
យោងទៅលើដំណឹងចុងក្រោយនេះ បាននិយាយថា រថយន្តអគ្គិសនីស៊េរីថ្មី Onvo L60 ដែលជាម៉ាកស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រុមហ៊ុន Nio ត្រៀមចេញលក់ផ្លូវការណ៍នៅថ្ងៃទី 10 ខែកញ្ញា ខាងមុខនេះ ដោយការបញ្ជាទិញរថយន្តអគ្គិសនីស៊េរីថ្មីនេះក៏បានចាប់ផ្តើមធ្វើរួចរាល់ហើយជាមួយតម្លៃខ្ទង់ $30,250 នៅទីផ្សារប្រទេសចិន។ រថយន្តស៊េរីថ្មីនេះ Onvo L60 នេះ គឺមានការឌីស្សាញឡើងបែបរថយន្ត Compact-crossover ដែលមានភាពប្រណិតមិនចាញ់រថយន្ត Tesla Model Y នោះឡើយ។
Onvo L60 គឺជាដៃគូប្រគូតប្រជែងទីផ្សារជាមួយ Tesla Model Y ព្រោះថា ទាំងផ្នែករចនារូបរាងខាងក្រៅ និងការរៀបចំតុបតែងផ្នែកខាងក្នុងរបស់ L60 គឺមានភាពប្រហាក់ប្រហែលគ្នា។ បើតាមរូបភាពដែលបានបែកធ្លាយថ្មីនេះ បានបង្ហាញថា នៅខាងក្នុងរបស់ Onvo L60 គឺមានបំពាក់នូវអេក្រង់តែមួយប៉ុណ្ណោះដែលមានទំហំ 17.2-inch ជាប្រភេទអេលក្រង់កម្រិត 3K retina screen ស្ថិតនៅកណ្តាល Dashboard។

លក្ខណៈដែល Onvo L60 ខុសគ្នាពី Tesla Model Y នោះ គឺការប្រើប្រាស់នូវបច្ចេកវិទ្យាបង្ហាញនៅលើកញ្ចក់ខាងមុខ Head up Display (UHD) ដែលអាចបង្ហាញចេញបានក្នុងទំហំ 13-inch សម្រាប់បង្ហាញនៅព័ត៌មានបើកបរផ្សេងៗ។ ដូចនេះ បង្ហាញថា Onvo L60 គឺប្រើប្រាស់បច្ចេកវិទ្យា UHD សម្រាប់ការបង្ហាញព័ត៌មានរថយន្ត ដែលខុសពីរថយន្ត Tesla Model 3 និង Model Y ដែលបង្ហាញព័ត៌មាននៅលើអេក្រង់កម្សាន្តតែមួយ។
ប្រភពព័ត៌មានក៏បានបង្ហើបថា Onvo L60 ក៏នឹងអេក្រង់កម្សាន្តសម្រាប់អ្នករួមដំណើរខាងក្រោយផងដែរ ដែលអាចបានទំហំ 8-inch។ បើតាមឯកសារចុះបញ្ជីលក់របស់ស្ថាប័ន MIIT បានឲ្យដឹងថា រថយន្ត Compact-Crossover ស៊េរីថ្មីនេះមានបណ្តោយ 4,828mm, ទទឹង 1,930mm, កម្ពស់ 1,616mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,950mm ហើយរថយន្តអគ្គិសនីស៊េរីថ្មីនេះ គឺមានទំងន់ 1,885គីឡូក្រាម និង 1,970 គីឡូក្រាម ទៅតាមជម្រើសម៉ូដែលផ្សេងគ្នា។

រថយន្តនេះក៏នឹងមានជម្រើសដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីមួយស៊េរី TZ188S001 កំលាំង 240kW ជាមួយដំណើរការដោយប្រព័ន្ធ rear-wheel-drive (RWD) និងម៉ូដែលប្រើម៉ូទ័រពីរដោយបំពាក់បន្ថែមម៉ូទ័រស៊េរី YS198S001 កំលាំង 100kW ដំណើរការលើប្រព័ន្ធ RWD ដោយអាចជាន់ល្បឿន Top Speed បានដល់ 203km/h។
Onvo L60 ក៏នឹងមានជម្រើសបំពាក់កញ្ចប់អាគុយពីរផ្សេងគ្នាដែរ ដោយក្នុងនោះជម្រើសបំពាក់កញ្ចប់អាគុយទំហំ 60kWh និងជម្រើស 90kWh ជាប្រភេទកញ្ចប់អាគុយ lithium iron phosphate ដែលផលិតដោយក្រុមហ៊ុន FinDreams ដែលជាបុត្រសម្ព័ន្ធរបស់ BYD។ រថយន្តស៊េរីថ្មីនេះ អាចបើកបរបានចម្ងាយផ្លូវ 550km និង 730km នៅពេលសាកអាគុយពេញម្តង ហើយសម្រាប់កម្រិតនៃការប្រើប្រាស់ថាមពលថ្មវិញ គឺ12.1kWh ក្នុងរយះចម្ងាយ 100 គីឡូម៉ែត្រ៕
