
បន្ទាប់ពីការបែកធ្លាយព័ត៌មានស្មាតហ្វូន Galaxy A56 រួចមក នៅពេលនេះ ព័ត៌មានដំបូងបំផុតរបស់ស្មាតហ្វូន Galaxy A36 ក៏បន្តមានការបែកធ្លាយផងដែរ។ ស្មាតហ្វូន Galaxy A36 5G ថ្មីនេះ បានបង្ហាញខ្លួននៅលើ IMEI។ ជាធម្មតា ក្រុមហ៊ុន Samsung ផ្តោតទៅលើស្មាតហ្វូនម៉ូដែល A-Series ផ្សេងគ្នាចំនួន 2 រួមមានស្មាតហ្វូនជំនាន់ថ្មី Galaxy A36 និង Galaxy A56។
នៅក្នុងចំណោមស្មាតហ្វូនជំនាន់ថ្មីទាំងនេះ ស្មាតហ្វូនជំនាន់ថ្មី Galaxy A56 នឹងមានបន្ទះឈីប Exynos 1580 SoC។ នៅពេលនេះ ការតេស្តទៅលើ Network របស់ស្មាតហ្វូន Galaxy A36 ក៏បានធ្វើឡើងរួចហើយ ដើម្បីធានាថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងផ្តល់នូវបទពិសោធន៍នៃការប្រើប្រាស់យ៉ាងអស្ចារ្យ។ ខណៈពេលដែលក្រុមហ៊ុន Samsung នៅតែបន្តក្នុងការធ្វើការនៅលើស្មាតហ្វូន Galaxy A36 និង Galaxy A56 នោះ បន្ទះឈីប Exynos 1580 ក៏បានបង្ហាញខ្លួននៅលើបញ្ជីធ្វើតេស្ត Geekbench នៅក្នុងខែកក្កដាផងដែរ។

រយៈពេល 2 សប្រាហ៍ បន្ទាប់ពីស្មាតហ្វូន Galaxy A56 ត្រូវបានទម្លាយនោះ ស្មាតហ្វូនជំនាន់ថ្មីនេះ ក៏បង្ហាញខ្លួននៅលើ Geekbench Database ផងដែរ។ ស្មាតហ្វូន Galaxy A56 នឹងមានបន្ទះឈីប Exynos 1580 SoC ដែលមានល្បឿនដូចទៅនឹង Snapdragon 888 ដែលបង្ហាញខ្លួនកាលពី 3 ឆ្នាំមុននេះ។ ស្មាតហ្វូន Galaxy A56 នេះមានពិន្ទុ 1341 នៅក្នុងការតេស្ត single-core និងពិន្ទុ 3836 នៅក្នុងការតេស្ត multi-core ផងដែរ។

តាមរយៈនៃការបង្ហាញខ្លួននៅលើ IMEI Database របស់ស្មាតហ្វូន Galaxy A36 នេះ គឺភ្ជាប់ជាមួយនឹងលេខម៉ូដែល 2 ផ្សេងគ្នានោះគឺ SM-A366B/DS និង SM-A366U។ សម្រាប់ SM-A366B/DS គឺជាប្រភេទ Global Version ហើយសម្រាប់ SM-A366U គឺជាប្រភេទ Version លក់នៅសហរដ្ឋអាមេរិក។ សម្រាប់ “/DS” គឺសំដៅទៅលើ Dual SIM Card Slot។ បន្ទះឈីបនៅលើស្មាតហ្វូន Galaxy A36 មិនទាន់ដឹងនោះទេ ប៉ុន្តែវាអាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 1480។ ស្មាតហ្វូន Galaxy A36 និង Galaxy A56 នឹងបង្ហាញខ្លួននៅក្នុងខែមីនាឆ្នាំ 2025 ខាងមុខនេះ៕
