ស្វែងរកពួកយើង:

រថយន្ត Lexus LX700h ដែលប្រើប្រាស់ម៉ាស៊ីន Hybrid ត្រៀមចេញលក់នៅលើទីផ្សារកម្ពុជាហើយ!

ដោយ

Koun Jab Luffy

09 មករា 2025 04:10 ល្ងាច

អាន 3 នាទី

Article image
ថ្មីៗនេះ ក្រុមហ៊ុនផ្លូវការ Lexus Cambodia បានប្រកាសបើកទទួលការកក់ លើឡាន Lexus LX700h ស៊េរីឆ្នាំ 2025 ដែលប្រើម៉ាស៊ីន Hybrid សម្រាប់ទីផ្សារប្រទេសកម្ពុជា។ ទោះជាយ៉ាងណាក៏ដោយ យើងនៅមិនទាន់ដឹងឡើយថា ក្រុមហ៊ុននឹងយក Spec មួយណាមកខ្លះ ប៉ុន្តែសម្រាប់ទីផ្សារបរទេស LX700h ចែកចេញជា 4 ប្រភេទ គឺ LUXURY, F-SPORT, OVERTRAIL និង ULTRA LUXURY។
សូមបញ្ជាក់ថា LX700h គឺជាឡាន LX ដំបូងបង្អស់ ដែលប្រើម៉ាស៊ីន Hybrid ហើយវាក៏ទទួលបានការអាប់ដេត ទៅលើសាក់ស៊ី, បច្ចេកវិទ្យាសុវត្ថិភាព និង ការឌីហ្សាញផ្នែកមួយចំនួន ផងដែរ។ ឡាន SUV ខ្នាតធំមួយនេះ មានប្រវែងតួខ្លួន 5.10m ទទឹង 1.99m កម្ពស់ 1.89m និង គម្លាតពីកង់មុខទៅកង់ក្រោយ 2.85m ហើយមានទម្ងន់ 2.78 តោន។
Article image
Lexus LX 700h ប្រើម៉ាស៊ីន Hybrid ថ្មី ចំណុះ 3.5L Twin-turbo ទំហំ 6 ស៊ីឡាំង ជាមួយម៉ូទ័រអគ្គិសនី 1 ដែលអាចបង្កើតកម្លាំងបានសរុប 457 HP និង កម្លាំងរមួល 790 NM ដំណើរការដោយប្រអប់លេខអូតូ 10 វគ្គ ប្រភេទ Direct Shift និង ប្រព័ន្ធបើកបរប៉ុង 2 (4WD) ជាមួយប្រព័ន្ធចាក់សោរប៉ុងកណ្តាល (Electronic Locking Center Differential) ផងដែរ។ ថ្វីបើមានទម្ងន់ធ្ងន់ជាងម៉ូដែល LX 600 សរុប 120 គីឡូក្រាមក្តី ប៉ុន្តែ LX 700h Hybrid អាចរត់ស្ទុះពីកុងទ័រ 0-100KM/H ប្រើពេល 6.4 វិនាទី និងមានល្បឿន Top Speed 210 KM/H ហើយមានសមត្ថភាពអាចអូសសណ្តោង បានទម្ងន់ 4 តោន។ ចំពោះកម្រិតស៊ីសាំងរបស់វាវិញ ជាមធ្យមគឺខ្ទង់ 12L/100KM។
Article image
យ៉ាងណាក៏ដោយ LX700h ក៏មានបំពាក់មកជាមួយមុខងារជំនួយជាច្រើន រួមទាំង ប្រព័ន្ធរក្សាល្បឿនលើផ្លូវពិបាក និងជំនួយការបត់ Crawl Control with Turn Assist, ប្រព័ន្ធកំណត់ម៉ូដបើកបរលើផ្លូវពិបាក Multi-Terrain Select អមដោយ ប្រព័ន្ធបូម Adaptive Variable Suspension ដែលអាចកម្រិតអុកនៃបូមដោយស្វ័យប្រវត្តិ ទៅតាមស្ថានភាពផ្លូវជាក់ស្តែង និង មុខងារ Active Hight control ដែលអនុញ្ញាតឲ្យអ្នក កំណត់កម្ពស់បូម 4 កម្រិត ទៅលើកង់ទាំង 4 ដាច់ដោយឡែកពីគ្នា ហើយក៏នៅតែមាន ប្រព័ន្ធជំនួយលើ Handling ពីកញ្ចប់ Option F-Sport ផងដែរ។
Article image
មិនតែប៉ុណ្ណោះ LX 700h បានដាក់កញ្ចប់អាគុយ High-voltage ដែលផ្ទុកនៅក្នុងសំណុំអាចការពារការជ្រាបទឹក ហើយមានបំពាក់ Water Sensor ដែលអនុញ្ញាតឲ្យវាចុះទឹកបានជម្រៅដល់ 700mm ទៀតផង។ អ្វីដែលកាន់តែពិសេសនោះគឺ ក្រុមវិស្វករ Lexus បានពង្រឹងសាក់ស៊ី GA-F Architecture របស់ LX 700h ដោយអាចកាត់បន្ថយរំញ័រ ជួយឲ្យការបើកបរកាន់តែប្រសើរ និងមានកម្រិតផាសុកភាពខ្ពស់ ព្រមទាំង កម្រិតឆ្លើយតបនៃប្រព័ន្ធចង្កូត កាន់តែប្រសើរជាងមុន ទៀតផង។ ចំណែកឯប្រព័ន្ធសុវត្ថិភាព និង ជំនួយការបើកបរវិញ ឡាន Lexus LX 700h ក៏បានបំពាក់ ប្រព័ន្ធ Lexus Safety System+ 3.0 ដែលវិចខ្ចប់មកជាមួយនឹងមុខងារសុវត្ថិភាពជាច្រើន ផងដែរ។
រថយន្ត Lexus LX700h ដែលប្រើប្រាស់ម៉ាស៊ីន Hybrid ត្រៀមចេញលក់នៅលើទីផ្សារកម្ពុជាហើយ!