
កាលពីប៉ុន្មានថ្ងៃមុននេះ មានការទម្លាយថា ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូន Galaxy S25 series នៅថ្ងៃទី 22 ខែមករាខាងមុខនេះ។ ដូច្នេះគិតត្រឹមថ្ងៃនេះ យើងនៅសល់ពេលតិចជាង 1 ខែទៀតប៉ុណ្ណោះ ដល់ពេលព្រឹត្តិការណ៍សម្ពោធនេះហើយ។ យោងតាមរបាយការណ៍ថ្មីមួយនៅថ្ងៃនេះ បានចេញមកបញ្ជាក់ជាថ្មីថា ស្មាតហ្វូនទាំងអស់នៃត្រកូល Galaxy S25 series នេះ គឺនឹងប្រើប្រាស់នូវបន្ទះឈីបថ្មីរបស់ Snapdragon ផ្តាច់មុខតែម្តង។ ព័ត៌មានថ្មីនេះ គឺពិតជាធ្វើអោយអ្នកគាំទ្រស្មាតហ្វូន Galaxy មានការរំភើបចិត្តជាខ្លាំង។
តាមរបាយការណ៍មួយដែលចេញផ្សាយដោយសារព័ត៌មាន ETNews បានអោយដឹងថា ស្មាតហ្វូនទាំងអស់ ដែលស្ថិតនៅក្នុងត្រកូលស្មាតហ្វូន Galaxy S25 ដែលមាន Galaxy S25, Galaxy S25+ និង Galaxy S25 Ultra គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Elite របស់ក្រុមហ៊ុន Qualcomm។ ការលើកឡើងនេះ ត្រូវបានអ្នកតាមដានជាច្រើន បញ្ជាក់ថា គឺពិតជាអាចទៅរួចដូចអ្វីដែលរបាយការណ៍នេះបានផ្សាយ ពីព្រោះថា ស្មាតហ្វូននៃត្រកូល Galaxy S នៅក្នុងប៉ុន្មានឆ្នាំនេះ គឺសុទ្ធតែប្រើប្រាស់នូវបន្ទះឈីប Snapdragon ទាំងអស់។

គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ មានពាក្យចចាមអារ៉ាមបាននិយាយថា ស្មាតហ្វូន Galaxy S25 Ultra នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon ខណៈពេលដែលស្មាតហ្វូន Galaxy S25 និង Galaxy S25+ នឹងបំពាក់នូវបន្ទះឈីប Exynos 2500។ ហើយក៏មានរបាយការណ៍ខ្លះ បានអះអាងថា ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon តែមួយផងដែរ។ សូមជំរាបថា សម្រាប់បន្ទះឈីប Snapdragon 8 Elite បានបង្ហាញចេញកាលខែតុលា ឆ្នាំ 2024 កន្លងៅនេះ។
ឈីបនេះដំណើរការដោយបច្ចេកវិទ្យា 3nm ដែលផលិតដោយក្រុមហ៊ុន TSMC និងបំពាក់នូវ Oryon CPU cores របស់ក្រុមហ៊ុន Qualcomm ដែលលឿនដូចទៅនឹងបន្ទះឈីប A18 Pro របស់ក្រុមហ៊ុន Appleដែលប្រើប្រាស់នៅលើស្មាតហ្វូន iPhone 16 Pro series ផងដែរ។ សម្រាប់ Adreno GPU របស់បន្ទះឈីប Snapdragon 8 Elite នេះក៏អាចដំណើរការសម្រាប់ការលេងហ្គេមធំៗជាច្រើននៅក្នុងកម្រិត 60fps ជាមួយនឹង graphics settings ខ្ពស់បានថែមទៀតផង៕

របាយការណ៍ដដែលនេះ បានអះអាងថា ស្មាតហ្វូន Galaxy S25 Ultra ក៏នឹងមានជ្រុងកោងទាំង 4 ផងដែរ។ និយាយពីអេក្រង់ស្មាតហ្វូន Galaxy S25 វិគឺមានទំហំ 6.16-អ៊ីង ខណៈពេលដែលស្មាតហ្វូន Galaxy S25+ គឺមានអេក្រង់ទំហំ 6.66-អ៊ីង ហើយស្មាតហ្វូន Galaxy S25 Ultra នេះ មានអេក្រង់ទំហំ 6.86-អ៊ីង។ ស្មាតហ្វូន Galaxy S25 និង Galaxy S25+ មានកាមេរ៉ាខាងក្រោយទំហំ 50MP, 12MP Ultrawide និង 10MP Telephoto។ ចំពោះស្មាតហ្វូន Galaxy S25 Ultra មានកាមេរ៉ាខាងក្រោយទំហំ 200MP, 50MP Ultrawide, 10MP Telephoto (3x optical zoom) និង 50MP telephoto(5x optical zoom)។ ស្មាតហ្វូនទាំង 3 នេះនឹងមានកាមេរ៉ាខាងមុខទំហំ 12MP selfie។
បន្ថែមពីនេះ ETNews ក៏បានរាយការណ៍ថា ស្មាតហ្វូន Galaxy S25 នឹងមានថាមពលថ្មទំហំ 4,000mAh ជាមួយនឹង 25W fast charging ខណៈដែលស្មាតហ្វូន Galaxy S25+ និង Galaxy S25 Ultra នឹងមានថាមពលថ្មទំហំ 4,900mAh និង 5,000mAh ហើយនិងមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging៕
