
កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានប្រកាសចេកនូវ iPhone 16e ដោយម៉ូដែលបានក្លាយជា iPhone ដំបូងគេបំផុតដែលមានការប្រើប្រាស់នូវម៉ូឌឹម 5G ដែលបានអភិវឌ្ឍដោយខ្លួនឯងជំនួសអោយម៉ូឌឹមរបស់ក្រុមហ៊ុន Qualcomm ដែលធ្លាប់ប្រើនៅលើ iPhones នាពេលកន្លងមក។ ជាមួយគ្នានេះក៏មានការបន្ថែមថា ក្រុមហ៊ុន Apple ក៏នឹងបន្តធ្វើអភិវឌ្ឍទៅលើបន្ទះឈីបសម្រាប់តភ្ជាប់ការទំនាក់ទំនងដោយខ្លួនផងដែរ។ នៅថ្ងៃនេះមានលេចចេញនូវរបាយការណ៌ថ្មីថា iPhone 17 គ្រប់ម៉ូដែល នឹងមានការប្រើប្រាស់នូវបន្ទះឈីប Wi-Fi របស់ខ្លួនទៀតផង។
ការផ្លាស់ប្តូរនេះ ត្រូវបានគេនិយាយថា ក្រុមហ៊ុន Apple អាចនឹងឈប់ប្រើប្រាស់ឈីបរបស់ Broadcom ទៀតហើយ។ បន្ថែមពីនេះ បើតាមរបាយការណ៌របស់ Ming-Chi Kuo បាននិយាយថា ព័ត៌មាននេះ គឺមានប្រភពចេញមកពីសង្វាក់ផលិតកម្មរបស់ Apple នៅតំបន់អាស៊ី។ លោកបានបន្តថា វត្តមាន iPhone 17 Air នឹងមិនត្រឹមតែប្រើប្រាស់នូវឈីប Apple Wi-Fi នោះទេ គឺថែមទាំងប្រើប្រាស់ឈីប Apple C1 ដែលទើបតែមាននៅលើ iPhone 16e ថែមទៀតផង។

សម្រាប់ iPhone 17, iPhone 17 Pro និង iPhone 17 Pro Max គឺនៅតែបន្តប្រើប្រាស់ម៉ូឌឹម Qualcomm ជាមួយនិងឈិប Wi-Fi របស់ Apple។ ការងាកមកប្រើប្រាស់នូវបន្ទះឈីបផ្ទាល់ខ្លួននេះ គឺបង្ហាញថា ក្រុមហ៊ុន Apple អាចនឹងចំណេញប្រាក់ច្រើន ហើយ ថែមទាំងអាចធ្វើការអភិវឌ្ឍតាមដែលខ្លួនចង់បាន ពីព្រោះថា កន្លងមក ក្រុមហ៊ុន Apple បានចំណាយច្រើនមែនទែនទៅលើ ឈីប ដែលផ្គត់ផ្គង់ដោយ Qualcomm និង Broadcom។ លោក Kuo បន្ថែមថា នេះមិនគ្រាន់តែជាសន្សំសំចៃប្រាក់ទេ Apple នឹងបានរបស់ប្រើខ្លួនឯង នឹងមានសមត្ថភាពខ្ពស់សម្រាប់ភ្ជាប់គ្នាជាមួយផលិតផល Apple ទាំងអស់។
