
តាមរយះនៃការបង្ហោះនៅគេហទំព័រក្រុមហ៊ុន Geely ប្រចាំនៅទីផ្សារប្រទេសអូស្ត្រាលីបានបញ្ជាក់ថា រថយន្ត SUV ស៊េរីថ្មីដំណើរការដោយថាមពលអគ្គិសនីសុទ្ធម៉ូដែល EX5 ដែលត្រូវបានគេស្គាល់ថា Geely Galaxy E5 នៅក្នុងទីផ្សារប្រទេសចិន នឹងនាំទៅប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសអូស្ត្រាលីនៅពាក់កណ្តាលឆ្នាំ 2025 ជាមួយតម្លៃខ្ទង់ $45,000។ តាមការបញ្ជាក់រថយន្ត ស៊េរីថ្មីនេះ នឹងមានការកែប្រែទៅលើការបំពាក់នូវមុខងារពិសេសថ្មី និងការរៀបចំប្រព័ន្ធគ្រឿងក្រោមថ្មីសម្រាប់ម៉ូដែលលក់នៅទីផ្សារអូស្ត្រាលី។
Geely Galaxy E5 SUV ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញនៅទីផ្សារប្រទេសចិនកាលពីខែសីហា ឆ្នាំ 2024 ជាមួយជម្រើស 5 ស៊េរីជាមួយតម្លៃចាប់ពីខ្ទង់ 112,800 ដល់ 148,800 យាន់ ឬប្រហែល 15,760 ដល់ 20,800 ដុល្លារអាមេរិក។ ទោះជាយ៉ាងណាសម្រាប់ការម៉ូដែក Updated ថ្មីសម្រាប់លក់ទីផ្សារប្រទេសអូស្ត្រាលី ក្រុមហ៊ុនមិនទាន់បង្ហាញព័ត៌មានលម្អិតនោះទេ។

ប៉ុន្តែ មានការរំពឹងថា Geely នឹងធ្វើការ Update ទៅលើប្រព័ន្ធកាមេរ៉ា និងប្រព័ន្ធសែនស័រ LiDAR សម្រាប់ការបើកបរតម្រូវតាមស្ថានភាពផ្លូវនៅក្នុងប្រទេសអូស្រ្តាលី។ ជាមួយគ្នានេះ Geely EX5 ក៏ទទួលបានការធ្វើបច្ចុប្បន្នភាពថ្មីទៅលើកម្មវិធី និងមុខងារប្រើប្រាស់តាមរយះ OTA Update ផងដែរ។
កាលពីដើមឆ្នាំ 2024 រថយន្ត Geely EX5 បានបង្ហាញខ្លួនជាផ្លូវការនៅក្នុងទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។ បន្ថែមពីនេះ Geely EX5 ត្រូវបានប្រកាសចេញនៅក្នុងប្រទេសម៉ាឡេស៊ីក្នុងខែធ្នូនេះ ក្រោមឈ្មោះថា Proton e.MAS7 ជាមួយតម្លៃខ្ទង់ចាប់ពី $24,500 ដល់ $27,600។

Geely Galaxy E5 ឬ EX5 ផលិតឡើងតាមប្រព័ន្ធស្តង់ដារ GEA platform ដែលធ្វើឲ្យរថយន្តនេះមានប្រវែងបណ្តោយ 4,615mm/ ទទឹង 1,901mm/កម្ពស់ 1,670mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,750mm។ Geely EX5 ដំណើរការដោយម៉ូទ័រអគ្គិសនីមួយស្ថិតនៅភ្លៅខាងមុខដែលអាចផលិតកំលាំង 160kW ឬប្រហែល 215 សេះ និងកំលាំងរមូល 320Nm ដែលជាន់ពីល្បឿនពី 0 ទៅ 100km/h ចាយពេលខ្ទង់ 6.9 វិនាទី។ សម្រាប់កញ្ចប់ថ្មវិញ EX5 ប្រើប្រាស់នូវ AEGIS Short Blade LFP packs ដែលមានទំហំ 49.52kWh និង 60.22kW ដែលការសាកភ្លើងមួយពេញម្តងអាចបើកបានចម្ងាយ 440km និង 530km តាមការស្តង់ដារតេស្ត CLTC។

សម្រាប់ផ្នែកខាងក្នុងរបស់ Geely EX5 ត្រូវបានរៀបចំតុបតែងបែបប្រណិតនិយមផ្តល់នូវផាសុខភាពក្នុងការបើកបរ ក្នុងនោះរួមមានដៃចង្កូតស្រោបស្បែករចនារាងអក្សរ D, មានអេក្រង់បង្ហាញព័ត៌មានឌីអីថតទំហំ 10.2-inch, អេក្រង់កម្សាន្តទំហំ 15.4-inch គាំទ្រដំណើរការដោយប្រតិបត្តិការ Flyme Auto System, មុខងារបាញ់នៅលើកញ្ចក់ដំបូលមុខ Head up Display, ប្រព័ន្ធ Speaker Flyme Audio System ចំនួន 16 គ្រាប់ និងគាំទ្រប្រព័ន្ធសុវត្ថិភាពជំនួយការបើកបរ level 2 advanced driving assistance system ថែមទៀតផង។

បន្ថែមពីនេះ Geely EX5 ក៏មានប្រព័ន្ធម៉ាស៊ីនត្រជាក់ដំណើរការស្វ័យប្រវត្តិ, កៅអីគាំទ្រមុខងារ ក្តៅ ត្រជាក់ ខ្យល់ និងម៉ាស្សា ក៏ដូចជាកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សែកំលាំង 50W Wireless Charging ជាដើម៕
