ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Honda S7 បង្ហាញរូបរាងផ្លូវការណ៍មុនការប្រកាសចេញនៅលើទីផ្សារចិន

ដោយ

Koun Jab Luffy

19 កុម្ភៈ 2025 11:22 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុនសម្ព័ន្ធមិត្តរវាង Dongfeng-Honda បានប្រកាសផ្លូវការណ៍ថា រថយន្តអគ្គិសនីប្រភេទ Crossover នឹងប្រកាសចេញនៅទីផ្សារប្រទេសចិននាពេលឆាប់ៗខាងមុខនេះ។ ហើយរថយន្ត Crossover EV ស៊េរីថ្មីនេះ ត្រូវបានគេរាយការណ៍ថា នឹងប្រើប្រាស់នូវប្រព័ន្ធកម្មវិធីជំនួយការបើកបររបស់ក្រុមហ៊ុន Huawei។
ក្នុងខែមេសា ឆ្នាំ 2024 ក្រុមហ៊ុន Honda បានដាក់ចេញនូវយុទ្ធសាស្ត្រទីផ្សាររថយន្តអគ្គិសនីរបស់ខ្លួនក្រោមការប្រើប្រាស់ម៉ាកយីហោថា “Ye Series” ជាមួយគម្រោងក្នុងការប្រកាសចេញរថយន្តអគ្គិសនីម៉ាកនេះចំនួន 6 ម៉ូដែលត្រឹមឆ្នាំ 2027។ ក្នុងនោះគំរូរថយន្តចំនួន 3 ម៉ូដែលក្នុងចំណោម 6 ម៉ូដែល ម៉ូដែល Ye S7, Ye P7 និង Ye GT ត្រូវបានក្រុមហ៊ុនបង្ហាញចេញរួចហើយ។
Article image
សម្រាប់ម៉ូដែល Ye S7 ត្រូវបានគេដឹងថា មានការរួមសហការផលិតដោយក្រុមហ៊ុនផលិតរថយន្តប្រទេសចិន Dongfeng ខណៈម៉ូដែល Ye P7 នឹងត្រូវសហការផលិតដោយក្រុមហ៊ុន GAC។ Honda S7 ឬ Ye S7 ត្រូវបានគេដឹងថាជារថយន្តអគ្គិសនីប្រភេទ mid-side SUV ដែលមាន 5 កៅអី ដែលរចនារូបរាងឡើងដោយប្រើទម្រង់ W-Platform។
រថយន្តនេះមានប្រវែងបណ្តោយ 4,750mm/ ទទឹង 1,930mm/ កំពស់ 1,625mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,930mm ហើយនិងមានទំងន់សរុប 2,305kg។ សម្រាប់កញ្ចប់ថ្មវិញ Honda S7 នឹងមានថ្មទំហំ 89.8 kWh ជាប្រភេទ ternary NMC battery pack ផលិតដោយក្រុមហ៊ុន CATL ដែលសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 620km តាមការបញ្ជាក់ស្តង់ដារ CATC។
Article image
Honda S7 នឹងដំណើរការដោយប្រព័ន្ធ AWD ឬ All-Wheel-Drive ដោយប្រើនូវប្រព័ន្ធម៉ូទ័រអគ្គិសនីពីរដោយម៉ូទ័រមុខមានកំលាំង 150kW និងម៉ូទ័រក្រោយកំលាំង 200kW ដែលសរុបកំលាំងបញ្ចូលគ្នាបានដល់ 350kW ឬ 469 សេះ អាចជាន់ល្បឿនលឿនបំផុត Top Speed ដល់ 180km/h។
Honda S7 ឬ Ye S7 ក៏នឹងមានជម្រើសម៉ូដែលដំណើរការដោយប្រព័ន្ធ RWD ប្រើម៉ូទ័រអគ្គិសនីមួយកំលាំង 200kW ផងដែរ។ ហើយបើតាមប្រភពរបាយការណ៍បាននិយាយថា Honda S7 ឬ Ye S7 ក៏នឹងគាំទ្រដំណើរការដោយប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរ Qiankun ADS assisted driving tech របស់ក្រុមហ៊ុន Huawei ថែមទៀតផង។
Honda ក៏មាននូវប្រព័ន្ធជំនួយការបើកបររថយន្តផ្ទាល់ខ្លួនផងដែរគឺ advanced driver-assistance system ឬ ADAS និង Honda Sensing 360+ ហើយក្រុមហ៊ុនរថយន្តជប៉ុននេះ គ្រោងចេញលក់រថយន្តរបស់ខ្លួននៅក្នុងប្រទេសចិនទាំងជម្រើសដំណើរការដោយប្រព័ន្ធឬ ADAS និង Honda Sensing 360+ របស់ខ្លួន និង Qiankun ADS assisted driving tech របស់ក្រុមហ៊ុន Huawei។
Article image
បើតាមគំរូរចនារបស់ Honda S7 បង្ហាញថា រថយន្តនេះ គឺប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាសងខាងជំនួសកញ្ចក់មើលក្រោយ ដោយនៅខាងក្នុងកាប៊ីនមានដំឡើងនូវអេក្រង់ចំនួន 4 ក្នុងនោះមានអេក្រង់ទំហំ 10-inch សងខាងសម្រាប់កាមេរ៉ាមើលក្រោយ អេក្រង់កម្សាន្តទំហំ 12.8-inch នៅកណ្តាល និងអេក្រង់បង្ហាញព័ត៌មាននៅខាងក្រោយដៃចង្កូត (មិនទាន់ដឹងពីទំហំ)។ សូមបញ្ជាក់ថា រថយន្ត Honda ក៏ជាម៉ាកយីហោរថយន្តដែលពេញនិយម និងលក់ដាច់បំផុតមួយក្នុងទីផ្សារប្រទេសចិនផងដែរ ដោយក្នុងឆ្នាំ 2024 កន្លងទៅ Honda លក់រថយន្តបានចំនួន 881,347 គ្រឿង៕
រថយន្តអគ្គិសនី Honda S7 បង្ហាញរូបរាងផ្លូវការណ៍មុនការប្រកាសចេញនៅលើទីផ្សារចិន