ស្វែងរកពួកយើង:

របាយការណ៍ថ្មីនិយាយថា SONY នឹងបញ្ឈប់ការផលិត និងប្រកាសចេញស្មាតហ្វូនម៉ូដែល Xperia 5 Series

ដោយ

Koun Jab Luffy

19 មីនា 2024 08:38 ព្រឹក

អាន 2 នាទី

Article image
ដូចដែលយើងបានដឹងរួចមកហើយថា ក្រុមហ៊ុន SONY បានធ្វើការផ្តោតជាសំខាន់ទៅលើស្រឡាយស្មាតហ្វូន Xperia 1, 10 និង 5 Series ចាប់តាំងពីឆ្នាំ 2019 ហើយមានការប្រកាសចេញនូវជំនាន់ថ្មីៗពីមួយជំនាន់ទៅមួយជំនាន់ជារៀងរាល់មួយឆ្នាំម្តង។ បច្ចុប្បន្ននេះ SONY ត្រូវបានគេដឹងថា បាននឹងកំពុងធ្វើការលើសង្វាក់ផលិតស្មាតហ្វូនជំនាន់ថ្មី គឺ Xperia 1 VI និង Xperia 10 VI ដែលការប្រកាសចេញត្រូវបានគេរំពឹងថា នឹងធ្វើឡើងនៅក្នុងខែឧសភាខាងមុខនេះ។
ហើយបើតាមការបញ្ជាក់ពីប្រភពព័ត៌មានថ្មីៗនេះ បានលើកឡើងដូច្នេះថា SONY នឹងបញ្ឈប់ការផលិត និងប្រកាសចេញស្មាតហ្វូនម៉ូដែល Xperia 5 VI ដែលមានន័យថា SONY នឹងផ្តោតយកចិត្តទុកដាក់តែទៅលើការស្មាតហ្វូនពីរម៉ូដែលតែប៉ុណ្ណោះក្នុងមួយឆ្នាំ។ ជាធម្មតា SONY គឺមានការប្រកាសចេញ Xperia 5 Series នៅក្នុងខែកញ្ញា ជារៀងរាល់ឆ្នាំ បន្ទាប់ពីការប្រកាសចេញស្មាតហ្វូនថ្មីចំនួនពីរម៉ូដែលរួចមក។
បើតាមការបញ្ជាក់ដោយគណនី Weibo ដែលមានឈ្មោះថា Zackbuks បានបង្ហោះសារដូច្នេះថា “Xperia 5 R.I.M 2024” ដែលមានន័យថា “ចូលរួមសោកស្តាយសម្រាប់ Xperia 5 ក្នុងឆ្នាំ 2024” ប៉ុន្តែ គណនីនេះ មិនបានបញ្ជាក់ពីម៉ូលហេតុនៅពីក្រោយនៃការបញ្ឈប់ការផលិត Xperia 5 Series នោះទេ។ សម្រាប់ជំនាន់ Xperia 5 V បានបង្ហាញវត្តមាននៅទីផ្សារអឺរ៉ុបក្នុងខែកញ្ញា ឆ្នាំមុន។ ប៉ុន្តែ ជំនាន់មួយនេះមិនមានវត្តមាននៅទីផ្សារសហរដ្ឋអាមេរិកនោះទេ។
SONY បាននិយាយថា ខ្លួននឹងមិននាំយក Xperia 5 V ចូលទៅក្នុងទីផ្សារអាមេរិកខាងជើងនៅឆ្នាំនេះទេ។ ដោយក្រុមហ៊ុនចង់ផ្តោតសំខាន់តែលើទូរស័ព្ទ Xperia 1 V តែមួយប៉ុណ្ណោះ”។ ហើយនេះ ក៏ជាសញ្ញាបង្ហាញថា SONY ពិតជានឹងកំពុងធ្វើការសម្រេចចិត្តក្នុងបញ្ឈប់ការប្រកាសចេញជាស៊េរី Xperia 5 របស់ខ្លួនចាប់ពីឆ្នាំ 2024 នេះហើយមើលទៅ។
Article image
បើនិយាយពី Sony Xperia 1 Series ត្រូវបានគេរំពឹងថា ក្រុមហ៊ុននឹងធ្វើការផ្លាស់ប្តូរទម្រង់នៃការឌីស្សាញថ្មីចាប់ពីជំនាន់ថ្មី Xperia 1 VI ដែលត្រៀមខ្លួនបង្ហាញវត្តមាននៅពេលឆាប់ៗខាងមុខនេះ។ ដោយជំនាន់ថ្មីដែលជាអ្នកស្នងដំណែងពី Xperia 1 V នឹងផ្លាស់ប្តូរបច្ចេកវិទ្យាអេក្រង់ទំហំ 6.5-inch កម្រិត 4K ខ្នាតកុន 21:9 aspect ratio មកប្រើបច្ចេកវិទ្យាអេក្រង់ខ្នាត 19.5:9 aspect ratio កម្រិត 2K វិញផ្តង ជាមួយនឹងការបង្កើនសមត្ថភាពប្រព័ន្ធកាមេរ៉ាកាន់តែខ្លាំងទំនើបល្អកាមេរ៉ា Professional តែម្តង ដើម្បីទាញការចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ថ្មីៗមកលើស្មាតហ្វូនរបស់ខ្លួនឡើងវិញុ ក៏ដូចជាការកាត់បន្ថយតម្លៃ ដើម្បីប្រគូតប្រជែងទីផ្សារ៕