កំពូលឃាតករស្មាតហ្វូនរបស់ក្រុមហ៊ុន OnePlus ជំនាន់ថ្មីនឹងត្រូវដាក់បង្ហាញចេញនៅពេលដ៏ខ្លីខាងមុខនេះ ហើយឆ្នាំនេះក្រុមហ៊ុន OnePlus ត្រូវបានគេដឹងថានឹងធ្វើការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនដល់ទៅពីរម៉ូដែលគឺ OnePlus 7 និង OnePlus 7 Pro។ ទន្ទឹមនឹងការខិតជិតមកដល់ថ្ងៃនៃការបង្ហាញខ្លួននៃកំពូលស្មាតហ្វូនជំនាន់ថ្មីទាំងពីរនេះគឺយើងតែងតែទទួលបាននូវព័ត៌មានចចាមអារ៉ាមជាច្រើនបានធ្វើការចុះផ្សាយពីអ្វីដែលនឹងមានបំពាក់នៅលើស្មាតហ្វូនបងប្អូន OnePlus ទាំងពីរនេះ។

បើទោះបីជាកំពូលស្មាតហ្វូន OnePlus ជំនាន់ថ្មីមិនទាន់ត្រូវបានក្រុមហ៊ុនធ្វើការប្រកាសចេញជាផ្លូវការណ៍ក្តី ប៉ុន្តែ OnePlus គឺបានធ្វើការសហការជាមួយទស្សនាវដ្តីដ៏ល្បីល្បាញចំនួនពីររបស់ប្រទេសឥណ្ឌាដើម្បីធ្វើការផ្សព្វផ្សាយពីកំពូលស្មាតហ្វូន OnePlus 7 Pro របស់ខ្លួនគឺទស្សនាវដ្តី Harper's Bazaar India និង GQ India ដោយប្រើកាមេរ៉ា OnePlus 7 Pro ក្នុងការថតរូបគ្របខាងមុខ (Cover) របស់ទស្សនាវដ្តីទាំងពីរនេះ។ ដោយគម្រងរូបភាពសម្រាប់គម្រប (Cover) នៃទស្សនាវដ្តីទាំងពីរដែលថតចុងក្រោយបំផុតគឺត្រូវបានថតដោយប្រើប្រាស់កាមេរ៉ារបស់ OnePlus 7 Pro ផ្ទាល់តែម្តង។

រូបគម្របទស្សនាវដ្តី GQ គឺជាតារាសម្តែង Bollywood ដ៏ល្បីឈ្មោះគឺលោក Rajkummar Rao រីឯគម្របទស្សនាវដ្តី Harper’s Bazaar វិញគឺជាតារាសម្តែង និងជាសកម្មជនដ៏ល្បីល្បាញរបស់ឥណ្ឌាគឺកញ្ញា Jameela Jamil។ ក្រុមហ៊ុនទស្សនាវដ្តីទាំងពីរនេះបានបញ្ជាក់ថារូបភាពសម្រាប់ផលិតជាគ្របខាងមុខរបស់ទស្សនាវដ្តីរបស់ពួកគេគឺថតដោយកាមេរ៉ា OnePlus 7 Pro ពិតៗនិងមិនបានធ្វើការកែប្រែបន្ថែម ឬក៏ប្រើប្រាស់បច្ចេកវិទ្យាឌីជីថលជំនួយនោះទេ។ មើលទៅលើរូបភាពទាំងនេះគឺវាពិតជាថតបានស្អាតខ្លាំងណាស់មិនចាញ់ការថតដោយប្រើប្រាស់ម៉ាស៊ីនកាមេរ៉ាអាជីពប៉ុន្មានឡើយ ប៉ុន្តែគេមិនច្បាស់ថាការថតរូបបានស្អាតដូច្នេះតើពួកគេថតដោយធ្វើការកំនត់លើមុខងារ Custom setting ឬក៏ auto mode នៃកាមេរ៉ារបស់វានោះទេ។

ក្រុមហ៊ុន OnePlus បានធ្វើការសាកល្បងពីសមត្ថភាពប្រព័ន្ធកាមេរ៉ាទាំងបីគ្រាប់របស់ OnePlus 7 Pro រួចរាល់ហើយ ហើយបើតាមប្រភពជិតស្និតនឹងក្រុមហ៊ុនបានបង្ហើបអោយដឹងថាកាមេរ៉ាទាំងបីគ្រាប់របស់វានឹងប្រើប្រាស់សែនទំហំ 48MP សម្រាប់លែនកាមេរ៉ាគោល, 8.0MP សម្រាប់លែនកាមេរ៉ា Telephoto និង 16MP សម្រាប់លែនកាមេរ៉ា Ultra-Wide។ គួរជម្រាបអោយដឹងផងដែរថា នេះមិនមែនជាលើកទីមួយនោះទេដែល OnePlus បានសហការជាមួយក្រុមហ៊ុនទស្សនាវដ្តីក្នុងការបោះពុម្ភគ្របទស្សនាវដ្តីដើម្បីធ្វើការផ្សព្វផ្សាយពីស្មាតហ្វូនរបស់ខ្លួន ដោយកំឡុងខែឧសភាឆ្នាំកន្លងទៅក្រុមហ៊ុននេះបានសហការជាមួយទស្សនាវដ្តី Vogue India ក្នុងការផលិតរូបគ្រប (Cover) ទស្សនាវដ្តីសម្រាប់លេខដែលចេញប្រចាំខែឧសភាឆ្នាំ 2018 ដែលថតដោយកាមេរ៉ាកំពូលស្មាតហ្វូន OnePlus 6 ផងដែរ៕
