
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បាននិយាយថា ក្រុមហ៊ុន Xiaomi នឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មី ម៉ូដែល Xiaomi 15 series ឆាប់ៗនេះហើយ បន្ទាប់ពីការសម្ពោធជាផ្លូវការនូវបន្ទះឈីប Snapdragon 8 Gen 4 នៅខែតុលាខាងមុខនេះ។ សម្រាប់ម៉ូដែល Ultra ត្រូវបានគេនិយាយថា នឹងមានការប្រកាសចេញនៅដើមឆ្នាំ 2025។ មកដល់ពេលនេះ បើទោះបីជាកាលបរិច្ឆេតនៃបង្ហាញវត្តមានរបស់ Xiaomi 15 Ultra នៅសល់ពេលវេលាយូរក៏ដោយ សម្រាប់ព័ត៌មានបែកធ្លាយរបស់ស្មាតហ្វូននេះនៅតែបន្តមានជារៀងរាល់ថ្ងៃ។
នៅថ្ងៃនេះ បើតាមការទម្លាយចេញពី Smartprix តាមរយៈ Kartikey គឺបានទម្លាយចេញនូវព័ត៌សំខាន់ៗមួយចំនួនទាក់ទងជាមួយនិងកាមេរ៉ារបស់ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 series ថែមទៀតហើយ។ ប្រភពខាងលើនេះបានបញ្ជាក់ថា កាមេរ៉ាគោលដែលប្រើប្រាស់នូវសិនស័រជំនាន់ថ្មី Sony LYT-900 ដែលគេជឿជាក់ថា នឹងមានការពង្រឹងសមត្ថភាពខ្លាំងទៅលើការផលិតរូបភាពនៅក្នុងកម្រិត low-light។
ចំពោះការអាប់ដែតខ្លាំងសម្រាប់ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ គឺទៅលើឡែន Telephoto។ បើតាមការបែកធ្លាយខាងលើនេះ បញ្ជាក់ថា ប្រព័ន្ធកាមេរ៉ា Xiaomi 15 Ultra នេះ គឺក្រុមហ៊ុន Xiaomi នឹងមានការតម្លើងមកជាមួយនូវសិនស័រកាមេរ៉ាទំហំ 200MP Telephoto និងមានមុខងារហ៊្សូមបាន 10x optical zoom ថែមទៀតផង។ ការប្រើប្រាស់នូវសិនស័រថ្មីនេះ ធំជាងនៅលើស្មាតហ្វូនជំនាន់មុនដែលមានទំហំ 50MP periscope telephoto និងអាចហ៊្សូមបាន 5x optical zoom ប៉ុណ្ណោះ។ បន្ថែមពីនេះក៏មានពាក្យចចាមអារ៉ាមថា កាមេរ៉ាមុខស្មាតហ្វូននេះ នឹងមានពង្រីកទំហំកាមេរ៉ាដល់ទៅ 50MP ថែមទៀតផង ប្រៀបធៀបជាមួយនិងជំនាន់មុន Xiaomi 14 Ultra គឺមានទំហំ 32MP ប៉ុណ្ណោះ។

សូមជំរាបថា កន្លងមកមានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Xiaomi 15 Ultra នឹងមានការបំពាក់នូវអេក្រង់គែមកោង micro-curvature នៅគ្រប់ជ្រុងតែម្តង។ អេក្រង់នេះមានកម្រិត 2K ហើយថែមទាំងមានប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ ultrasonic ថែមទៀតផង។ ស្មាតហ្វូន Xiaomi 15 Ultra ដំណើរការនៅលើបន្ទះឈីប Snapdragon 8 Gen 4 រ៉េមទំហំ 24GB ហើយនិងមានការប្រើប្រាស់នូវស្បែកមុខកម្មវិធី HyperOS 2.0 ផ្អែកលើប្រព័ន្ធប្រតិបត្តិការ Android 15។ ស្មាតហ្វូននេះអាចនឹងមានថ្មទំហំ 6,200mAh។ ស្មាតហ្វូននេះ អាចនឹងមានការឌីស្សាញខ្នងក្រោយចេញពីស្បែក Plain Leather, Fiberglass និង Ceramic។
