
យោងតាមព័ត៌មានថ្មីៗជាច្រើនមុននេះ គឺបានទម្លាយចេញនូវលក្ខណៈសម្បត្តិថ្មីៗរបស់ OPPO Find X9 Series នៅក្នុងនោះក៏មានការបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ នឹងមានការពង្រឹងទៅលើកាមេរ៉ាខ្លាំងថែនទៀតផង។ ជាមួយគ្នានេះ ក្រុមហ៊ុននេះក៏នៅតែបន្តធ្វើការចាប់ដៃគ្នាជាមួយនិងក្រុមហ៊ុន Hasselblad ធ្វើការនៅលើបច្ចេកវិទ្យាផលិតរូបភាពថ្មី ដែលមានឈ្មោះថា Lumo Super Pixel Engine ផងដែរ។
យោងតាមការបង្ហោះនៅលើបណ្តាញសង្គមពីលោក Liu Zuohu ដែលជាបុគ្គលិករបស់ OPPO នៅថ្ងៃនេះ បានបង្ហាញនូវរូបភាពដែលថតដោយកាមេរ៉ា 200MP Periscope នៅលើ Find X9 Pro ហើយ ប៉ុន្តែដោយសារតែនៅបណ្តាញ Weibo មិនអាចបង្ហោះរូបភាពពេញលេញនៃទំហំ 200MP បាន លោក Liu បានធ្វើការ Crop រូបភាពនេះ ដើម្បីបញ្ជាក់ពីគុណភាពតែម្តង។ តាមការបញ្ជាក់ពីលោក Liu បានអោយដឹងថា រូបភាពខាងលើនេះ គឺពិតជាច្បាស់ និងមានពណ៌ស៊ីជម្រៅ ហើយនិងមានការបង្ហាញនូវកម្រិតច្បាស់នៃរូបភាពដែលផលិតដោយស្មាតហ្វូន Flagship ថែមទៀតផង។

សូមជំរាបថា កន្លងមក មានការទម្លាយជាច្រើនរួចមកហើយថា Find X9 Pro នឹងមានកាមេរ៉ាគោលទំហំ 50MP គាំទ្រដោយសិនស័រ (LYT-828) និងកាមេរ៉ា 200MP telephoto (HP5) ហើយនិងមួយគ្រាប់ទៀតមានទំហំ 50MP ultra-wide (JN5) ។ លោក Liu បានបន្ថែមថា កាមេរ៉ាគោលនេះ នឹងក្លាយជាកាមេរ៉ាដំបូងគេដែលគាំទ្រដោយ “dynamic triple exposure”។ បន្ថែមពីនេះ កាមេរ៉ាក្រោយទាំង 3 គ្រាប់នេះ ក៏នឹងមានការកែសម្រួលអោយស៊ីគ្នាសម្រាប់ការផលិតរូបភាព និងវីដេអូ ក៏ដូចជា Live Photos បានយ៉ាងល្អផងដែរ។

ជាមួយការបន្តចាប់ដៃជាមួយ Hasselblad នេះ ក្រុមហ៊ុន OPPO មិនត្រឹមតែមានការអាប់ដែតទៅលើ Master Mode ប៉ុន្តែថែមទាំងមានការបង្កើននូវ XPAN Mode ជាមួយ Ultra Light រួមនិង Shadow ទៀតផង។ នៅក្នុងនោះ ក្រុមហ៊ុននេះថែមទាំងមានការបង្កើតនូវឧបករណ៌ជំនួយកាមេរ៉ាសម្រាប់ប្រើប្រាស់នៅលើ Find X9 Pro ផងដែរ។

OPPO Find X9 Pro នឹងមានថ្មទំហំ 7,500mAh កម្រ៉ាស់ 8.25mm ហើយអាចនឹងមានអេក្រង់រាបស្មើរទំហំ 6.78 អ៊ីង កម្រិត 1.5K OLED display ល្បឿន 120Hz ហើយនិងដំណើរការនៅលើបន្ទះឈីប Dimensity 9500។ មកដល់ពេលនេះ មិនទាន់ច្បាស់ទេ Find X9 series នឹងសម្ពោធជាផ្លូវការណ៌នៅថ្ងៃណានោះទេ ប៉ុន្តែមានការរំពឹងថា នឹងមានការប្រកាសចេញនៅខែក្រោយ។
