ស្វែងរកពួកយើង:

រថយន្តអគ្គិសនីស៊េរីថ្មី Dongfeng Nammi Box ចេញលក់នៅទីផ្សារអឺរ៉ុបជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ

ដោយ

Koun Jab Luffy

21 សីហា 2024 11:24 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ប្រទេសចិន Dongfeng Motor ទើបតែបានធ្វើការប្រកាសចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីដែលមានតម្លៃធូរថ្លៃម៉ូដែល Dongfeng Nammi Boxនៅក្នុងទីផ្សារប្រទេសស្វីសជាមួយតម្លៃខ្ទង់ $25,500 ដែលជាតម្លៃប្រគូតប្រជែងខ្ពស់សម្រាប់ទីផ្សាររថយន្តអគ្គិសនីនៅក្នុងប្រទេសប៉ែកអឺរ៉ុបមួយនេះ។
Dongfeng គឺជាក្រុមហ៊ុនផលិតរថយន្តចាស់វស្សា និងជាក្រុមហ៊ុនផលិតរថយន្តធំបំផុតមួយនៅក្នុងប្រទេសចិន។ ក្រុមហ៊ុននេះបានចាប់ដៃសហការជាមួយក្រុមហ៊ុនផលិតរថយន្តធំៗលំដាប់ពិភពលោកដូចជា Nissan និង Stellantis ហើយបច្ចុប្បន្ននេះ Dongfeng ក៏ប្រើប្រាស់នូវយុទ្ធសាស្រ្តដូចគ្នានឹងក្រុមហ៊ុនផលិតរថយន្តរួមស្រុកដូចជា BYD និង NIO ដើម្បីធ្វើការពង្រីកសក្តានុពលម៉ាកយីហោរថយន្តរបស់ខ្លួនចូលទៅក្នុងទីផ្សារសកល។
Article image
ទោះបីជាមានការតម្លើងពន្ធថ្មីរបស់សហភាពអឺរ៉ុបលើការនាំចូលរថយន្តអគ្គិសនី (EV) របស់ចិនក៏ដោយ ក៏ Dongfeng មានផែនការដ៏មហិច្ឆតាសម្រាប់ការវាយឡុកទីផ្សារអឺរ៉ុប រួមទាំងមានការសាងសង់រោងចក្រផលិតដ៏សក្តានុពលនៅក្នុងប្រទេសអ៊ីតាលីទៀតផង។
Article image
Dongfeng Nammi Box គឺជាប្រភេទរថយន្តអគ្គិសនី Compact EV ដែលមានបំពាក់នូវកញ្ចប់អាគុយទំហំ 42.3kWh ដែលសាកភ្លើងមួយពេញអាចបើកបរបានចម្ងាយផ្លូវ 311km។ រថយន្តអគ្គិសនីស៊េរីថ្មីនេះ គឺជាម៉ូដែលពេញនិយមដូចគ្នានឹងម៉ូដែល Citreon e-C3 ដែលមានសមត្ថភាពអាចបើកបរបានចម្ងាយផ្លូវខ្ពស់ជាងបន្តិច គឺបានដល់ 320km ជាមួយកញ្ចប់អាគុយទំហំ 44kW។ Dongfeng Nammi Box បំពាក់ម៉ូទ័រអគ្គិសនីមួយដែលអាចផលិតកំលាំងបាន 95 សេះ ដែលសមល្មមសម្រាប់ការបើកនៅទីប្រជុំជន ឬនៅទីក្រុង។ រថយន្ត Compact EV មួយនេះមានប្រវែងដងខ្លួន 4.02 ម៉ែត្រជាមួយការឌីស្សាញផ្នែកខាងក្នុងទូលាយល្អ។
នៅផ្នែកខាងក្នុងមានបំពាក់មកជាមួយអេក្រង់កម្សាន្តទំហំធំល្មមដល់ 12-inch និងអេក្រង់បង្ហាញព័ត៌មាននៅក្រោយដៃចង្កូតទំហំ 5-inch LCD Instrument Cluster។ ជាមួយពិសេស Nammi Box មានបំពាក់នូវកៅអីស្បែក ដែលអាចកាច់ទៅក្រោយសម្រាប់ធ្វើជាគ្រែសម្រាកបានម៉ាអ៊ែមទៀតផង។
Article image
ហើយនៅលើផ្ទៃតាបឡូប្រើប្រាស់នូវស្បែកដែលមានការឌីស្សាញបែប diamond-stitched leather ជាមួយប្រព័ន្ធរន្ធម៉ាស៊ីនត្រជាក់រចនាយ៉ាងប្រណិត ព្រមទាំងមានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែ Wireless charging pad នៅកណ្តាលផងដែរ។ បច្ចុប្បន្ននេះ Dongfeng បានបញ្ចេញលក់ Nammi Box នៅទីផ្សារប្រទេសស្វីស ហើយក្រុមហ៊ុននេះ ត្រូវបានគេដឹងថា ក៏បានត្រៀមប្រកាសចេញលក់រថយន្តអគ្គិសនីប្រភេទ SUV ម៉ូដែល Zhiyin ដែលស្ថិតនៅក្រោមម៉ាកយីហោ Voyah នៅខែក្រោយនេះបន្ថែមទៀតផងដែរ។
Article image
ដោយឡែកសង្គ្រាមតម្លៃរបស់រថយន្ត EV នៅក្នុងប្រទេសចិន គឺជាកម្លាំងជំរុញនៅពីក្រោយការពង្រីកដែនទីផ្សាររបស់ Dongfeng។ ហើយការផ្លាស់ប្តូររបស់ Dongfeng ក៏ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់ក្រុមហ៊ុនចំពោះផលិតផល និងមហិច្ឆតារបស់ខ្លួនដើម្បីក្លាយជាម៉ាកយីហោរថយន្តឈានមុខនៅក្នុងទីផ្សាររថយន្តអគ្គិសនីពិភពលោក។ នៅពេលដែលការប្រកួតប្រជែងគ្នាកាន់តែក្តៅ អ្នកប្រើប្រាស់នៅអឺរ៉ុប គឺនឹងទទួលបានអត្ថប្រយោជន៍ពីជម្រើសកាន់តែច្រើន និងរថយន្តអគ្គិសនីដែលមានតម្លៃសមរម្យ៕
រថយន្តអគ្គិសនីស៊េរីថ្មី Dongfeng Nammi Box ចេញលក់នៅទីផ្សារអឺរ៉ុបជាមួយតម្លៃជាង 2 ម៉ឺនដុល្លារ