
រថយន្តស៊េរីថ្មី Kia K4 ដែលជារថយន្តប្រភេទ Hybrid-Hatchback នឹងចូលខ្លួនមកជំនួសម៉ូដែល Kia Cerato ដែលជារថយន្ត Sedan កំពុងមានវត្តមាននៅលើទីផ្សារប្រទេសអូស្ត្រាលីបច្ចុប្បន្ន នៅចុងឆ្នាំ 2025 នេះ។ Kia K4 ដែលត្រៀមបង្ហាញវត្តមាននៅទីផ្សារអូស្ត្រាលីនាចុងឆ្នាំ 2025 នេះ នឹងផ្តល់ជូននូវជម្រើសពីរម៉ាស៊ីនផ្សេងគ្នា រួមមានម៉ូដែលប្រើម៉ាស៊ីន 2.0-litre four-cylinder និងម៉ូដែលប្រើម៉ាស៊ីន 1.6-litre turbocharged four-cylinder។
ចំនែកម៉ូដែលកូនកាត់ប្រើម៉ាស៊ីន Hybrid ត្រូវបានលោក Roland Rivero ដែលជានាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Kia Australia បញ្ជាក់ថា វានឹងមានមកតាមក្រោយ បន្ទាប់ពីការបង្ហាញម៉ូដែលប្រើម៉ាស៊ីនរួចជាផ្លូវការណ៍។ លោក Roland Rivero ក៏បានបង្ហើបផងដែរថា សម្រាប់ Kia K4 Hybrid ក៏នឹងមានវត្តមានសម្រាប់ទីផ្សារប្រទេសសំខាន់ៗជាច្រើនផ្សេងទៀតនៅតំបន់អឺរ៉ុបផងដែរ។ បើតាមរូបភាពដែលបានបង្ហាញមកនេះ ឃើញថា Kia K4 គឺមានការរចនារូបរាងខាងក្រៅពិតជាស្រដៀងគ្នានឹងម៉ូដែល Hyundai i30 sedan ដែរ រួមទាំងការប្រើប្រាស់ម៉ាស៊ីនដូចគ្នា។

ម៉ូដែល Hyundai i30 ម៉ូដែល Hybrid ប្រើប្រាស់នូវម៉ាស៊ីន 1.6-litre naturally-aspirated four-cylinder ដូចគ្នានឹងម៉ាស៊ីមដែលប្រើនៅលើម៉ូដែល Kia Niro ដែរ។ Kia K4 បានបង្ហាញខ្លួននៅក្នុងហាងតាំងបង្ហាញរថយន្តរបស់ Kia ក្នុងប្រទេសរួចហើយដែលមានជម្រើសចំនួន 3-options ដូចគ្នានឹងម៉ូដែល Kia Cerato ដែរ ដូចជា S, Sport និង Sport+ ខណៈម៉ូដែល K4 GT-Line បានជំនួសម៉ូដែល Cerato GT។ សម្រាប់ម៉ូដែល Kia K4 S, Sport និង Sport+ បានបំពាក់នូវម៉ាស៊ីន 2.0-litre ទំហំ 4-ស៊ីឡាំងអាចផលិតកំលាំងបាន 112kW និងកំលាំងរមូល 192Nm មិនមានបច្ចេកវិទ្យា turbo និងភ្ជាប់ដំណើរការដោយប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ ជាមួយកម្រិតស៊ីសាំង 7.4L/100km។

ដោយឡែកសម្រាប់ម៉ូដែល Kia K4 GT-Line វិញ បំពាក់នូវម៉ាស៊ីន 1.6-litre មានជំនួយពីប្រព័ន្ធ Turbo four ដែលអាចផលិតកំលាំងបានដល់ 142kW និងកំលាំងរមូល 165Nm ជាមួយកម្រិតស៊ីសាំង 6.7L/100km។ ចំពោះម៉ូដែល Kia K4 Hybrid វិញត្រូវបានគេដឹងថា នឹងបំពាក់នូវប្រព័ន្ធម៉ាស៊ីន Hybrid ដូចគ្នានឹងម៉ូដែល Hyundai i30 Sedan Hybrid ដែលមានកម្រិតស៊ីសាំងត្រឹម 3.9 លីត្រប៉ុណ្ណោះក្នុងចម្ងាយ 100 គីឡូម៉ែត្រ។ ទោះជាយ៉ាង Kia មិនទាន់បានបង្ហាញតម្លៃនៃរថយន្តស៊េរីថ្មី Kia K4 Series របស់ខ្លួននៅឡើយទេក្នុងពេលនេះ៕
