ស្វែងរកពួកយើង:

រថយន្តស៊េរីថ្មី Luxeed R7 ដែលជាម៉ូដែល EREV Crossover បានបង្ហាញខ្លួនជាផ្លូការណ៌ហើយ

ដោយ

Koun Jab Luffy

20 ធ្នូ 2024 11:58 ថ្ងៃត្រង់

អាន 3 នាទី

Article image
ដូចការគ្រោងទុកអញ្ចឹងកាលពីថ្ងៃទី 19 ខែធ្នូ ឆ្នាំ 2024 កន្លងទៅនេះ Luxeed ដែលជាម៉ាកយីហោរថយន្តប្រណិត ដែលបង្កើតឡើងចេញពីការចាប់ដៃសហការគ្នាក្នុងគម្រោង JV រវាងក្រុមហ៊ុនបច្ចេកវិទ្យា Huawei និងក្រុមហ៊ុនផលិតរថយន្តម៉ាក Chery បានប្រកាសចេញរថយន្តស៊េរីថ្មីប្រភេទ Crossover ម៉ូដែល Luxeed R7 EREV របស់ខ្លួន នៅក្នុងប្រទេសចិនហើយ។
រថយន្ត Crossover-SUV ស៊េរីថ្មីរបស់ Luxeed នេះ គឺមានទំហំសមាមាត្រប្រហាក់ប្រហែលគ្នានឹងរថយន្តម៉ូដែល BMW X6 ជាមួយការគាំទ្រនៅប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរជំនាន់ទីបី Third-generation driving system របស់ក្រុមហ៊ុន Huawei។ រថយន្ត Crossover ប្រណិតមួយនេះ នឹងមានតម្លៃចាប់ពីខ្ទង់ $34,350 ឡើងទៅនៅទីផ្សារប្រទេសចិន។
ក្រុមហ៊ុន Chery គឺជាអ្នកទទួលរ៉ាប់រងក្នុងការផលិតគ្រោងឆ្អឹង និងតួររថយន្តទាំងមូល ខណៈក្រុមហ៊ុន Huawei ជាអ្នកទទួលរ៉ាប់រងក្នុងការផ្គត់ផ្គង់ទៅលើប្រព័ន្ធបច្ចេកវិទ្យាខួរក្បាលរថយន្ត, ផ្នែកសំខាន់ៗរបស់រថយន្ត ការធ្វើទីផ្សារ និងការលក់ផងដែរ។ បច្ចុប្បន្នម៉ាករថយន្តអគ្គិសនី Luxeed មានចំនួនពីរម៉ូដែលកំពុងចរាចរលក់នៅលើទីផ្សារប្រទេសចិនដូចជាម៉ូដែល Luxeed S7 ជាប្រភេទរថយន្ត Sedan និង Luxeed R7 ជាប្រភេទរថយន្ត SUV Coupe។ ក្នុងចំនោមទាំងពីរម៉ូដែល គឺម៉ូដែល Luxeed R7 លក់ដាច់ខ្លាំងជាងគេ ដោយវាលក់ចំនួនជាង 11,000 គ្រឿងនៅក្នុងខែវិច្ឆិកា កន្លងទៅ។
Article image
ជាមួយភាពជោគជ័យក្នុងការលក់ម៉ូដែល R7 កន្លងមក នៅពេលនេះ Huawei និង Chery បានសម្រេចក្នុងការប្រកាសចេញម៉ូដែលថ្មីដែលមានសមត្ថភាពក្នុងការបើកបរបានរយះចំងាយផ្លូវវែងជាមុន គឺ Luxeed R7 EREV ឬ Extended-range electric vehicle ដែលនឹងមកដល់នៅថ្ងៃទី 19 ក្នុងខែធ្នូនេះ។ Luxeed R7 EREV បានទទួលវិញ្ញាណបនប័ត្រការលក់ផ្លូវការណ៍ពីស្ថាប័ន MIIT របស់ប្រទេសចិនកាលពីខែវិច្ឆិកាកន្លងទៅ។
Luxeed R7 EREV មានការរចនាឡើងយ៉ាងប្រណិតជាមួយផ្នែកខាងក្រោយរចនាបែប Sleek Fastback រំលេចជាមួយចង្កៀងបំភ្លឺតូចស្លីមប្រណិត នៅផ្នែកចំហៀងមានការរចនាដៃទ្វារលាក់ចូលក្នុង និងដំបូលរចនាបែបជ្រែកខ្យល់ Slanted roofline។ រថយន្ត Crossover ស៊េរីថ្មីនេះ មានប្រវែងតួរខ្លួនវែងជាងម៉ូដែល BMW X6 បន្តិច។ ទៅលើប្រព័ន្ធដំណើរការវិញ Luxeed R7 EREV បានបំពាក់នូវប្រព័ន្ធម៉ាស៊ីនសាំងចំនុះ 1.5-liter turbocharged ICE ដែលម៉ាស៊ីននេះដើរតួរជាម៉ាស៊ីនសម្រាប់តែសាកភ្លើងទៅកាន់កញ្ចប់ថ្ម និងផ្តល់ថាមពលទៅឲ្យម៉ូទ័រអគ្គិសនីរបស់រថយន្តតែប៉ុណ្ណោះ។
Article image
សម្រាប់ការចំនាយសាំងចំនុះ 5.68-liter ក្នុងការសាកភ្លើងទៅកញ្ចប់ថ្មអាចបើកបានចម្ងាយផ្លូវ 100km។ Luxeed R7 EREV ប្រើកញ្ចប់ថ្ម LFP Pack ទំហំ 36kWh របស់ក្រុមហ៊ុន CATL ដែលការសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 201km។ រថយន្តនេះ ក៏អាចបើកបរបានដល់ចម្ងាយផ្លូវ 1,570km ឯណោះនៅពេលចាក់សាំង និងសាកភ្លើងពេញម្តង៕