
គំរូរថយន្ត SUV ដំបូងរបស់ Xiaomi ត្រូវបានគេថតបានខណៈពេលដែលធ្វើការតេស្តបើកបរសាកល្បងនៅលើដងវិថីមួយក្នុងប្រទេសចិន។ ការបង្ហាញគំរូរថយន្តអគ្គិសនីប្រភេទ SUV ដំបូង ឬអាចនិយាយបានថាជាម៉ូដែលរថយន្តទីពីរ ក្រោយពី Xiaomi ទទួលបានជោគជ័យខ្លាំងជាមួយម៉ូដែលរថយន្តអគ្គិសនីប្រភេទ Sedan ដំបូងស៊េរី SU7 របស់ខ្លួន ដោយលក់បានចំនួនច្រើនជាង 8,646 គ្រឿងកាលពីអំឡុងខែឧសភាកន្លងទៅ។ ហើយសម្រាប់រថយន្ត EV-SUV ដំបូងរបស់ Xiaomi ត្រូវបានគេដឹងថា មានលេខកូដសំគាល់ម៉ូដែលថា MX11 ដែលរថយន្តម៉ូដែលទីពីរនេះ ត្រូវបានគេរំពឹងថាអាចនឹងបង្ហាញវត្តមាននៅក្នុងឆ្នាំ 2025។
ទោះជាយ៉ាងណាសម្រាប់រូបភាពគំរូរថយន្ត Xiaomi SUV នេះ គឺមិនបានបង្ហាញច្បាស់ពីការឌីស្សាញទាំងស្រុងនោះទេ ដោយសារមានការបិទបាំងពេញមួយតួររថយន្តតែម្តង ប៉ុន្តែ យើងអាចមើលឃើញពីការឌីស្សាញរូបរាងខាងក្រៅនៃរថយន្ត SUV នេះ គឺប្រើភាសាឌីស្សាញដូចគ្នានឹងម៉ូដែល SUV7 បច្ចុប្បន្នដែរ។ ដោយក្នុងនោះឃើញថាផ្នែកក្បាលរថយន្ត គឺមានការឌីស្សាញចង្កៀងប្រហាក់ប្រហែលគ្នានឹង Xiaomi SU7 រួមនឹងផ្នែកលើដំបូលខាងមុខឃើញមានបំពាក់នូវប្រព័ន្ធ LiDar Sensor ដូចគ្នាផងដែរ។ នៅផ្នែកចំហៀង គឺប្រើប្រាស់កញ្ចក់មើលក្រោយដូចគ្នានឹង SU7 មានកាមេរ៉ានៅចំហៀងរថយន្ត យ៉ាន់កង់មានកាំប្រាំ Five-Spoke wheel រួមនឹងប្រអប់គាប់ហ្រ្វាំង (Brake Calipers) ពណ៌លឿង។
នាពេលកន្លងមក នាយកប្រតិបត្តិ Xiaomi លោក Lei Jun បានសង្កត់ធ្ងន់ថា យានជំនិះដំបូងរបស់ Xiaomi នឹងក្លាយជា “រថយន្តក្នុងក្តីស្រមៃ” សម្រាប់មហាជន។ ហើយសម្រាប់ម៉ូដែល Xiaomi SU7 ត្រូវបានធ្វើការរចនាឡើងជាមួយនឹងភាសារចនាដែលបំផុសគំនិតឡើយដោយមានការរួមច្របាច់បញ្ចូលគ្នាពីរថយន្តម៉ាក Porsche និង McLaren។ ហើយស្រដៀងគ្នានេះដែរ សម្រាប់ម៉ូដែល SUV Xioami MX11 គឺនឹងត្រូវដកស្រង់ភាសារចនាចេញពី Xiaomi SU7 ជាមួយការកែប្រែទម្រង់រចនាផ្នែកចំហៀ ស្រដៀងទៅនឹងសមាមាត្ររបស់រថយន្តម៉ូដែល Ferrari Purosangue។ នៅលើជំនាន់ដំបូង Xiaomi SU7 គឺបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាសាកភ្លើង 800V Platform រួមជាមួយប្រព័ន្ធម៉ូដែល 21,000rpm ដូចនេះសម្រាប់ម៉ូដែល SUV ដំបូងរបស់ Xioami ក៏នឹងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាស្រដៀងគ្នា ឬក៏ខ្ពស់ជាងនេះ ដោយសារតែម៉ូដែលទីពីរជាប្រភេទរថយន្ត Compact-SUV។
យ៉ាងណាមិញក្រៅតែរូបភាពដែលបានបែកធ្លាយមកនេះ គឺមិនទាន់មានការបង្ហាញពីគុណសម្បត្តិរបស់ Xiaomi MX11-SUV នោះទេក្នុងពេលនេះ។ រថយន្ត SUV ដំបូងរបស់ Xiaomi ត្រូវបានគេរំពឹងថា អាចនឹងបង្ហាញវត្តមាននៅត្រីមាសណាមួយក្នុងឆ្នាំ 2025 ហើយនិងចេញលក់ផ្លូវការណ៍នៅឆ្នាំ 2026។ សម្រាប់តម្លៃប៉ាន់ប្រមាណបឋមសម្រាប់រថយន្ត Xiaomi-MX11 គឺអាចខ្ទង់ចាប់ពី $21,000 ឡើងទៅ។

សូមបញ្ជាក់ថា Xiaomi គឺជាក្រុមហ៊ុនរថយន្តអគ្គិសនីដែលមានសន្ទុះខ្លាំងបំផុត បន្ទាប់ពីបានចូលប្រឡូកនៅក្នុងទីផ្សាររថយន្តដំបូងក្នុងប្រទេសចិន។ ក្រុមហ៊ុនផលិតស្មាតហ្វូន និងរថយន្តដ៏មានឥទ្ធិពលមួយនេះ បានធ្វើការនាំចេញរថយន្តអគ្គិសនីដំបូងរបស់ខ្លួនបានចំនួន 20,000 គ្រឿង គិតត្រឹមថ្ងៃទី 13 ក្នងខែមិថុនា ដែលមានរយះពេលប្រមាណ 2 ខែកន្លះ ប៉ុណ្ណោះ ក្រោយពីការប្រកាសចេញលក់ជាផ្លូវការណកាលពីចុងខែមិនា (ថ្ងៃទី 28)។ Xiaomi បានដាក់គោលដៅក្នុងការនាំចេញរថយន្តអគ្គិសនីដំបូងម៉ូដែល SUV7 របស់ខ្លួន ឲ្យបានយ៉ាងហោចណាស់ក៏ 120,000 គ្រឿងនៅក្នុងឆ្នាំ 2024 នេះ៕
