
គិតមកដល់ពេលនេះ ក្រុមហ៊ុន Nokia នៅមិនទាន់មានចំណែកទីផ្សាររបស់ខ្លួននៅមុនឆ្នាំ 2009 នោះទេ ដែលពេលនោះ គឺជាពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា HTC របស់តៃវ៉ាន់ បានដណ្តើមបានចំណាត់ថ្នាក់កំពូលនៅលើទីផ្សារ ហើយបន្ទាប់មកក៏ផ្ទេរទៅកាន់ក្រុមហ៊ុន Samsung វិញម្តង។
នៅពេលនេះ ក្រុមហ៊ុន HMD Global ក៏បាននាំយកនូវស្មាតហ្វូន Nokia ត្រឡប់មកកាន់ទីផ្សារវិញ។ នៅក្នុងពេលនេះក្រុមហ៊ុន Nokia ក៏នៅតែមិនទាន់អាចស្ថិតនៅក្នុងចំណាត់ថ្នាក់កំពូលនៃទីផ្សារស្មាតហ្វូនបានដែរ។ ប៉ុន្តែរបាយការណ៍ចុងក្រោយបំផុតនេះក៏មានការបង្ហាញអំពីការរីកចម្រើនរបស់ក្រុមហ៊ុន HMD Global នេះផងដែរ។

នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុចុងក្រោយបំផុតនេះ បានបង្ហាញថា ការលក់របស់ក្រុមហ៊ុន HMD Global គឺមានការធា្លក់ចុះប្រមាណជា 30% ពី 1.7 ពាន់លានអ៊ឺរ៉ូនៅក្នុងឆ្នាំ 2019 ទៅកាន់ 1.2 ពាន់លានអ៊ឺរ៉ូនៅក្នុងឆ្នាំ 2020 នេះ។ នៅដើមឆ្នាំ 2018 នេះ ការលក់របស់ក្រុមហ៊ុននេះគឺមានចំនួន 2.4 ពាន់លានអ៊ឺរ៉ូ។ ប៉ុន្តែការលក់នេះក៏ធ្លាក់នៅពាក់កណ្តាលវិញនៅក្នុងពេលនេះ។ បន្ទាប់ពីក្រុមហ៊ុន HMD Global បានអនុម័តទៅលើការកាត់បន្ថយជាច្រើនដែលនាំអោយខាតបង់នោះ ប្រតិបត្តិការរបស់ក្រុមហ៊ុននេះនៅក្នុងឆ្នាំ 2020 គឺមានការខាតបង់ទឹកប្រាក់ចំនួន 47 លានអ៊ឺរ៉ូ បើធៀបទៅនឹងឆ្នាំ 2019 គឺ 295 លានអ៊ឺរ៉ូ និងឆ្នាំ 2018 ជាមួយនឹងទឹកប្រាក់ 188 លានអ៊ឺរ៉ូ។

នៅក្នុងរបាយការណ៍ជាច្រើនបានបញ្ជាក់ថា នាយកប្រតិបត្តិរបស់ក្រុមហ៊ុន HMD Global អះអាងថា ក្រុមហ៊ុន Nokia បានចាប់ផ្តើមមានប្រាក់ចំណូលវិញចាប់តាំងពីខែមិថុនាឆ្នាំមុននេះមកម្លេះ។ ប៉ុន្តែប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ គឺបានខ្ពស់ដោយសារតែទូរស័ព្ទប្រភេទ 4G Feature Phone ប៉ុណ្នោះ។ ដូចអ្វីដែលអ្នកបានដឹងហើយនោះ ក្រុមហ៊ុន Nokia គឺជាក្រុមហ៊ុនមួយដែលនៅតែបន្តក្នុងការលក់នូវទូរស័ព្ទប្រភេទ Feature Phone នៅក្នុងទីផ្សាររបស់ប្រទេសឥណ្ឌា។

តាមការបញ្ជាក់នៅក្នុងទិន្នន័យចេញពី Counterpoint Research ក៏បានបង្ហាញដែរថា ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia គឺមានចំនួន 1.7 លានគ្រឿងពីខែមករាទៅដើមខែមីនាឆ្នាំ 2020 នេះ។ ចាប់តាំងពីចុងខែតុលាទៅដល់ខែធ្នូនេះ ការនាំចេញស្មាតហ្វូនរបស់ក្រុមហ៊ុន Nokia គឹមានចំនួនប្រហែលជា 2.8 លានគ្រឿងដែលមានការកើនឡើងជាងមុន 35% បើធៀបទៅនឹងត្រីមាសមុននេះ។ ក្រុមហ៊ុន HMD Global បាននិយាយថា នៅក្នុងឆ្នាំ 2020 នេះ ក្រុមហ៊ុន Nokia នាំចេញស្មាតហ្វូនបានច្រើនជាង 55 លានគ្រឿង៕
