
គិតមកដល់ពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបញ្ជាក់ថា ក្រុមហ៊ុន Apple កំពុងតែធ្វើការនៅលើស្មាតហ្វូន iPhone ថ្មីមួយទៀត ដែលមានការឌីស្សាញរូបរាងស្តើងស្លីមជាងម៉ូដែលៗនេះ មានឈ្មោះហៅថា iPhone 17 Air។ ថ្មីៗនេះ ជឿជាក់ថា គ្រប់គ្នា ប្រាកដជាបានឃើញរូបភាព render របស់ស្មាតហ្វូននេះរួចហើយផងដែរ។ នៅពេលនេះ iPhone 17 Air ដែលជាសមាជិកថ្មី របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple នេះ បានបែកធ្លាយនៅក្នុងវីដេអូមួយចេញពី Front Page Tech ដែលបង្ហាញរូបរាងគ្រប់ជ្រុងរបស់ស្មាតហ្វូននេះតែម្តង។
ស្មាតហ្វូនថ្មីនេះ ត្រូវបានគេរាយការណ៌ថា នឹងមានកម្រាស់ស្តើងត្រឹមតែ 6mm ប៉ុណ្ណោះ។ ចំពោះការផ្លាស់ប្តូរដ៏ធំបំផុតរបស់ស្មាតហ្វូនថ្មីនេះ គឺទៅលើម៉ូឌុលកាមេរ៉ា។ បើមើលទៅលើការឌីស្សាញកាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូនថ្មីនេះ គឺទម្រង់ Pill Shape ដូចគ្នាទៅនឹងស្មាតហ្វូន Google Pixel អញ្ចឹង។ មុននេះ មានរបាយការណ៍ជាច្រើន បាននិយាយថា ស្មាតហ្វូនថ្មីនេះនឹងមានកាមេរ៉ាខាងក្រោយ 1 គ្រាប់ ដែលមានទំហំ 48MP ជាមួយនឹងភ្លើង LED Flash។ ក្រុមហ៊ុន Apple អាចនឹងនាំយកនូវការប្រើប្រាស់នូវ Dynamic Island សម្រាប់ផ្នែកខាងមុខ និងការប្រើប្រាស់នូវបន្ទះឈីប A19 ផងដែរ។

ជាមួយគ្នានេះ ក៏មានការព្យាករណ៌ថា ស្មាតហ្វូន iPhone 17 Air ហើយនិង Galaxy S25 Slim ដែលជាគូរប្រជែងនោះ គឺអាចនឹងបង្ហាញខ្លួនជាមួយនឹងថាមពលថ្មតូចបំផុតនៅក្នុងចំណោមស្មាតហ្វូនឆ្នាំ 2025 នេះ។ និយាយពីលក្ខណៈសម្បត្តិទូទៅរបស់ស្មាតហ្វូន Air នេះ អាចនឹងមានអេក្រង់ល្បឿន 120Hz ProMotion display, Apple 5G Modem បន្ទះឈីប A19 , Wi-Fi 7 និងកញ្ចក់អេក្រង់កាន់តែរឹងមាំជាងមុនថែមទៀតផង។ ស្មាតហ្វូននេះ អាចនឹងមានតម្លៃប្រហែលជា 1 ពាន់ដុល្លារ ហើយអាចនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា និងតុលាឆ្នាំ 2025 នេះ៕
