ស្វែងរកពួកយើង:

រថយន្តអគ្គិសនី Sedan EV ម៉ូដែលថ្មីរបស់ BAIC និង Huawei នឹងត្រូវចេញលក់ក្នុងតម្លៃខ្ពស់ដល់ទៅ $69,500 ដុល្លារ

ដោយ

Koun Jab Luffy

18 មីនា 2024 04:19 ល្ងាច

អាន 3 នាទី

Article image
ដូចដែលយើងបានដឹងកន្លងមករួមហើយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីម៉ាក BAIC បានចាប់ដៃសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខរបស់ប្រទេសចិន Huawei ក្នុងដំណើរការអភិវឌ្ឍន៍ផលិតរថយន្តអគ្គិសនីស៊េរីទំនើបប្រភេទ Sedan EV ដែលមានឈ្មោះថា Stelato S9។ Stelato គឺជាម៉ាកនៃរថយន្តអគ្គិសនីទំនើបដែលកកើតឡើងដោយការបណ្តាក់ទុនរួមគ្នារវាង BAIC New Energy និង Huawei ហើយក៏ជាការបំផុសកំនិតចុងក្រោយបំផុតពី SOE ក្នុងការផលិតម៉ាកនៃរថយន្តអគ្គិសនីលំដាប់កំពូលមួយនេះផងដែរ។
បើតាមប្រភពព័ត៌មានចុងក្រោយនេះបានបង្ហើបថា BAIC និង Huawei នឹងចេញលក់រថយន្តអគ្គិសនីស៊េរីថ្មីដែលប្រណិតទំនើប Stelato S9 ក្នុងតម្លៃខ្ទង់ 50 ម៉ឺនយាន់ ឬប្រហែលខ្ទង់ $69,500 អាមេរិក។ Steleto S9 នឹងមានឈ្មោះហៅថា Xiangjie S9 នៅក្នុងទីផ្សារប្រទេសចិន ហើយសម្រាប់ទីផ្សារសកលវិញរថយន្តអគ្គិសនីដ៏ប្រណិតទំនើបមួយនេះមានលេខកូដសំគាល់ម៉ូដែលថា X4។ រថយន្តអគ្គិសនី Sedan ស៊េរីថ្មីនេះមានប្រវែងបណ្តោយ 5,160mm, ទទឹង 1,987mm x កម្ពស់ 1,486mm និងមានគម្លាតពីកង់មុខទៅកង់ក្រោយ 3,050mm។ បើតាមការចុះបញ្ចីរបស់ស្ថាប័ន Ministry of Industry and Information Technology (MIIT) បានបង្ហាញថា Stelato S9 មានជម្រើសបីម៉ូដែលជាមួយនឹងកំលាំងពីរជម្រើស។
Article image
ដោយក្នុងនោះជម្រើសម៉ូដែលប្រើម៉ូទ័រមួយអាចផលិតកំលាំងថាមពលបាន 227kW ប្រើម៉ូទ័រប្រភេទ TZ210XYA03 electric motor ដែលផលិតដោយ Huawei Digital Power Technology Co., Ltd. និងបំពាក់នៅផ្នែកកង់ខាងក្រោយ។ សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ គឺមានពីរជម្រើស។ ដោយឡែកសម្រាប់ម៉ូដែលប្រើម៉ូទ័រពីរវិញ គឺបានបន្ថែមនៅម៉ូទ័រខាងមុខថែមមួយទៀតដែលអាចផលិតកំលាំងបាន 185kW ជាប្រភេទ YS210XYA03 motor ដែលផលិតដោយ Huawei ដូចគ្នា។ ចំនែកកញ្ចប់អាគុយវិញត្រូវបានគេជឿជាក់ថានឹងប្រើប្រភេទកញ្ចប់អាគុយអគ្គិសនី NCM Battery Packed។
