
គិតមកដល់ពេលនេះ គឺមានរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះចាប់តាំងពីក្រុមហ៊ុន Huawei បង្ហាញនូវបន្ទះឈីប Kirin 9000 SoC ដែលមាន 2 Versions (Kirin 9000 និង Kirin 9000E) ដែលពេលនេះ គឺត្រូវបានក្រុមហ៊ុនដាក់អោយប្រើប្រាស់នៅលើស្មាតហ្វូន Huawei Mate 40 series។ នៅពេលនេះមានប្រភពជាច្រើនបានទម្លាយថា បន្ទះឈីប Flagship SoC ជំនាន់ក្រោយរបស់ក្រុមហ៊ុននេះ នឹងមានឈ្មោះហៅថា Kirin 9010 ដែលនឹងធ្វើការផលិតជាមួយនឹងបច្ចេកវិទ្យាថ្មីកម្រិត 3nm ផងដែរ។
ប្រសិនបើអ្វីគ្រប់យ៉ាងដំណើរការរលូនទៅតាមគម្រោងនៅពេលដែលផ្លាស់ប្តូរទៅកាន់ 3NM នោះ ក្រុមហ៊ុន Huawei គឺនឹងអាចទទួលបាននូវជោគជ័យខ្លាំងជាក់ជាមិនខាន ហើយបន្ទះឈីបនេះ ក៏អាចនឹងបង្ហាញវត្តមាននៅលើស្មាតហ្វូន Huawei Mate 50 នៅក្នុងឆ្នាំនេះផងដែរ។ គួរបញ្ជាក់នៅមុនពេលនៃការបង្ហាញនូវបន្ទះឈីប 5nm Kirin 9000 SoC នេះ មានរបាយការណ៍ជាច្រើនដែលនិយាយថា Mate 40 អាចជាស្មាតហ្វូន Flagship ចុងក្រោយបង្អស់ដែលប្រើប្រាស់នូវបន្ទះឈីប Kirin SoC ប៉ុន្តែប្រភពជាច្រើន បានជឿជាក់ថា នេះមិនមែនជាលើកចុងក្រោយនោះទេ។ ស្មាតហ្វូន Huawei P50 នេះ ក៏នឹងប្រើប្រាស់នូវបន្ទះឈីប Kirin 9000 SoC នេះផងដែរ។

ប្រសិនបើក្រុមហ៊ុន Huawei ទទួលបានជោគជ័យនោះ ក្រុមហ៊ុន Qualcomm និង Samsung អាចនឹងផ្លាស់ប្តូរទៅកាន់ដំណើរការនៃបច្ចេកវិទ្យា 3nm មុនពេលដាច់ឆ្នាំនេះដែរ។ ក្រុមហ៊ុន Apple អាចនឹងប្រកាសចេញនូវបន្ទះឈីប 3nm SoC ដែលនឹងធ្វើការផលិតដោយក្រុមហ៊ុន TSMC ប៉ុន្តែវាអាចនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2022 ខាងមុខ។ នៅក្នុងការព្យាករណ៍ដោយក្រុមហ៊ុន TrendForce បាននិយាយថា ក្រុមហ៊ុន Honor នឹងមិនមានការពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Huawei នោះទេ ហើយក្រុមហ៊ុននេះ នឹងកាន់កាន់នូវចំណែកទីផ្សារ 2% នៃទីផ្សារពិភពលោកនៅឆ្នាំក្រោយនេះ។ ការលក់ស្មាតហ្វូន Honor នឹងអាចប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Huawei ថែមទៀតផង៕
