
នៅខណៈពេលដែលការប្រកាសចេញដាក់លក់ផ្លូវការណ៍មិនទាន់ត្រូវបានធ្វើឡើងសម្រាប់រថយន្តអគ្គិសនីជំនាន់ដំបូងរបស់ Xiaomi គឺមានប្រភពព័ត៌មានថ្មីៗ ទាក់ទងនឹងរថយន្ត Xiaomi SU7 ដែលនឹងមកដល់លើទីផ្សារនាពេលខាងមុខនេះនៅតែបន្តបែកធ្លាយ។ ហើយថ្មីៗនេះរូបភាពជាច្រើនរបស់រថយន្តអគ្គីសនីដំបូងរបស់ក្រុមហ៊ុនផលិតស្មាតហ្វូនដ៏មានសក្តានុភាពរបស់ប្រទេសចិនមួយនេះ ត្រូវបានផ្តិតចេញពីរោងចក្រផលិតរថយន្តរបស់ Xiaomi ផ្ទាល់ដែលមានទីតាំងស្ថិតនៅទីក្រុងប៉េកាំង ឬ Beijing Factory ដោយបានបង្ហាញពីពណ៌ថ្មីៗបន្ថែមទៀតរបស់ Xiaomi SU7។
សម្រាប់ពណ៌ថ្មីរបស់ Xiaomi SU7 ដែលបានបង្ហាញនៅក្នុងរូបភាព គឺមានដូចជា ពណ៌ប្រផេះ Blue-grey, ពណ៌ទឹកក្រូច Vibrant orange និងពណ៌ស្វាយចាស់ sleek dark purple។ ដែលពណ៌ថ្មីៗទាំងនេះ គឺបានបន្ថែមបីលើជម្រើសពណ៌ខៀវ Gulf Blue ដែលបានបង្ហាញកាលពីពេលថ្មីៗនេះនៅក្នុងព្រឹត្តិការណ៍ MWC2024 នៅទីក្រុងប៉ាសេឡូណា ប្រទេសអេស្ប៉ាញ។ ទន្ទឹងនឹងការបែកធ្លាយនូវពណ៌ថ្មីៗស្អាតប្រណិតនេះ ក៏មានប្រភពព័ត៌មានទម្លាយថា Xiaomi SU7 នឹងធ្វើការប្រកាសចេញដាក់លក់ផ្លូវការណ៍នៅក្នុងខែមីនានេះ ហើយការនាំចេញអាចនឹងចាប់ផ្តើមធ្វើឡើងនៅក្នុងខែមេសា ឆ្នាំ 2024។ ទោះជាយ៉ាងណាក៏ដោយ Xiaomi បានបដិសេធភ្លាមៗព័ត៌មាននេះ រួមទាំងការប៉ាន់ស្មានបរិមាណផលិតកម្មសម្រាប់ត្រីមាសទីមួយសម្រាប់ SU7 ផងដែរ។

បើយោងតាមអគ្គនាយកក្រុមហ៊ុន Xiaomi លោក Lu Weibing បានបញ្ជាក់ថា Xiaomi SU7 នឹងចាប់ផ្តើមធ្វើការចែកចាយនៅក្នុងត្រីមាសទីពីរនៃឆ្នាំ 2024។ SU7 ត្រូវបានក្រុមហ៊ុននាំយកទៅដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍ Mobile World Congress 2024 នៅទីក្រុងប៉ាសេឡូណា ហើយក៏ជាលើកដំបូងដែលនៃសម្រាប់ការបង្ហាញវត្តមាននៅលើទីផ្សារសកលសម្រាប់រថយន្តអគ្គិសនីដំបូងរបស់ Xiaomi។ ក្រុមហ៊ុន Xiaomi មានគម្រោងក្នុងទាក់ទាញចំណាប់អារម្មណ៍នៃអ្នកប្រើប្រាស់ស្មាតហ្វូនថ្នាក់ Premium របស់ខ្លួនចំនួន 20 ម៉ឺននាក់ក្នុងប្រទេសចិនសម្រាប់ជម្រុញការលក់រថយន្ត SU7 របស់ខ្លួន។

Xiaomi មិនទាន់បានប្រកាសពីតម្លៃជាក់លាក់របស់ SU7 EV របស់ខ្លួននោះទេ ប៉ុន្តែមានការប៉ាន់ប្រមាណថា Xiaomi SU7 នឹងមានតម្លៃចាប់ពីខ្ទង់ $35,176 ទៅ $52,061 សម្រាប់ទីផ្សារប្រទេសចិន។ Xiaomi SU7 ត្រូវបានគេព្យាករណ៍ថា នឹងមានសង្វាក់ផលិតកើនឡើងដល់ 2,000 គ្រឿងនៅក្នុងខែមីនានេះ ហើយនឹងឈានដល់គោលដៅ 10,000 គ្រឿងក្នុងមួយខែនៅខែកក្តដា ឆ្នាំ 2024៕