សម្រាប់ការឌីស្សាញផ្នែកខាងក្រោយ រួមនឹងប្រវែងរបស់ Stelato S9 គឺមានភាពប្រណិតមិនចាញ់រថយន្ត Business Class Sedan របស់ក្រុមហ៊ុនល្បីៗដូចជាម៉ូដែល  BMW 5 series, Mercedes E-class, និង Audi A6L ឡើយ។ ចំនែកបច្ចេកវិទ្យារថយន្តភាគច្រើនបានប្រើរបស់ Huawei ហើយបច្ចុប្បន្នក្រុមហ៊ុន Beijing New Energy គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន 4 ផ្សេង ដែលបានសហការជាមួយក្រុមហ៊ុនអេឡិចត្រូនិកយក្សរបស់ចិននេះ។ ផ្នែកខាងមុខបានបំពាក់ចង្គៀងប្រភេទ xPixel headlight system របស់ Huawei ដែលរួមបញ្ចូលនូវមុខងារ Wide Light Blanket, intelligent welcome ក៏ដូចជា Outdoor Projector ដែលមានទំហំ 100-inch ជាដើម។ ចំនែកប្រព័ន្ធសែនស័រវិញ គឺប្រើនូវប្រព័ន្ធ Lidar របស់ Huawei ផងដែរ។
បន្ថែមពីនេះនៅផ្នែកចងហៀងវិញ គឺបានរចនាជាមួយដៃទ្វារលឹបចេញក្នុង ឬ Hiding-Handle Door ជាមួយប្រើប្រាស់នូវប្រព័ន្ធកាមេរ៉ាជំនូសឲ្យកញ្ចក់មើលក្រោយទាំងសងខាង ដែលធ្វើឲ្យរថយន្តស៊េរីថ្មីនេះ កាន់តែមានភាពទំនើបប្រណិតទាក់ទាញខ្លាំង។ ហើយសម្រាប់ប្រព័ន្ធកាមេរ៉ចំហៀងមើលក្រោយនេះក៏គាំទ្រមុខងារ Blind Spots ថែមទៀតផង។ ចំពោះការឌីស្សាញផ្នែកខាងក្រៅរបស់ Stelato S9 គឺមានភាពស្រដៀងគ្នានឹងរថយន្ត Sedan ម៉ូដែល Luxeed S7 ដែលជាផលិតដោយ Huawei និង Chery ដែរ ព្រមទាំងផ្នែករចនាខាងក្នុងក៏ស្រដៀងគ្នាដែរ។
Article image
ក្នុងនោះមានដូចជាអេក្រង់កម្សាន្តទំហំធំនៅកណ្តាលដែលអាចបង្វិលបញ្ឈរ ឬផ្តេកបានដែលគាំទ្រនូវប្រព័ន្ធប្រតិបត្តិការ Huawei HarmonySO 4 ព្រមទាំងមានកន្លែងសាកថ្មទូរស័ព្ទឥតខ្សែចំនួនពីរ Dual 50W Wireless Charging Pad។ ផ្នែកកាប៊ីនត្រូវបានរចនាឡើងពីឈើប្រណិត និងស្បែក។ យ៉ាងណាមិញសម្រាប់ប្រព័ន្ធ 75-inch augmented reality HUD របស់ Huawei ហាក់មិនឃើញមានបំពាក់នៅលើ Stelato S9 នោះទេ។ រថយន្តអគ្គិសនី Sedan ដ៏ទំនើបមួយនេះត្រូវបានផលិតឡើងដោយប្រើនូវទម្រង់នៃស្ថាបត្យកម្ម BE22 platform របស់ក្រុមហ៊ុន BAIC។
សម្រាប់តម្លៃបឋមរបស់ Stelato S9 គឺចន្លោះពីខ្ទង់ប្រហែល $41,700 ទៅ $69,500 សម្រាប់ទីផ្សារប្រទេសចិន។ រថយន្តអគ្គិសនីស៊េរីថ្មីដ៏ទំនើបដែលកកើតឡើងពី Huawei និង BAIC មួយនេះត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិពរ័ណ៌រថយន្តនៅទីក្រុងប៉េកាំង ឬ Beijing Auto Show នៅខែក្រោយនេះ៕
រថយន្តអគ្គិសនី Sedan EV ម៉ូដែលថ្មីរបស់ BAIC និង Huawei នឹងត្រូវចេញលក់ក្នុងតម្លៃខ្ពស់ដល់ទៅ $69,500 ដុល្លារ