្រវែងបណ្តោយខ្លួន 5,180mm/ ទទឹង 1,990mm/ កម្ពស់ 1,480mm ជាមួយគម្លាតចន្លោះកង់មុខក្រោយ 3,125mm។ Denza Z9 GT នឹងត្រូវដឹងចេញពីខ្សែសង្វាក់ផលិតចូលទៅកាន់ Showroom ដើម្បីដាក់បង្ហាញជាផ្លូវការណ៍សម្រាប់ការបញ្ជាទិញនៅថ្ងៃទី 20 ក្នុងខែសីហានេះ។ Denza Z9 GT គឺជាម៉ូដែលថ្មីមួយដែលត្រូវបង្ហាញវត្តមានក្នុងឆ្នាំនេះ មុនពេលបង្ហាញវត្តមាននៃម៉ូដែល Denza N9 ដែលជារថយន្ត Flagship SUV។

បើតាមកម្រងរូបភាពដែលបែកធ្លាយនាពេលកន្លងមកបង្ហាញថា Denza N9 Flagship SUV គឺមានការឌីស្សាញប្រហាក់ប្រហែលគ្នានឹង Z9 GT ដែរ។ ដោយរថយន្ត SUV ស៊េរីថ្មីនេះ នឹងមានការដំឡើងនូវប្រព័ន្ធអេក្រង់ចំនួន 3 ជាមួយប្រព័ន្ធចង្កឹះលេខរចនាបែបគ្រីស្តាល់ (Crystal driver selector knob)។
លោក Zhao Changjiang អ្នកគ្រប់គ្រងទូទៅ និងជាប្រធានសហស្ថាបនិកនៃក្រុមហ៊ុន Denza Auto បាននិយាយថា រូបរាងពិតប្រាកដរបស់ Denza N9 SUV គឺមានភាពប្រណិតស្រស់ឆើតឆាយ និងមានភាពលេចធ្លោជាងរូបភាព Renders ដែលទើបបែកធ្លាយនៅលើអ៊ីនធឺណិត។
លោក Changjiang បានបង្ហើបថា រថយន្តប្រភេទ Sedan និង MPV ស៊េរីថ្មីចំនួនពីររបស់ Denza នឹងបង្ហាញខ្លួននៅចុងឆ្នាំ 2025 ដោយក្នុងនោះរថយន្តប្រភេទ Full-size sedan នឹងក្លាយជាដៃគូប្រជែងទីផ្សារជាមួយរថយន្តប្រណិត Mercedes-Ben S Class ខណៈម៉ូដែល Medium-size sedan មួយផ្សេងទៀតនឹងក្លាយជាគូប្រជែងទីផ្សារជាមួយម៉ូដែល Mercedes-Ben E-Class។ ដោយឡែកសម្រាប់ម៉ូដែល MPV ជំនាន់ថ្មី នឹងមានលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែល Denza D9-MPV បច្ចុប្បន្ន ហើយអាចនឹងមានតម្លៃចាប់ពីខ្ទង់ $69,700 ដល់ $83,000។

លោក Zhao Changjiang បានមានប្រសាសន៍ថា Denza នឹងកំណត់ជួរតម្លៃនៃរថយន្តរបស់ខ្លួនចាប់ពីខ្ទង់ $34,850 ដល់ $139,350 ហើយនឹងផលិតស្រឡាយរថយន្តដូចជា Sedans, SUVs និង MPVs ដែលជាប្រភេទ Large-side Model។ ទោះជាយ៉ាងណាសម្រាប់តម្លៃផ្លូវការណ៍នៃរថយន្ត Denza Z9 GT និងលក្ខណៈសម្បត្តិលម្អិតក្រុមហ៊ុនមិនទាន់បានបញ្ជាក់នៅឡើយទេក្នុងពេលនេះ ដូចនេះមានតែរងចាំការបង្ហាញវត្តមាននៅថ្ងៃទី 20 ខាងមុខនេះទាំងអស់គ្នាតែប៉ុណ្ណោះ៕
