
សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្តវិនិយោគរួមគ្នាដែលមាន SAIC-GM-Wuling ដែលហៅកាត់ថា SGMW នឹងមានការប្រកាសចេញរថយន្ត SUV ស៊េរីថ្មីដែលមានឈ្មោះថា Wuling Starlight 560 នៅចុងឆ្នាំ 2025 ខាងមុខនេះ។ ហើយនៅពេលនេះរូបភាពរបស់ Wuling Starlight 560 ត្រូវបានគេប្រទះឃើញចតនៅលើចិញ្ចើមផ្លូវមួយនៅក្នុងប្រទេសចិន។ មិនខុសពីម៉ូដែល Wuling Starlight 730 MPV នោះទេ ដោយ Starlight 560 នឹងមានមកជាមួយជម្រើសបីម៉ូដែល គឺម៉ូដែលប្រើអគ្គិសនីសុទ្ធ (BEV), ប្រើម៉ាស៊ីនចំហេះក្នុង (ICE) និងម៉ូដែលប្រើអគ្គិសនីលាយម៉ាស៊ីន (Plug-in-hybrid ឬ PHEV)។
ទៅលើការឌីស្សាញផ្នែកខាងមុខរបស់ Wuling Starlight 560 មានលក្ខណៈស្រដៀងគ្នាទៅនឹងម៉ូដែល Starlight 730 MPV ដែរ។ រថយន្ត SUV ស៊េរីថ្មីនេះ មានបណ្តោយតួរខ្លួន 4,745mm/ ទទឹង 1,850mm/ កំពស់ 1,755mm/1770mm ជាមួយគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,810mm។ Wuling Starlight 560 នឹងផ្តល់ជូននូវជម្រើសម៉ូដែល 5 កៅអី និង 7 កៅអី។ ចំពោះម៉ូដែលប្រើម៉ាស៊ីនចំហេះក្នុង (ICE) គឺនឹងបំពាក់ម៉ាស៊ីនសាំង 1.5T មានកម្លាំង 174 សេះ ហើយនិងភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខប្រភេទ 6MT ឬ CVT។

ដោយឡែកសម្រាប់ម៉ូដែល Plug-in-hybrid (PHEV) នឹងមានដំឡើងមកជាមួយម៉ាស៊ីនសាំង 1.5T naturally aspirated engine កម្លាំង 105 សេះ ភ្ជាប់ជាមួយកញ្ចប់ថ្មប្រភេទ lithium iron phosphate battery pack ទំហំ 20.5kWh សាកភ្លើងពេញម្តងអាចជិះដោយប្រើថាមពលអគ្គិសនីសុទ្ធបានចម្ងាយ 100km។ យ៉ាងណាមិញសម្រាប់កម្លាំងម៉ូទ័រអគ្គិសនីរបស់ម៉ូដែលនេះ មិនទាន់បានបញ្ចាក់នៅឡើយទេ។ Wuling Starlight 560 PHEV អាចមានទំងន់ 1,685kg និង 1,750kg។

រីឯម៉ូដែលប្រើអគ្គិសនីសុទ្ធ ឬ BEV នឹងបំពាក់មកជាមួយម៉ូទ័រអគ្គិសនីចំនួនមួយកម្លាំង 134 សេះ ដែលទទួលថាមពលក្នុងការបើកបរពីកញ្ចប់ថ្មទំហំ 54.5kWh និង 56.7kWh ប្រភេទកញ្ចប់ថ្ម lithium iron phosphate battery packs។ ហើយបើតាមការបញ្ជាក់ពី CLTC ម៉ូដែល Wuling Starlight 560 BEV នៅពេលសាកភ្លើងពេញម្តងអាចជិះបានចម្ងាយចាប់ពី 450km, 470km, 480km, និង 500km តាមជម្រើសកញ្ចប់ថ្ម និងម៉ូដែលរៀងគ្នា។ Wuling Starlight 560 BEV អាចមានទំងន់ចាប់ពី 1,630kg/ 1,655kg/1,710kg ដល់ 1,730kg តាមជម្រើសកញ្ចប់ថ្ម និងម៉ូដែល៕
