ស្វែងរកពួកយើង:

រថយន្តអគ្គិសនីប្រណិត Denza Z9 ចាប់ផ្តើមបើកទទួលការកក់មុនហើយ

ដោយ

Koun Jab Luffy

08 វិច្ឆិកា 2024 03:58 រសៀល

អាន 3 នាទី

Article image
Denza គឺជាម៉ាករថយន្តអគ្គិសនីប្រណិតមានតម្លៃថ្លៃមួយក្នុងចំនោមម៉ាករថយន្តជាច្រើនផ្សេងទៀតរបស់ក្រុមហ៊ុន BYD។ ហើយថ្មីៗនេះ Denza បានធ្វើការបង្ហាញពីលក្ខណៈសម្បត្តិ ជម្រើសពណ៌ខាងក្រៅ និងខាងក្នុង ក៏ដូចជាតម្លៃនៃរថយន្តអគ្គិសនីប្រភេទ Sedan ប្រណិតស៊េរីថ្មីម៉ូដែល Denza Z9។ រថយន្តអគ្គិសនីប្រណិតស៊េរីថ្មីនេះ នឹងត្រូវនាំទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៌រថយន្ត Guangzhou Auto Show 2024 នៅថ្ងៃទី 15 ខែវិច្ឆិកា ខាងមុខនេះ។ Denza Z9 ត្រូវបានគេប៉ាន់ប្រមាណថា អាចនឹងដាក់តម្លៃលក់ចាប់ពីខ្ទង់ $47,100 ឡើងទៅនៅទីផ្សារប្រទេសចិន។
ស្ថិតក្នុងតំណែងជាម៉ូដែលរថយន្តប្រណិតជាមួយនឹងម៉ូដែល Denza Z9 GT Wagon, ម៉ូដែល Denza Z9 នឹងមានមកជាមួយជម្រើសចំនួនពីរម៉ូដែលផ្សេងគ្នា គឺម៉ូដែលប្រើប្រាស់ថាមពលអគ្គិសនីសុទ្ធ (BEV) និងជម្រើស Plug-in-Hybrid (PHEV)។ Denza Z9 មានជម្រើសពណ៌ខាងក្រៅចំនួន 4 គឺមានដូចជាពណ៌ខ្មៅ starry black, ពណ៌ប្រផេះ starlight gray, ពណ៌ស្វាយចាស់ midnight purple, និងពណ៌ស moonlit beige ជាមួយជម្រើសពណ៌ខាងក្នុងចំនួន 2 គឺពណ៌ស និងពណ៌ត្នោត។ Denza Z9 គឺជាប្រភេទរថយន្ត Sedan តួរវែងដែលមានប្រវែង 5.2 ម៉ែត្រ និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 3,125 ម៉ែត្រ។
សម្រាប់ម៉ូដែល Denza Z9 Plug-in-Hybrid ត្រូវបានគេដឹងថា ប្រើប្រាស់ម៉ាស៊ីនប្រភេទ turbocharged internal combustion engine ចំនុះ 2.0-liter អាចផលិតកំលាំងបាន 152kW ឬស្មើរនឹង 204 សេះ ធ្វើការជាមួយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ដែលមានសមត្ថភាពផលិតកំលាំងសរុបបានដល់ 640kW ឬស្មើរនឹង 858 សេះ ហើយអាចបើកបរបានចំងាយផ្លូវដល់ 1,100km នៅពេលសាកភ្លើង និងចាក់សាំងពេញម្តង។
Article image
ចំនែកម៉ូដែល Denza Z9 BEV វិញ ប្រើប្រាស់ម៉ូទ័រអគ្គិសនីចំនួនបីអាចផលិតកំលាំងសរុបបានដល់ 710kW ឬស្មើរនឹង 951 សេះ និងមានកញ្ចប់ថ្មអគ្គិសនីទំហំ 100kWh ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយផ្លូវ 630km។ Denza Z9 Series គាំទ្រការបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យា Yi-Sanfang technology ដែលអនុញ្ញាតិឲ្យដំណើរការនូវមុខងារ advanced maneuverability modes, ដែលរួមបញ្ចូលនូវមុខងារ precision turning, compass U-turn, និង intelligent crab-walking ជាដើម។
នៅផ្នែកខាងក្នុងរបស់ Denza Z9 មានការរៀបចំតុបតែងយ៉ាងប្រណិតបែបតិចនិយមក្នុងនោះមានចង្កូតស្រោបស្បែករចនារាងអក្សរ D អេក្រង់បង្ហាញព័ត៌មានទំហំធំដល់ 13.2-inch, អេក្រង់កម្សាន្តទំហំធំដល់ 17.3-inch និងអេក្រង់ខាងមុខកៅអីអ្នករួមដំណើរខាងមុខទំហំ 3.2-inch។  អ្វីដែលពិសេស Denza Z9 ប្រើប្រាស់កាមេរ៉ាឌីជីថលមើកក្រោយចំហៀងឆ្វេងស្តាំដោយបង្ហាញនៅលើកញ្ចក់ជាប់ជញ្ជាំងទ្វារឆ្វេងស្តាំខាងក្នុង ហើយកញ្ចក់នេះ ក៏អាចប្រើសម្រាប់គ្រប់គ្រង់ទៅលើសីតុណ្ហភាពថែមទៀតផង។ ហើយនៅលើកៅអីខាងមុខក៏មានអេក្រង់សម្រាប់អ្នកដំណើរកៅអីខាងក្រោយធ្វើការគ្រប់គ្រងទៅលើមុខងារសីតុណ្ហភាពម៉ាស៊ីនត្រជាក់ផងដែរ។
Article image
ក្រៅពីបំពាក់អេក្រង់ជាច្រើនហើយ Denza Z9 នៅមានមុខងារបាញ់លើកញ្ចក់ដំបូលខាងមុខ AR-HUD ដែលអាចបង្ហាញបានទំហំ 50-inch, មានកន្លែងសាកថ្មទូរស័ព្ទឥតប្រើខ្សែ រួមនឹងប្រព័ន្ធបំពងសំឡេងប្រភេទ Devialet audio system  ចំនួនដល់ទៅ 26 គ្រាប់ឯណោះ។ Denza Z9 នឹងក្លាយជាសមាជិកនៃរថយន្តប្រណិតដែលមានតម្លៃថ្លៃរបស់ BYD ដូចគ្នានឹងម៉ូដែល D9 minivan និង N7 ជាដើម៕